ភ្នំពេញ ៖ កាលពីដើម ពួកយើងមានទុក្ខគេជួយយើង តែពេលនេះគេមានទុក្ខវិញយើង ត្រូវជួយគេវិញ ។ នេះ ជាការថ្លែងរបស់ក្រុមស្ត្រី សហគមន៍បឹងកក់និងបុរីកីឡា ដែលពួកគេ បានតស៊ូក្រានននៀល ទាំងថ្ងៃទាំងយប់ ស្រែកតវ៉ាទាំងនៅមុខអង្គភាពប្រឆាំងអំពើ់ពុករលួយ និងតុលាការរាជធានីភ្នំពេញ ខណៈមន្ត្រីសង្គមស៊ីវិល រងការឃុំខ្លួនករណី របស់ស្ត្រីម្នាក់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ឆ្លើយដាក់ពួកគេថា បានទិញទឹកចិត្ត មិនឱ្យប្រាប់ ករណីខ្សែអាត់សំឡេងជាមួយបុរសម្នាក់ គេថាលោក កឹម សុខា ប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិ ។

ក្រុមស្ត្រីទាំង២សហគមន៍នេះ បានស្រែកតវ៉ា ឱ្យដោះលែង មន្ត្រីសមាគមអាដហុកទាំង៤នាក់ រួមនឹងលោក នី ចរិយា មានសេរីភាពឡើវិញ ។ សូមស្ដាប់បទយកការណ៍រៀបរៀងដោយកញ្ញា ច្រឹក ស្រីអូនដូចតទៅ៖
នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ គឺរយៈពេល២ថ្ងៃមកហើយមានក្រុមស្ត្រី និង ប្រជាពលរដ្ឋប្រមាណជាង១០នាក់បានមក ប្រមូលផ្តុំគ្នា ដោយមានអ្នកខ្លះ កាន់បដា ដែលសរសេរថា សូមឲ្យម្ចាស់ជំនួយធំៗ ជួយរកយុត្តិធម៌ជូនដល់អង្គការអាដហុក ព្រោះពួកគាត់ជាមនុស្សស្អាតស្អំ ជាអ្នកជួយប្រឆាំងអំពើអយុត្តិធម៌សង្គម ។
ក្រុមនេះហើយជាក្រុមស្ត្រី សហគមន៍បឹងកក់និងបុរីកីឡា ជាតំបន់ជំលោះ ដីធ្លី ជាមួយអ្នកមានអំណាចនិង ប្រាក់កាក់ ។
អង្គុយផ្ទាល់និងដី កែវភ្នែកសម្លឹងទៅសាលាដំបូង ស្ត្រីម្នាក់ដែលមានឈ្មោះល្បីល្បាញ តស៊ូទាមទារ ដើម្បីបានដីធ្លីមកវិញ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ដាក់គុក និងជាស្ត្រីមិនខ្លាចការរារាំងពីមន្ត្រីមានសមត្ថកិច្ច គឺលោកយាយ ង៉ែត ឃុន ដែលគេស្គាល់ឈ្មោះថា «យាយម៉ាមី» ។ លោកយាយថា កត្តាដែលជំរុញឲ្យគាត់ មកលើកបដានៅខាងមុខសាលាដំបូងនេះគឺដោយសារ គាត់គិតថាមន្ត្រីអាដហុកទាំងនេះ ជាមនុស្សស្អាតស្អំ និង សង្ឃឹមថារដ្ឋាភិបាលនិងមើលឃើញនូវអំពើល្អរបស់អង្គការមួយនេះដែលជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ «ការជួយរបស់ពួកគាត់មកផ្តល់ជំនួយឲ្យយើងអញ្ចឹង គាត់មិនមែនមានបំណងសូកប៉ាន់នោះទេ ពុករលួយនោះទេគឺគាត់ជួយដោយនេះគាត់ជួយដោយចិត្តស្មោះសរ…»។
ស្ត្រីរូបនេះបន្តថា គាត់បានមកតវ៉ានៅខាមុខសាលាដំបូងនេះរាល់ពេលសាលាដំបូងកោះហៅមន្ត្រីអាដហុកឲ្យចូលបំភ្លឺ ហើយនៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ គាត់ក៏បានតវ៉ាដូចនេះដែរ ។ ស្ត្រីវ័យចំណាស់នេះបានរំលឹកនូវសកម្មភាពផ្សេងៗកន្លងមកពួកគាត់បានទៅពឹងពាក់មន្ត្រីអាដហុក ដែលគាត់បានទៅសុំជំនួយផ្នែកច្បាប់ពីអង្គការនេះក្នុងពេលពួកគាត់មានបញ្ហាដីធ្លី«គាត់ អត់មានធ្វើអ្វីនាទីគាត់ធ្វើខុសទេណា ដូចជាខ្ញុំជាជនរងគ្រោះអញ្ចឹងខ្ញុំទៅសុំជំនួយផ្នែកច្បាប់ពីគាត់ពួគាត់ពន្យល់ឲ្យយើងមានសិទ្ធនិយាយជាដើម…»។
