ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានឱ្យដឹងថា គណបក្សមានគោលការណ៍ក្នុងការលើកកំពស់ស្ត្រី ដោយគណបក្សកំណត់ថា នឹងដាក់បេក្ខជនស្ត្រីនៅលេខរៀងទីមួយ មិនឱ្យតិចជាង ៣៥ ឃុំនោះទេ។ ការកំណត់នេះ សង្គមស៊ីវិលធ្វើការសាទរ តែផ្តល់អនុសាសន៍ឱ្យបក្សមួយនេះត្រូវអនុវត្តឱ្យបាន។
លោកបន្តថា គណបក្សសង្គ្រោះជាតិមានគោលការណ៍ដូចនេះ ដោយសារគណបក្សបានមើលឃើញពីសក្តានុពលរបស់ស្ត្រី ក្នុងការអភិវឌ្ឍភូមិឃុំនៅថ្នាក់មូលដ្ឋាន។
តំណាងគណបក្សប្រឆាំងរូបនេះបន្តថា ក្នុងឃុំ សង្កាត់ ដែលគណបក្សដាក់បេក្ខភាពជាស្ត្រីឱ្យឈរនោះ សុទ្ធតែជាឃុំដែលធ្លាប់ទទួលបានជ័យជំនះ ពោលគឺស្ត្រីនឹងមានឱកាសច្រើនក្នុងការជាប់ឆ្នោតជាមេឃុំ។ លោក ហ៊ីង សុខសាន្ត៖«ហើយយើងសង្ឃឹមថា នៅឆ្នាំ២០១៧ខាងមុខនេះ ក្រោយការបោះឆ្នោតនេះគឺថាស្ត្រីដែលជាប់ឆ្នោតជាមេឃុំមកពគណបក្សសង្គ្រោះជាតិ និងមានចំនួនច្រើន»។
ទាក់ទិនបញ្ហានេះ អ្នកស្រី ចាន់ សោភ័ណ្ឌ សមាជិកគាំទ្របណ្តាញពង្រឹងអំណាចស្ត្រីវ័យក្មេង បានគាំទ្រចំពោះគោលការណ៍របស់គណបក្ស ប្រឆាំង ដែលបានកំណត់ដូចនេះ។ អ្នកស្រីបន្តថា ការកំណត់បែបនេះគឺជារឿងប្រសើរ ប៉ុន្តែត្រូវអនុវត្តឱ្យបាន ព្រោះកន្លងមកគណបក្សនយោបាយនីមួយៗ តែងលើកឡើងអំពីឆន្ទៈនៃការលើកស្ទួយស្ត្រី ប៉ុន្តែជាក់ស្តែងមិនបានអនុវត្តនោះទេ។
អ្នកស្រីបន្ថែមថា ការដាក់បេក្ខភាពស្ត្រីឱ្យឈរនៅលេខទី ១ គឺជាយន្តការពិសេសមួយ សម្រាប់ជំរុញឱ្យមានសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យនយោបាយបាយ។ អ្នកស្រីថា បើស្ត្រីជាប់មេឃុំ ៥០% នៅក្នុងឃុំសង្កាត់ទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺកាន់តែល្អ។ អ្នកស្រី ចាន់ សោភ័ណ្ឌ៖«បងសប្បាយចិត្តដែលគ្រប់គណបក្សនយោបាយ បើបានគាត់ជំរុញការអនុវត្តហ្នឹងឱ្យដូចអ្វីដែលគាត់មានឆន្ទៈដែលគាត់បានបញ្ជាក់ ឬបង្ហាញនូវការលើកទឹកចិត្ត ក៏ដូចជាការជំរុញការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ»។
បើតាមការលើកឡើងរបស់អ្នកស្រី ចាន់ សោភ័ណ្ឌ តាមបទពិសោធន៍ដែលអ្នកស្ត្រីធ្វើការជាមួយស្ត្រីនៅថ្នាក់មូលដ្ឋាន ឃើញថា ស្ត្រីដែលមានតំណែងនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត គឺគាត់មានមនុស្សដែលមានសក្តានុពល ហើយបញ្ហាមួយចំនួនជាពិសេសបញ្ហាអំពើហឹង្សាលើកស្ត្រី និងកុមារ នឹងត្រូវបានដោះស្រាយដោយមានប្រសិទ្ធភាព។
តែយ៉ាងណាមិញ អ្នកស្ត្រីមើលឃើញថា មានបញ្ហាប្រឈមមួយចំនួន ដែលរារាំងស្ត្រីមិនអាចឈរឈ្មោះធ្វើជាក្រុមប្រឹក្សាឃុំសង្កាត់បាន។ បញ្ហាប្រឈមចម្បងទាំងនោះ គឺគ្មានការផ្តល់ឱកាសពីគណបក្សនយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាប្រពៃណីជាដើម។
