នៅភាគពាយព្យនៃប្រទេសចិនបានកើតមានគ្រោះរញ្ជួយដីបាក់អគារ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិចចំនួន ១១៦នាក់ ខណៈប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពចុះត្រជាក់ផងដែរ។
(កញ្ញា សៃ ចន្ធី រាយការណ៍)
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៃប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា នៅភាគពាយ័ព្យនៃប្រទេសចិន កើតមានគ្រោះរញ្ជួយដីដែលបណ្ដាលឱ្យបាក់អគារសង្កត់មនុស្សស្លាប់យ៉ាងតិចចំនួន ១១៦នាក់។ បន្ទាប់ពីគ្រោះរញ្ជួយដីស្ងប់ ក្រុមអ្នកជួយសង្គ្រោះបានរត់ប្រញាប់ប្រញាល់ជីកកកាយតាមគំនរបាក់បែកនៃអគារ ដើម្បីជួយសង្គ្រោះមនុស្សដែលកំពុងស្ថិតក្រោមគំនរបាក់បែក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ មន្ត្រីប៉ូលិសចិនក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០៥នាក់បានស្លាប់ និងមនុស្សជិត ៤០០នាក់បានរងរបួសនៅក្នុងខេត្ត Gansu ភាគពាយ័ព្យនៃប្រទេសចិន។ ចំណែកនៅក្នុងទីក្រុង Haidong នៃខេត្ត Qinghai ប្រទេសចិន មានមនុស្សចំនួន ១១នាក់បានស្លាប់ និងមនុស្សចំនួន ១០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV របស់ចិន។
ជាមួយគ្នានេះ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានបង្ហាញថា គ្រោះរញ្ជួយដីនេះបានធ្វើឱ្យផ្ទះដួលរលំ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរដ្ឋយ៉ាងខ្លាំង។ ក្នុងនោះ ស្ត្រីម្នាក់អាយុប្រហែល ៣០ឆ្នាំ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះទៅក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលភ្ជាប់ជាមួយកាសែតរដ្ឋ People’s Daily ថា អ្នកស្រីភ័យញ័រដៃនិងជើង ស្ទើរតែខ្លាចរហូតដល់ស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះ។
សូមជម្រាបថា ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយប្រធានាធិបតីចិន លោក Xi Jinping និងបានអំពាវនាវដល់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ ត្រូវខិតខំប្រឹងប្រែងនៅក្នុងកិច្ចការងារស្វែងរក និងសង្គ្រោះមនុស្ស បើទោះបីជាប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពចុះត្រជាក់ក៏ដោយ។ លោក Xi Jinping ថា សីតុណ្ហភាពនៅចិនកំពុងចុះត្រជាក់ទាប ដូច្នេះអ្នកជួយសង្គ្រោះទាំងអស់គួរតែប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយបន្ទាប់បន្សំ។
សូមរំលឹកថា តាមការស្ទាបស្ទង់ភូមិសាស្ត្រ United Geological Survey គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារនៅទីក្រុង Gansu ជិតព្រំដែនជាមួយខេត្តQinghai ហើយគ្រោះរញ្ជួយដីដែលមានកម្រិតលើសពី ៥.០រ៉ិចទ័រ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការព្រមានពីក្រុមមន្ត្រីចិន៕
ប្រភព៖ Bangkok Post ចុះថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