ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុ VOA ខ្មែរនាពេលថ្មីៗនេះ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថាពួកគាត់សម្រេចបង្កើបក្រុមការងារមួយដើម្បីតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ហើយពួកគាត់ថានឹងលើកយកបញ្ហាគណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសគឺករណីលោក សម រង្ស៊ី លើកទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រាលស្ថានភាពតានតឹងផ្នែកនយោបាយ។ ក្រៅពីនេះ ពួកគាត់បានបង្កើតក្រុមតាមដានស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជាដែរ ។ តែមន្ត្រីគណបក្សកាន់អំណាចបានប្រាប់វិទ្យុស្ត្រីថា កម្ពុជាមានសមាជិកសភាធ្វើការគ្រប់គ្រាន់ហើយ មិនចាំបាច់ត្រូវការក្រុមអ្នកតំណាងរាស្ត្រមកពីអាមេរិកលូកដៃចូលកិច្ចរបស់កម្ពុជានោះទេ។
លោក អេឡេន ឡូវេនថុល (Alan Lowenthal) សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យអាមេរិក បានផ្តល់បទសម្ភាសជាមួយវិទ្យុ VOA ខ្មែរថា លោក និងលោក Steve Chabot មកពីគណបក្សសាធារណរដ្ឋ កំពុងសម្របសម្រួលអ្នកតំណាងរាស្ត្រច្រើនឱ្យជួយគាំទ្រក្រុមការងារពិសេសមួយនេះ ដើម្បីសង្កេតការណ៍ និងវាយតម្លៃស្ថានការនយោបាយ ជាពិសេសករណីលោក សម រង្ស៊ី។ ក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា ដើម្បីតាមដានការវិវត្តនយោបាយ និងសេដ្ឋកិច្ចកម្ពុជានេះ ទើបបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ។
លោក អេឡេន ឡូវេនថុល បញ្ជាក់ថា ក្រុមតំណាងរាស្ត្រដែលមកពីសមាជិកសភាគណបក្សធំៗនៅឯសហរដ្ឋអាមេរិកនេះ ក៏មានបំណងជួបពិភាក្សាជាមួយកម្ពុជាផងដែរ ដើម្បីជួយសម្របសម្រួលផ្នែកនយោបាយក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងជួយឱលោក សម រង្ស៊ី អាចវិលត្រឡប់ចូលប្រទេសវិញបាន ដោយរួចផុសពីការចាប់ខ្លួនរបស់តុលាការ។
លោកថា ការគ្រោងជួយសម្របសម្រួលនេះ គឺដើម្បីធានាឱការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយតម្លាតភាព សេរី និងយុត្តិធម៌ ព្រោះថាការប្រកួតប្រជែងដោយស្មោះត្រង់ គឺត្រូវមានការចូលរួមពីបក្សប្រឆាំងដោយមិនមានការគំរាមកហែង។ ចំណុចនេះ ទទួលបានការគាំទ្រភ្លាមពីគណបក្សសង្គ្រោះជាតិ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សង្ឃឹមថា ក្រុមតំណាងរាស្ត្រតាមដានស្ថានការណ៍នយោបាយកម្ពុជា ដែលសមាជិកសភាអាមេរិកទើបបង្កើតនេះ នឹងអាចជួយស្តារបរិយាកាសនយោបាយក្នុងប្រទេសកម្ពុជាឱ្យបានធូរស្បើយឡើងវិញបាន។ លោកថា កិច្ចអន្តរាគមន៍ទាំងក្នុងប្រទេស និងពីសហគមន៍អន្តរជាតិ គឺជាការរួមចំណែកមិនអាចខ្វះបាន។
លោក យឹម សុវណ្ណ៖ «យើងដឹងហើយថា ការវិវត្តទៅមិនសូវល្អប៉ុន្មាននោះទេ ដូច្នេះដើម្បីជួយសម្រួលបរិយាកាសនយោបាយហ្នឹង ការជួយជំរុញឱមានការវិវត្តលទ្ធិប្រជាធិតេយ្យប្រទេសកម្ពុជា លុះត្រាតែយើងជួយគ្នាទាំងកម្លាំងក្នុងប្រទេស ទាំងកម្លាំងក្រៅប្រទេស ជាពិសេសអាមេរិកដែលជាប្រទេសមហាអំណាចហ្នឹង គឺជាការចំបាច់ត្រូវតែជួយកិច្ចទាំងអស់ហ្នឹង»។