ស្រី្តមួយរូបទៀតដែលបង្ហាញនូវទឹកមុខក្រៀមក្រំ ហើយក៏មានគោលបំណងមិនខុសពីយាយម៉ាមីដែរ គឺអ្នកស្រី សរ ស៊ន ជាស្ត្រីមកពីបុរីកីឡា បានរៀបរាប់ថា អ្នកស្រីគិតថាការផ្តល់លុយឲ្យអ្នកទៅរកជំនួយរបស់អង្គការអាដហុក គឺមិនមែនជារឿសូកប៉ាន់នោះទេ«ដោយសារស្រីមុំ នឹងរត់ទៅពឹងគាត់ទើបគាត់ជួយបើសិនសុខៗពួកគាត់ហៅស្រីមុំ នោះ ទើបចោទពួកគាត់បាន តែនេះស្រីមុំរត់ទៅពឹងគាត់ ។ បើពួកគាត់នៅតែបន្តឃុំខ្លួនមន្ត្រីអាដហុក ពួកគាត់នឹង បន្តការទាមទាដែរ…» ។
អ្នកស្រីបន្តថាអ្វីដែលគាត់ចង់បានគឺយុត្តិធម៌ ហើយបើមិនមានការផ្តល់យុត្តិធម៌នោះទេ ក្រុមគាត់នឹងបន្តស្រែកទាមទារហូត«តុលាការ ខ្ញុំប្តឹងយូរហើយ ប្តឹងក្រុមហ៊ុនផានឌីម៉ិចតាំង២០១២ដល់២០១៦ពាក្យតែមិនមានការដោះស្រាយ…»។
ជាអ្នកចូលរួមក្នុងការតវ៉ាម្នាក់ដែរគឺស្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ ថាគាត់ជាអាជីវករមួយរូប ដែលមិនមែនជាសាច់ញាតិរបស់មន្ត្រីអាដហុក តែគាត់ស៊ូចំណាយពេលវេលាដើម្បីមកជួយតវ៉ា ឲ្យបញ្ឈប់ការចោទប្រកាន់បន្តទៅទៀត។ អ្នកស្រីថាទោះបីជាជីវភាពពឹងទៅលើការលក់ដូរក៏ដោយ ក៏គាត់មិនស្តាយ ដោយគាត់មិនទុកឲ្យមន្ត្រីអាដហុកនេះឯការទេ«កុំថាខាត់១ថ្ងៃ ខាត់១មួយខែក៏ខ្ញុំមកផ្តល់កំលាំងចិត្តដល់ពួកគាត់រហូត…» ។
មន្ដ្រីជាន់ខ្ពស់អាដហុក៤ រូបនោះ គឺ លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ដ លោកស្រី លឹម មុនី រួមទាំង លោក នី ចរិយា អតីតមន្ត្រីអាដហុក បច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប មន្ត្រីទាំងអស់នោះ ទទួលរងការដាក់បន្ទុក ដោយការឆ្លើយដាក់របស់ កញ្ញាស្រីមុំ ថាពួកគាត់ ជាអ្នកទិញទឹកចិត្ត និងណែនាំឱ្យកញ្ញា បដិសេធខ្សែអាត់សម្លេងស្នេហារវាងបុរសម្នាក់ដែលគេថាជា លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ។
ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាសិទ្ធដែលពួកគាត់មើលឃើញថារឿងនេះគឺគ្រាន់តែជាការជួយ ដែលមិនអាចចោទថាជាអំពើពុករលួយ។ ចំពោះចំនុចមួយទៀតដែលប្រជាពលរដ្ឋនិយាយពីពាក្យបណ្តឹង ពួកគាត់មិនយឺតយ៉ាវក្នុងការការដោះស្រាយ លោកបណ្ឌិត មាស នី ថានេះបង្ហាញឲ្យឃើញថាតុលាការក្នុងប្រទេសកម្ពុជាមានស្តង់ដាពីរ «នៅក្នុងលក្ខខណ្ឌ័នេះតុលាការ នៃការតវ៉ារបស់បឹងកក់ និង បុរីកីឡានេះគឺសមស្របហើយខ្ញុំ ក៏គាំទ្រដែរហើយការធ្វើរបស់រដ្ឋាភិបាលនេះបានបង្ហាញឲ្យឃើញនូវភាពខុសគ្នា…»។
មេធាវីម្នាក់ក្នុងចំណោម៦នាក់ការពារក្ដី ឱ្យមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មួយរូប បានប្រាប់ អ្នកសារព័ត៌មានថាមនុស្សទាំង៥រូបនេះត្រូវបានចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
ប៉ុន្តែបើតាមគេហទំព័រមួយ គឺលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានចោទជាផ្លូវការ ប្រឆាំងមនុស្ស៥នេះ គឺពីបទចោទមួយនេះ។ លោកបន្តថា មន្ត្រីអាដហុក៤នាក់ ចោទករណីសូកប៉ាន់ សាក្សី (កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ) ចំណែក លោក នីចរិយាអគ្គលេខាធិការរង គជប ករណីសមគំនិតសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ។ បើយោង តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌគឺពួកគាត់នឹងមានទោស ពី ៥ឆ្នាំទៅ ១០ឆ្នាំ ៕