ក្នុងការលើកស្ទួយស្ត្រីឱ្យឈរជាបេក្ខភាពក្នុងបោះបោះឆ្នោតខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ក៏មានគោលនយោបាយលើកកម្ពស់ឱ្យស្ត្រីមានតំណែងនៅក្នុងក្នុងវិស័យនយោបាយផងដែរ។
លោក មាស សោភ័ណ្ឌ តំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើង រហូតមកដល់ពេលនេះ ចំនួនមេឃុំជាស្ត្រី របស់គណបក្សប្រជាជនកម្ពុជា មានការកើនឡើងជាលំដាប់។ មាស សោភ័ណ្ឌ៖«ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រ ឬក៏គោលនយោបាយនៅក្នុងការបន្តលើកកម្ពស់ការចូលរួមរបស់យុវជន ជាពិសេសស្ត្រី នៅក្នុងដំណើរការនៃការរៀបចំការចុះឈ្មោះ ឬក៏ការបោះឆ្នោតនាពេលខាងមុខ គឺគណបក្សបានគិត និងយកចិត្តទុក ដាក់បំផុតនៅក្នុងការលើកឡើងនូវកង្វល់ស្ត្រីទៅលើការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅមូលដ្ឋាននេះ។ ហើយរហូតមកដល់ពេលនេះគណបក្សកំពុងតែធ្វើដំណើការប្រជាធិបតេយ្យផ្ទៃក្នុងលើកទឹកចិត្តឱ្យស្ត្រីបានចូលរួមជាបេក្ខភាពនៅក្នុងប្រឹក្សាឃុំសង្កាត់នៅក្នុងការបោះឆ្នោតនាពេលខងមុខ»។
របាយការណ៍អង្កេតប្រចាំឆ្នាំ ២០១៥ របស់អង្គការខមហ្វ្រែល បានបង្ហាញថា ស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មានការកើនឡើងបន្តិចចំនួន ២០៥១នាក់ ស្មើនឹង១៧,៨៩% ក្នុងចំណោម១១,៤៥៩នាក់។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៥ មេឃុំ ចៅសង្កាត់ជាស្ត្រីកើនឡើងចំនួន ៦,៦១% ស្មើនឹង ១០៨នាក់ ដែលឆ្នាំ២០១៤ មានតែ ៩៥ នាក់តែប៉ុណ្ណោះ។
របាយការនេះថា ការកើនឡើងនេះ ដោយសារតែប្រធានក្រុមប្រឹក្សាជាបុរសខ្លះស្លាប់ ខ្លះទៀតលាលែងពីដំណែងដោយសារមានជំងឺ មិនអាចធ្វើការបាន និងខ្លះទៀតចាស់ខ្លាំពេក។ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនៅតែមានចំនួនតិចក្នុងមុខតំណែងធ្វើសេចក្តីសម្រេចសំខាន់មួយនេះ ថ្វីបើមានការកើនឡើងបន្តិចក្នុងឆ្នាំ២០១៥ក៏ដោយ។
បែបនេះក្តី របាយការណ៍បានឱ្យដឹងថា បុរសក្រុមប្រឹក្សាឃុំ សង្កាត់នៅតែរើសអើង និងមិនចង់សហការជាមួយស្ត្រី និងមានការិះគន់ចំពោះស្ត្រីនៅឡើយ ដោយសារតែបុរសគិតថា សមត្ថភាពស្ត្រីនៅអន់ ការយល់ដឹងនៅមានកម្រិត។ ចំណែកឯការប្រគល់តួនាទី ភារកិច្ចរបស់ប្រធានក្រុម ប្រឹក្សាឃុំ សង្កាត់ ទៅសមាជិកស្ត្រី ស្របតាមតួនាទីរបស់ខ្លួននោះ របាយការណ៍ខមហ្វ្រែលរកឃើញថា ប្រធានក្រុមប្រឹក្សា បានប្រគល់តែភារកិច្ចការងារខ្លះៗតែប៉ុណ្ណោះ ជូនសមាជិកក្រុមប្រឹក្សាជាស្ត្រី៕