ពាក់ព័ន្ធក្នុងរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គឺជាសិទ្ធិរបស់សមាជិកសភាអាមេរិក ប៉ុន្តែលោកថាការទទួលស្គាល់ឬមិនទទួលស្គាល់គឺជាសិទ្ធិដោយឡែករបស់កម្ពុជា។

យ៉ាងលោក សុខ ឥសាន ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺជាសិទ្ធិរបស់មេបក្សប្រឆាំង តែលោកថាលោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះលោកបានប្រព្រឹត្តខុសច្បាប់។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ទោះបីជាអវត្តមានលោក សម រង្ស៊ី ពីកម្ពុជាក៏ដោយ ក៏ដំណើរការបោះឆ្នោតនៅកម្ពុជាអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌បានផងដែរ។
លោក សុខ ឥសាន៖ «គាត់ប្រព្រឹត្តិល្មើសច្បាប់ គាត់ចូលមកក្នុងស្រុកដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់អាហ្នឹងជាការល្អ ដែលបង្ហាញនូវវីរភាពរបស់គាត់ ដែលគាត់ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។ អញ្ចឹងខ្ញុំយល់ថាទោះបីមានអន្តរាគមន៍ពីបរទេសណាក៏ដោយក៏ឥតប្រយោជន៍ដែរ ហើយប្រទេសកម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យត្រឹមត្រូវ មិនទទួលយកនូវការលូកចូលកិច្ចផ្ទៃក្នុងរបស់កម្ពុជាពីជនបរទេសណាមួយឡើយ»។
ចំណែក អ្នកវិភាគព្រឹត្តិការណ៍សង្គមកម្ពុជា លោក រស់ រ៉ាវុធ លើកឡើងថា ការឃ្លាំមើលពីសំណាក់ប្រទេសមហាអំណាច គឺមិនមែនជាប្រការល្អនោះទេ ពោលគឺមានតែអង្គការសហប្រជាជាតិនោះទេ ដែលមានឥទ្ធិពលអន្តរាគមន៍ក្នុងប្រទេសដែលកំពុងប្រព្រឹត្តិខុសឆ្គង។

តែយ៉ាងណាលោកថា រដ្ឋាភិបាលកម្ពុជាក៏គួរតែពិនិត្យមើលដំណើរការលទ្ធិប្រជាធិតេយ្យឡើងវិញផងដែរ ស្របពេលដែលប្រទេសមហាអំណាចចង់លូកដៃចូលអន្តរាគមន៍។ លោក រស់ រ៉ាវុធ ៖ «នៅពេលយើងពឹងសៀមបានកាត់ដីឱសៀម នៅពេលដែលយើងពឹងអាមេរិកកាំង អាមេរិកកាំង ទម្លាក់គ្រាប់បែករាប់តោនមកលើប្រទេសកម្ពុជាដែលបានបន្សល់សំណល់សង្គ្រោម ហើយនៅទេដែលយើងពឹងចិនគឺបានបន្សល់វាលពិឃាត។ អញ្ចឹងទេ! ហេតុអី្វបានជាខ្មែរមិនព្រមនិយាយគ្នា មិនព្រមចរចាគ្នាដោយត្រង់ទៅត្រង់មក លើកការងារយកមកដាក់លើតុ ហើយបើនៅតែពឹងបរទេសនេះទៀតខ្មែរនៅតែបន្តការហែកហូរគ្នាមិនចេះចប់ ព្រោះយើងមិនអាចកាត់ក្បាលតម្រូវមួកបានទេ»។
គួរតក់សម្គាល់ថា ថ្មីៗនេះសហរដ្ឋអាមេរិក បានសន្យាផ្ដល់ជំនួយ និងបញ្ជូនអ្នកសង្កេតការណ៍ មកកាន់ កម្ពុជាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភាឆ្នាំ២០១៨។ ការប្រកាសរបស់អាមេរិក បន្ទាប់ពីលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសមហាអំណាចនេះមកទស្សនកិច្ច នៅកម្ពុជា កាលពីដើមឆ្នាំ២០១៦ ដោយនៅពេលនោះ លោក ចន ឃើរី បានប្រាប់សម្ដេច ហ៊ុន សែន ថាអាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ តែចំណែក លោក សម រង្ស៊ី វិញ គឺលោកបានគេចខ្លួនទៅបរទេសមានរយៈពេលជិត ៤ ខែមកហើយ ហើយសំណុំរឿងរបស់លោកនៅតុលាការកើនឡើង ៤ ករណីដែរ៕