ភ្នំពេញ ៖ ប្រាំឆ្នាំក្រោយពីការបណ្តេញចេញដោយបង្ខំ ប្រជាពលរដ្ឋភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ៣០០នាក់ បានឡើងមកទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមពីក្រសួងនានាដើម្បីអាចវិលត្រឡប់ទៅរស់នៅក្នុងទីតាំងចាស់របស់ពួកគេវិញ។ ក្រុមពលរដ្ឋ រងគ្រោះទាំងនេះបានត្អូញត្អែពីវិបត្តិគ្រួសារដែលកើតឡើងក្រោយពីការបណ្តេញចេញនេះ។
តទៅនេះសូមស្តាប់បទយកការណ៍ដែលចង់ក្រងដោយលោក កែវ សុខា ដូចតទៅ!
ពលរដ្ឋទាំងនេះត្រូវបណ្តេញចេញពីលំនៅដ្ឋានចាប់តាំងពីថ្ងៃទី៧ មករាឆ្នាំ ២០១២ម្ល៉េះ។ផ្ទះសម្បែងរបស់ពួកគេ សាលារៀន និងវត្តអារាមផងដែរត្រូវរុះរើនិងឈូសកំទេចចោលដោយអាជ្ញាធរអះអាងថា ពួកគេរស់នៅលើដីរដ្ឋខុសច្បាប់។អាជ្ញាធរបានផ្តល់ទីតាំងថ្មីដែលស្ថិតនីចម្ងាយប្រមាណ គីឡូម៉ែត្រពី ភូមិឫស្សី ឃុំកន្ទួត របស់ពួកគេ។នៅទីនោះគ្មានហេដ្ឋារចនាសម្ពន្ធ័និងជាដីព្រៃដែលពិបាកបង្កបង្កើនផល។
លោក គិន ចន្ថា តំណាងពលរដ្ឋមួយរូបលើកឡើងថា ដីដែលប្រជាពលរដ្ឋត្រូវអាជ្ញាធរបណ្តេញចេញនោះ គឺជាដីចាស់ដែលអតីតព្រះមហាក្សត្របានប្រទានឱ្យតាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ នឹងមាន ស ជ ណ ចេញពីក្រសួងត្រឹមត្រូវ។ លោក គិន ចន្ថា៖«តាមការពិតគាត់គ្មានគោលជំហរដោះ ស្រាយតែម្តង ហើយចង់យកដីពលរដ្ឋទុកខ្លួនឯង តែដោយសារពលរដ្ឋបានប្តឹងរយៈពេល ៦ឆ្នាំ ទើបគាត់អត់ហ៊ានធ្វើអ្វីទាំងអស់។ ឥឡូវពួកខ្ញុំសូមទៅរស់នៅវិញ បើទោះបីជាអភិបាលខេត្តបានឈូសឆាយសាលារៀន និងវត្តអារាម បំផ្លាញចោលទាំងស្រុងក្តី»។
លោក អ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារមិនអាចសុំសេចក្តីអធិប្បាយបានទេដោយលោកអះអាងថាលោក ជាប់រវល់ប្រជុំ។ តែយ៉ាងក៏ដោយលោកអភិបាលខេត្ត បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា ដីដែលប្រជាពលរដ្ឋរស់នៅមុននោះ គឺជាដីគ្របដណ្តប់ដោយព្រះរាជក្រឹតពីព្រះមហាក្សត្រ ដោយមិនអាចអនុញ្ញាតឱ្យពលរដ្ឋរស់នៅបាននោះទេ។
ពលរដ្ឋមួយរូបទៀតអ្នកស្រី លី សំ ប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកហូរថា អ្នកស្រីមានផលលំបាកយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរបានបណ្តេញ ចេញ។
ជូតទឹកភ្នែកបណ្តើរ ដៃម្ខាងពរកូនស្រីអាយុប្រហែល២ខួបផង អ្នកស្រី លី សំ បន្តថា អ្នកស្រីត្រូវដើរជញ្ជាត់កូនត្រី កូនកំពឹស តាមប្រលាយតូចៗដើម្បីឱ្យកូនបរិភោគ ជំនួសបាយ ព្រោះថ្ងៃខ្លះអ្នកស្រីគ្មានអង្ករសម្រាប់ដាំបាយហូបនោះទេ។ អ្នកស្រី លី សម ៖«ចេញពីហ្នឹងគ្មានអ្វីជាប់នឹងខ្លួនទេ សូម្បីតែអង្ករក៏ពួកខ្ញុំគ្មានដែល ព្រោះដីស្រែដីចំការគេយកអស់ហើយ។ ពេលគ្មានអ្វីបរិភោគ កូនយំទារហូប ម៉ែអើយខ្ញុំឃ្លានបាយណាស់ម៉ែ កូនខ្ញុំនៅតូចៗទើបអាយុពីរទេ»។
អង្គការសង្គមស៊ីដែលធ្វើការលើបញ្ហាជម្លោះដីធ្លីលើកឡើងថា បញ្ហាវិវាទដីធ្លីក្នុងឆ្នាំ ២០១៦ គឺមិនថមថយនោះទេ ហើយនិន្នាការនេះនឹងនៅតែជាការគំរាមកំហែងនៅឡើយ៕