អ្នកតំណាងគណបក្សសង្គ្រោះជាតិទាំងអស់បានសម្រេចមិនចូលប្រជុំពេញអង្គសភាវិសាមញ្ញ ស្តីពី«គណបក្សនយោបាយ» នៅថ្ងៃច័ន្ធស្អែកនេះ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប បានសម្រេចមិនចូលប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ»។ នេះបើតាមសេចថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ផ្សព្វផ្សាយនៅ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំំងអស់ បានសម្រេចមិនចូលរួមពិនិត្យវិសោធនកម្មច្បាប់នេះ ដោយហេតុផលថា សេចក្ដីព្រាងច្បាប់នេះ នឹងធ្វើអោយមានការបែកបាក់ឯកភាពជាតិធ្ងន់ធ្ងរ ហើយច្បាប់នេះក៏ធ្វើអោយគ្រោះថ្នាក់ដល់ដំណើរការណ៍ប្រជាធិបតេយ្យនៅកម្ពុជា និង ផ្ទុយពីឆន្ទៈរាស្ត្រ។
សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ធ្វើឡើងបន្ទាប់ពីមានការស្នើរបស់សម្តេច ហ៊ុន សែន ដើម្បី រារាំងមិនឲ្យបុគ្គលដែលជាប់ពិរុទ្ធដឹកនាំគណបក្សនយោបាយ។
លោក សុខ ឥសាន្ត អ្នកពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប សម្រេចមិនចូលប្រជុំវិសាមញ្ញរដ្ឋសភា ថ្ងៃទី ១០ កុម្ភៈ ស្អែកនេះ គឺ មិនប៉ះពាល់ដល់ដំណើរការ ពិនិត្យលើសេចក្តីស្នើច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ»។
លោក ឥសាន្ត បញ្ជាក់ថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ នឹងប្រឈមមុខទៅនិងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា រដ្ឋធម្មនុញ្ញ និងប្រឈមមុខជាមួយម្ចាស់ឆ្នោតផងដែរ។ លោកអះអាងថា សេចក្តីស្នើច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ» មិនប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោក សុខ ឥសាន្ត៖«សំឡេងតែ ៥០+១ ប៉ុណ្ណោះ ហើយគណបក្សប្រជាជនមានចំនួនជាង ៦០សំឡេង លើសពី ៦៣ ដូច្នោះហើយគណបក្សប្រជាជនអាចនឹងអនុម័តលើច្បាប់វិសិធនកម្មនេះ បានដោយរលូន មិនមានខុសច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាមិនខុសពីបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទេ»។
ច្បាប់ស្តីពីគណបក្សនយោបាយមាន ១១ ជំពូក និង ៤៥ មាត្រា។ មាត្រាចំនួន ២៧ នឹងត្រូវបានធ្វើវិសោធនកម្ម ហើយបន្ថែមពីនោះនឹងមានការបញ្ចូលមាត្រាចំនួនប្រាំបន្ថែមទៀត។
ប្រសិនបើច្បាប់នេះចូលជាធរមាន នោះលោក សម រង្ស៊ី នឹងក្លាយជាគោលដៅនៃការរារាំងមិនឲ្យធ្វើជាប្រធានគណបក្ស និងជាគោលដៅនៃហេតុផលនៃការរំលាយគណបក្សសង្គ្រោះជាតិដូចដែលមានចែងក្នុងមាត្រា ៣៨ថ្មី និងមាត្រា៤៥ថ្មី៕