ភ្នំពេញ៖ គ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដំណាំស្រូវកសិកររាប់ម៉ឺនហិកតានៅខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តព្រៃវែង ខណៈខេត្តខ្លះទឹកជំនន់លិចដំណាំស្រូវរាប់ម៉ឺនហិកតាទៀត។ ករណីគ្រោះរាំងស្ងួតមន្ត្រីកសិកម្មខេត្តកំពុងដុតដៃដុតជើងស្តារប្រឡាយជួយសង្គ្រោះស្រូវកសិករ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

គ្រោះរាំងស្ងូតបំផ្លាញ់ដំណាំស្រូវកសិករប្រមាណ ៥ ពាន់ហិកតា និងស្រូវរាប់ម៉ឺនហិកតារងផលប៉ះពាល់ដោយសាខ្វះទឹកស្រោចស្រព។ ករណីនេះកើតឡើងនៅក្នុង ខេត្តបាត់ដំបង ខេត្តស្វាយវៀង និងខេត្តព្រៃវែង។ បញ្ហាគ្រោះរាំងស្ងួតនេះមន្ទីរកសិកម្មបានចាប់ផ្តើមស្តារប្រឡាយទឹក ដើម្បីនាំទឹកទៅស្រោចស្រពស្រូវទាំំងនោះ។
លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង មានប្រសាសន៍ថា គ្រោះរាំងស្ងួតប៉ះពាល់ស្រូវចំនួន ២០.១៩៦ ហិកតា ក្នុងស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកសង្កែ។ ក្នុងនោះស្រូវខូចប្រមាណ ២៨០០ ហិកតា។
លោក ឈឹម វិជ្ជរ៉ា៖«យើងប៉ះពាលស្រូវដោយគ្រោះធម្មជាតិវា ២០. ១៩៦ ហិកតា ប៉ុន្តែឥឡូវស្រូវលូតលាស់ឡើងវិញ ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀង ដូចស្រុកកោះក្រឡរស់ឡើងវិញទាំងអស់ ហើយស្រុករុក្ខគិរីយើងគ្រាន់តែខូតខាតប្រហែល២៨០០ហិកតា ដោយរាំងស្ងួត។ខូចខាតដោយសារទឹកជំនន់គាត់ច្រូតវាមិនទាន់នៅស្រុកឯកភ្នំ៤០០០ហិកតាជាង អាហ្នឹងខូចទាំងស្រុងយើងចាត់ទុកថាខូត»។
ទោះបីយ៉ាងណា លោកថា ក្រោយពីមានភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃជាប់គ្នាបានជួយឱ្យស្រូវលូតលាស់ឡើងវិញជាច្រើនពាន់ហិកតា។ ក្រៅគ្រោះរាំងស្ងួត លោក ឈឹម វិជ្ជរ៉ា បញ្ជាក់ថា គ្រោះទឹកជំនន់លិចរលួយស្រូវប្រមាណ ២០០០ ពាន់ហិកតាផងដែរ។
បញ្ហាគ្រោះរាំងស្ងួតលោក ឈឹម វិជ្ជរ៉ា បញ្ជាក់ថា អាជ្ញាធរនឹងនាំទឹកពីប្រឡាយទឹក ១៨ មេសា ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ដើម្បីមកជួយសង្គ្រោះស្រូវកសិករកំពុងខ្វះទឹកស្រោចស្រព។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ឱ្យដឹងថា ស្រូវពង្រោះលើផ្ទៃដី ២០៩០០ ហិកតា រងផលប៉ះពាល់។ក្នុងនោះស្រូវពង្រោះខូចខាតប្រមាណ ១២០០ហិកតា។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា គ្រោះរាំងស្ងួតប៉ះពាល់យ៉ាងតិចស្រុកចំនួន៦ ប៉ុន្តែស្រុករមាសហែកគ្រោះរាំងស្ងួតប៉ះពាល់ស្រូវខ្លាំងជាងគេរហូតដល់ ១៦ ១៦៧ ហិកតា។
លោកប្រធានមន្ទីរ ថាច់ រតនា បន្ថែមថា ក្រោយពីមានភ្លៀកធ្លាក់ចំនួនពីរថ្ងៃបានជួយឱ្យស្រូវកសិករលូតលាស់ឡើងវិញបានប្រមាណ ៦០០០ ហិកតា ប៉ុន្តែបញ្ហាគ្រោះរាំងស្ងួតនៅមិនទាន់ធូរស្រាលនោះទេ។
លោក ថាច់ រតនា៖«គ្រោះរាំងស្ងួតយើងជួបប្រទះតាំងពីពាក់កណ្តាលសប្តាហ៍ទី១ ខែ ៩ រហូតឥឡូវនៅបន្តរាំងស្ងួតនៅស្រុករមាសហែក ក្រៅពីនេះស្រុកដទៃទៀតគឺធូរស្រាលដោយសារភ្លៀងពីរថ្ងៃបានសម្រាលដល់ការខ្វះទឹក»។
ក្រៅពីខេត្តបាត់ដំបង និងស្វាយរៀង ជួបគ្រោះរាំងស្ថួត ខេត្តព្រៃវែងស្រូវពង្រោះកសិករជាង២ម៉ឺនហិកតាកំពុងខ្វះទឹកស្រោចស្រពដោយសារជួបគ្រោះរាំងស្ងួតដែលប់ះពាល់ស្រុកចំនួន៧គឺស្រុកបាភ្នំ ស្រុកកំចាយ មារ ស្រុកកំពង់ត្របែក ស្រុកកញ្ជ្រៀច ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកស្វាយអន្ទរ។ នេះបើតាមលោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង។ លោកថា ខេត្តព្រៃវែងក៏ជាប់គ្រោះទឹកជំនន់លិចស្រូវពង្រោះប្រហែល២ម៉ឺន ៥ពាន់ ហិកតា។
លោក សំ សារុន៖«ប៉ះពាល់ជារួមដោយរាំងស្ងួតវាមានប្រាំពីរស្រុកផ្ទៃដីប៉ះពាល់សរុប២០៦៨២ ហិកតា ហើយដោយឡែកស្រុកមេសាងប៉ះពាល់ធ្ងន់ជាងគេគឺ៦០០៩ ហិកតា។ ជួយសង្គ្រោះស្រូវបានហើយមួយទៀតវាមិនទាន់ខូចទេដោយសារដីនៅសើម ឥឡូវទឹកទន្លេរវាទៅកៀកដែរប្រហែលជាយើងជួយសង្គ្រោះបានពាក់ព័ន្ធរាំងស្ងួត»។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គ្រោះទឹកជំនន់លិចដំណាំស្រូវចំនួន ៤៤.៨៤៦ ហិកតា។ក្នុងនោះស្រូវខូចខាតអស់២១.៣៩១ ហិកតា និងសំណាបរលួយមានចំនួន ១២ ហិកតា។ ទឹកជំនន់ប៉ះពាល់ខេត្ត ក្នុងខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្ដាល តាកែវ និងខេត្ដកំពង់ឆ្នាំ។ យ៉ាងតិចមនុស្ស ៣៦ នាក់ស្លាប់ដោយសារលងទឹកក្នុងនោះភាគច្រើនជា កុមារ៕