ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែធ្នូនេះ កសិករ រស់នៅក្នុងភូមិ ខិះស្វាយ ស្រុកសៀងប៉ាង ខេត្ដស្ទឹងត្រែង នឹងរួមគ្នាអភិរក្សសត្វត្រយ៉ងយក្ស ដែលជាសត្វស្លាប ជានិមត្ដិរូបមួយនៃប្រទេសកម្ពុជា ព្រមទាំងការពារព្រៃឈើ ដែលជាទីជម្រករបស់វា នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។
ការចូលរួមរបស់កសិករ បន្ទាប់ពីពួកគាត់លក់ស្រូវរបស់ខ្លួនក្នុងតម្លៃមួយខ្ពស់ ឲ្យទៅគម្រោង Ibis Rice ដែលមានគោលដៅបង្កើនប្រាក់ចំណូលជូនសហគមន៍ ព្រមទាំងចូលរួមចំណែកកាត់បន្ថយកង្វះខាតសន្ដិសុខស្បៀងអាហារ។
ជាការតបស្នង ប្រជាសហគមន៍ទាំងអស់នោះ នឹងត្រូវគោរពតាមគោលការណ៍ មានចែងនៅក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមមានរួមរបស់អង្គការ Birdlife គម្រោង IBIS Rice និងអង្គការ WCS ដែលមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាទទួលបាននៅថ្ងៃនេះ។
លោក លៀ ស៊ីណា រាយការណ៍៖

អង្កការជីវិតសត្វស្លាបអន្ដរជាតិ កម្មវិធីប្រចាំកម្ពុជា តាមរយៈថវិកាគាំទ្រពី Darwin Initiative និងមូលនិធិ MacArthur Foundation កំពុងធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង ដើម្បីការពារដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ដែលមានទំហំផ្ទៃដី ១៥ម៉ឺន ហិកតា។
ដែនជម្រកសត្វព្រៃនេះ គាំទ្រដល់ការរស់នៅរបស់សត្វព្រៃ ងាយរងគ្រោះជិតផុតពូជជាច្រើនប្រភេទ ក្នុងនោះរួមមាន សត្វត្រយ៉ងយក្ស ដែលមានប្រមាណ ២០ភាគរយ នៃចំនួនរបស់វាទាំងអស់នៅលើសាកលលោក និងប្រមាណ ៥០ភាគរយ នៃសត្វត្រយ៉ងចង្កំក ស ទាំងអស់នៅលើសាកលលោក។ បច្ចុប្បន្នេះ សត្វត្រយ៉ងទាំងពីរប្រភេទនេះ មាននៅតែក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ មានកត្ដាយាយី មួយចំនួនដែលនាំឲ្យជះឥទ្ធិពលដល់ការរស់នៅរបស់សត្វព្រៃក្នុងដែនជម្រកនេះ ដូចជា ការទន្ទ្រានយកដីព្រៃ ព្រមទាំងការបរបាញ់ និងការកាប់ព្រៃឈើខុសច្បាប់ កំពុងតែគំរាមកំហែង ដល់តំបន់ការពារសត្វព្រៃរស់នៅក្នុងតំបន់ផងដែរ។
ដោយមើលឃើញនូវសារៈសំខាន់ នៃតួនាទីរបស់ប្រជាសហគមន៍ នៅក្នុងការងារអភិរក្ស អង្គការជីវិតសត្វស្លាបអន្ដរជាតិ បានអនុវត្ដនូវសកម្មភាពបង្កើនជីវិភាពជាច្រើនសម្រាប់ប្រជាសហគមន៍ រស់នៅជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ដែលមានដូចជាការស្ដារសន្ដិសុខស្បៀងដល់ប្រជាកសិករ រស់នៅក្រៅតំបន់ការពារ ដែលជាការលើកទឹកចិត្ដដល់ពួកគាត់ឲ្យចូលរួមការពារ កុំឲ្យមានការទន្ទ្រានយកដីព្រៃ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពីសកម្មភាពមនុស្ស ដូចជាការបរបាញ់សត្វព្រៃជាដើម។

ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ អង្គការជីវិតសត្វស្លាបអន្ដរជាតិ បានធ្វើជាដៃគូជាមួយគម្រោង Ibis Rice និងអង្គការ WCS ដើម្បីអនុវត្ដកម្មវិធី បង្កើនជីវភាពមួយដែលកំពុងតែទទួលបានជោគជ័យរួចហើយក្នុងខេត្ដព្រះវិហារ។ គម្រោងនេះបង្កើតឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា គម្រោង Ibis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូល ហើយធ្វើការជាមួយកសិករកម្ពុជា ដើម្បីផលិតអង្ករ សរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក ព្រមទាំងចូលរួមទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទជិតរងគ្រោះជិតផុតពូជ។
តាមលោក Nicholas Spencer នាយកគម្រោង Ibis Rice គម្រោងនេះត្រូវបានអនុវត្ដកាលពីឆ្នាំ២០០៩ ដែលកំពុងតែការពារព្រៃ និងតំបន់ដីសើមប្រមាណ ៥សែនហិកតា និងបានជួយការពារសត្វព្រៃប្រភេទរងគ្រោះជិតផុតពូជជាង ៥០ប្រភេទ និងបង្កើនប្រាក់ចំណូលដល់កសិករជាង ១ពាន់មួយគ្រួសារ។ តាមនាយកគម្រោង Ibis Rice គម្រោងនេះកំពុងស្វែងរកឱកាសពង្រីកទៅកាន់បំន់ផ្សេងទៀត ដែលជួបប្រទះបញ្ហា។

ជាមួយគ្នានេះ លោក ទី ស្រ៊ិន ប្រធានផ្នែកគ្រប់គ្រងប្រចាំតំបន់សៀមប៉ាងរបស់អង្គការ ជីវិតសត្វស្លាបអន្ដរជាតិ បាននិយាយថា នេះគឺជាឆ្នាំទី១ នៃការអនុវត្ដគម្រោង បង្កើនជីវភាពនេះ នៅក្នុងស្រុកសៀមប៉ាង ភូមិខិះស្វាយ ដែលមានកសិករចំនួន ៤៣គ្រួសារចូលរួម ។ លោករំពឹងថា នឹងមានពលរដ្ឋចូលរួមជាមួយគម្រោងនេះកាន់តែច្រើនឡើងៗ។
តាមលោក ទី ស្រ៊ិន ដើម្បីចូលរួមជាមួយគម្រោងបាននេះ កសិករត្រូវតែចុះបញ្ជីទំហំផ្ទៃដីស្រែ របស់ខ្លួន នៅលើផែនទី ដែលមានការយល់ព្រមពីអាជ្ញាធរខេត្ដ ហើយពួកគាត់ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន រួមមានមិនត្រូវបរបាញ់សត្វព្រៃ មិនប្រើប្រាស់ជីគីមី និងប្រើថ្នាំសម្លាប់សត្វល្អិតជាលក្ខណៈធម្មជាតិជាដើម។
យ៉ាងណាគម្រោងនេះ ត្រូវបានវាយតម្លៃថា កំពុងទទួលបានជោគជ័យក្នុងការការពារ ដែនជម្រកសត្វព្រៃ និងការពារសត្វព្រៃ ដ៏កម្រក្នុងប្រទេសកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជា របស់អង្គការជីវិតសត្វស្លាបអន្ដរជាតិ បាននិយាយថា ជោគជ័យដ៏គួរឲ្យកត់សម្គាល់នេះ ក៏ព្រោះតែមានការចូលរួមចំណែកយ៉ាងសំខាន់ពីមន្ដ្រីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលចូលរួមដើម្បីការពារ ជីវិតសត្វព្រៃ ងាយរងគ្រោះជិតផុតពូជលើសាកលលោក ហើយកំពុងមានវត្ដមានតិចតូចបំផុតក្នុងប្រទេសកម្ពុជា៕