គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅប្រទេសថៃរយៈពេលជាងមួយទស្សវត្សរ៍មកនោះ អាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ ការខូតខាតអាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនេះជាច្រើនខែតទៅមុខទៀត។
អនុប្រធាននាយកដ្ឋាន ត្រៀមបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃបានប្រាប់ REUTER កាលពីសប្តាហ៍មុនថា គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលកើតឡើងដំបូងនៅចុងឆ្នាំ២០១៤នេះ មិនដែលកើតឡើងនៅក្នុងខេត្តទាំង៦៧ របស់ថៃពីមុនមកនោះទេ។ ដោយមានប្រជាជនថៃជាង៤០% ប្រកបរបរកសិកម្ម គ្រោះរាំងស្ងួតក៏ក្លាយជាកត្តាជុំរុញឲ្យមានវិបត្តិសេដ្ឋកិច្ចទ្វេដងសម្រាប់ប្រទេសអាស៊ានមួយនេះ ពីព្រោះវាបង្កឲ្យសង្វាក់ផលិតកម្មដើរយឺត ហើយការនាំចេញថយចុះ និងធ្វើឲ្យបំណុលបរទេសកើនឡើង។

បើតាមសមាគមនាំអង្ករចេញរបស់ថៃបានឲ្យដឹងថា ថៃជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលនាំអង្ករចេញច្រើនជាងគេបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែភាពរាំងស្ងួតលើកនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដីកសិកម្មចំនួន ៨០% ដែលអាចធ្វើឲ្យផលិតផលស្រូវធ្លាក់ចុះពី១៥% ទៅ ២០%។
លោក សានទីតាន (Santitarn Sathirathai) អ្នកវិភាគរបស់ក្រុមហ៊ុនហិរញវត្ថុដ៏ធំ ឈ្មោះ Credit Suisse បាននិយាយថា «ផលិតផលស្រូវធ្លាក់ចុះមិនត្រឹមតែនៅក្នុងរដូវមិនដាំដុះនោះទេ ប៉ុន្តែសូម្បីតែរដូវធ្វើស្រែ ក៏ទំនងជាត្រូវពន្យាពីខែមិថុនានិងកក្កដា ទៅខែសីហាវិញដែរ។
ទាក់ទិននឹងបញ្ហានេះដែរ លោក ជុន ទ្រីនិដាដ (Jun Trinidad) សេដ្ឋវិទូម្នាក់មកពីធនាគារ Citibank កត់សម្គាល់ឃើញថា ផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ធ្វើឲ្យទិន្នផលស្រូវធ្លាក់ចុះ៣០% ក្នុងចន្លោះខែមករា ដល់ ខែឧសភា។ មូលហេតុនេះ បណ្តាលឲ្យមានផលប៉ះពាល់ដល់ទីផ្សារការងារយ៉ាងខ្លាំង ពីព្រោះថាមានប្រជាជនចំនួន៧០០,០០០នាក់ ធ្វើការនៅលើដីស្រែចំការ។ អាកាសធាតុមិនអំណោយផលនេះ ក៏មិនត្រឹមតែបានធ្វើឲ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលរបស់កសិករប៉ុណ្ណោះទេ តែក៏ធ្វើឲ្យមានផលប៉ះពាល់ដល់ការចំណាយលើវិស័យកសិកម្មផងដែរ គឺថាអ្នកទិញផលស្រូវត្រូវចំណាយប្រាក់ច្រើនជាងមុន។
លោក សានទីតាន បានមានប្រសាសន៍ទៀតថា «អ្នកជនបទ ទទួលរងនូវឥទ្ធិពលខ្លាំងពីគ្រោះរាំងស្ងួតនេះ ពីព្រោះការចំនាយរបស់ពួកគេកើនខ្ពស់ ហើយបំណុលមានការកើនឡើង»។ លោកបានបន្តថា៖ «ទោះបីជារដ្ឋាភិបាលបានបង្កើនការផ្តល់កម្ចីដែលមានការប្រាក់តិចរហូតដល់ $១.៨ ពាន់លានដុល្លារ ដើម្បីជួយដល់កសិករក៏ដោយ ក៏យើងគិតថាវាមិនអាចជួយស្រោចស្រង់ការខូចខាតដ៏ច្រើននេះបានឡើយ…»។
ចំណែក ក្រុមហ៊ុន Credit Suisse បានឲ្យដឹងថា ដើម្បីដោះស្រាយនូវបញ្ហានេះ ធនាគារជាតិនៃប្រទេសថៃបានកាត់បន្ថយអត្រាការប្រាក់ពី ១.៥% មកត្រឹម១.២៥% នៅចុងឆ្នាំនេះ។ តែបើតាមធនាគា ANZ វិញបានឲ្យដឹងថា ការបន្ធូរបន្ថយ គោលនយោបាយរូបិយវត្ថុតែឯងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការដោះស្រាយនូវវិបត្តិមួយនេះ ហើយ ANZ ជឿថាបន្ថែមលើការបន្ធូរបន្ថយនេះ ធនាគារជាតិក៏អាចជួយស្តារសេដ្ឋកិច្ចជាតិតាមរយៈការធ្វើឲ្យលុយបាតធ្លាក់ថ្លៃផងដែរ។
សេដ្ឋវិទូ លោក Trinidad ក៏មានគំនិតដូចគ្នានឹង ANZ ដែរថា លុយបាតធ្លាក់ថ្លៃអាចជួយបង្កើននូវចំណូលពីការនាំចេញផលិតផលរបស់កសិដ្ឋាន ក៏ដូចជាជួយគាំទ្រផលិតផលរបស់ប្រជាជនតាមទីជនបទ៕
ប្រភព៖ CNBC