
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានលើកឡើងថា ពួកគេនៅតែមានបញ្ហាប្រឈមបោះបង់ការសិក្សាចោលខ្ពស់ ដោយសារតែការើសអើងពីសំណាក់ លោកគ្រូ អ្នកគ្រូ មិត្តភក្តិ និងសង្គម។ ពួកគេស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បង្កើតគោលនយោបាយមួយ ដោយបញ្ឈប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យពួកគេបានសិក្សាដូចសិស្សដទៃទៀត ដោយមិនមានបញ្ហាប្រឈម។ ការស្នើរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
«បច្ចុប្បន្ននេះ អ្នកស្រឡាញ់ភេទដូចគ្នា ទទួលរងការរើសអើងយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់»។ នេះជាសម្តីរបស់ ឡុង ម៉ាឡែន ជាសកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា ដែលបានប្តូភេទពីស្រី មកជាប្រុស នៅក្នុងសិក្ខាសាលាថ្នាក់ជាតិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានេះ។
ម៉ាឡែន បានឱ្យដឹងថា ដោយសារតែការរើសអើងពីសាលារៀន បានធ្វើឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ជាច្រើនត្រូវបានបោះបង់ចោលការសិក្សា។
លើលពីនេះទៀត ម៉ាឡែន បានលើក ករណីមួយនៅខេត្តកំពង់ឆ្នាំង ជុំវិញរឿងក្មេងស្រីម្នាក់ ដែលបានប្តូរភេទទៅជាមនុស្សប្រុសត្រូវបានគ្រូបន្ទុកថ្នាក់ពិន័យ ដោយឱ្យឈរនៅក្បែរដងទង់ជាតិ ព្រោះគាត់ស្លៀកខោទៅរៀន និងកាត់សក់ខ្លី។
សកម្មជនការពារអ្នកស្រឡាញ់ភេទដូចគ្នារូបនេះ បានស្នើឱ្យគ្រប់សាលាទាំងអស់អនុញ្ញាតឱ្យអ្នកដែលបានប្តូរភេទ អាចស្លៀកពាក់ ឯកសណ្ឋាន តាមភេទដែលគាត់បានប្តូរ ជាពិសេសត្រូវបង្កើតនូវគោលនយោបាយ ប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសាលារៀន។
រីឯកញ្ញា ផល្លា ដែលជាអ្នកប្តូរភេទ ពីប្រុស មកជាស្រី និងជាអ្នកស្ម័គ្រចិត្តអប់រំតាមមូលដ្ឋាន របស់អង្គការសុខភាពបុរស នៅខេត្តសៀមរាប បានរៀបរាប់ថា តាមបទពិសោធ កញ្ញា ដែលបានចុះអប់រំនៅតាមមូលដ្ឋាន កញ្ញា សង្កេតឃើញថា អ្នកដែលស្រលាញ់ភេទដូចគ្នា ប្រមាណជាង ៥០% បានបោះបង់ចោលការសិក្សា។ ជាក់ស្តែង ដោយសារតែការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានេះ កញ្ញាផ្ទាល់ក៏បានបោះបង់ចោលការសិក្សាផងដែរ។
លោក ស្រ៊ុន ស្រ៊ន ជាអ្នកផ្តួចផ្តើមឱ្យមានចលនាអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកស្រឡាញ់ដូចគ្នា នៅប្រទេសកម្ពុជា បានប្រឈមនឹងបញ្ហាសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ ការមិនទទួលស្គាល់ពីគ្រួសារ និងអ្នកជិតខាង បញ្ហាសុខភាពផ្លូវចិត្តដោយសារការរើសអើងពីអ្នកនៅជុំវិញខ្លួន ការបោះបង់ការសិក្សា និងបញ្ហាសំខាន់មួយទៀត ដោយសាររដ្ឋាភិបាល មិនទាន់មានច្បាប់ណាមួយការពារអ្នកស្រឡាញ់ភេទដូចគ្នានៅពេលមានបញ្ហា។
លោក ចង់ឱ្យក្រសួងអប់រំ មានការយកចិត្តទុកដាក់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅតាមគ្រឹះស្ថានសិក្សា អំពីបញ្ហាការស្រឡាញ់ភេទដូចគ្នានេះ។ ក្រៅពីស្នើឱ្យក្រសួងអបរំបង្កើតគោលនយោបាយបញ្ឈប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ពួកគេក៏បានស្នើទៅកាន់ក្រសួងពាក់ព័ន្ធនានា ត្រូវផ្តល់តម្លៃ និងឱកាសស្មើភាពគ្នាទៅដល់អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ។ លើសពីនេះទៀត ពួកគេក៏ស្នើឱ្យមាន ការផ្សព្វផ្សាយពីសិទ្ធិការងារ និងសិទ្ធិមនុស្ស ដើម្បីការពារពួកគេពីការរើសអើងរបស់អ្នកដទៃផងដែរ៕