ភ្នំពេញ ៖ ស្ថានទូតបរទេសក្នុងទីក្រុងភ្នំពេញបានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់សម្តេចសុខ អាន និងបានរំលឹកពីការចូលរួមរបស់ក្នុងដំណើរការកាត់ទោសខ្មែរក្រហម។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ បានសម្តែងការចូលរួមមរណទុក្ខ«យ៉ាងជ្រាលជ្រៅ»ដល់ក្រុមគ្រួសារសម្តេច សុខ អាន។ ស្ថានទូតអាមេរិកបានរំលឹកថា សម្តេច សុខ អាន មានអាជីពយ៉ាងវិសេសវិសាលក្នុងវិស័យសេដ្ឋកិច្ច វិស័យច្បាប់ អប់រំ សាសនា និងការអភិរក្សវប្បធម៌និងវិស័យការទូតផងដែរ។ ស្ថានទូតសហរដ្ឋអាមេរិកសរសេរយ៉ាងដូច្នេះថាសម្តេច សុខ អាន «គឺជាដៃគូយ៉ាងយូរជាមួយស្ថានទូតអាមេរិកក្នុងវិស័យអភិរក្សវប្បធម៌តាមរយៈតួនាទីរបស់សម្តេចជាប្រធានអាជ្ញាធរអប្សារា។»
ស្ថាតទូតអាមេរិកបានគូសបញ្ជាក់បន្ថែមថា សម្តេច សុខ អាន បានចូលរួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬហៅថាសាលាក្តីខ្មែរក្រហម។
អំពីសំណុំរឿងខ្មែរក្រហមនេះដែរ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ សម្តែងការសោកស្តាយដែលបាត់បង់សម្តេច សុខ អាន ត្រូវបានជម្លៀសទៅកាន់ខេត្តបន្ទាយមានជ័យដូចរូបលោកដែរ។
លោក ឆាំង យុ លើកឡើងថាសម្តេច សុខ អាន បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបង្កើតសាលាក្តីខ្មែរក្រហម។ ប៉ុន្តែលោកសោក ស្តាយចំពោះការណ៍ដែលមិនអាចបន្តជីវិរហូតដល់ការកាត់ទោសចប់សព្វគ្រប់។«ខ្ញុំស្តាយដែលគាត់បានខិតខំជាច្រើនប៉ុន្តែទីបំផុតគាត់មិនបាន ឃើញលទ្ធផលចុងក្រោយនៃដំណើរ ការដែលគាត់ខិតខំតាំងពីដំបូងវាគួរឱ្យសោកស្តាយហើយខ្ញុំគិតថា គាត់បំពេញតួនាទីជាជនរងគ្រោះម្នាក់ក្នុងការធ្វើយ៉ាងឱ្យតុលាការនេះចាប់ផ្តើមទ្បើងដំណើររហូតមកដល់បច្ចុប្បន្ននេះ។ នេះជាសាគុណដ៏ថ្លៃថ្លានៃការចូលរួមចំណែករបស់គាត់មិនត្រឹមតែជាថ្នាក់ដឹកនាំនោះទេតែជនរង គ្រោះនាំមកនូវដំណើរការមួយជាប្រយោជន៍ដល់យើងទាំងអស់គ្នាដែលរួចផុតពីរបបសម័យ ពល ពត»។
ដោយឡែកស្ថានទូតជប៉ុនប្រចាំក្រុងភ្នំពេញបានសម្តែង«ក្តីរន្ធត់»ចំពោះមរណភាពសម្តេចសុខ អាននេះ។
ស្ថានទូតជប៉ុនបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា«ក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចវិបុលបញ្ញា បានដើរតួនាទីដ៏សំខាន់ក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ និងដំណើរការប្រព្រឹត្តទៅនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ព្រមទាំងការអភិរក្សប្រាង្គប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។»
បន្ថែមពីនោះស្ថានទូតជប៉ុនបានកត់សម្គាល់ថាសម្តេចវិបុល បញ្ញា បានផ្លាស់ប្តូរទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃប្រទេសជប៉ុនយ៉ាងល្អប្រសើរ ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ហើយសម្តេចក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ។
ដំណាលគ្នានេះលោក ម៉ាទីល តេរុយយ៉ា លេខាទី១អមស្ថានទូតបារាំងបានថ្លែងយ៉ាងសង្ខេបថាសម្តេចសុខ អាន «គឺជាឥស្សជននិយាយភាសាបារាំងមួយរូបដែលមានទំនាក់ទំនងការងារជាមួយស្ថានទូតទាំងក្នុងកិច្ចការអភិរក្សប្រាសាទអង្គរវត្តនិងទាំងក្នុងដំណើរការសាលាក្តីខ្មែរក្រហម។»