ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ខែមករានេះ បានសន្យាជាមួយពលរដ្ឋសហគមន៍ផ្លូវរថភ្លើងទាំង៨ថា ក្រសួងនឹងរៀបចំជាវេទិការសាធារណៈ បង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿន និងគោលការណ៍សំណងផ្សេងៗមុននឹងធ្វើការសាងសង់។ ការសន្យានេះ បន្ទាប់ពីប្រជាពលសហគមន៍ផ្លូវរថភ្លើងនៅ បានលើកគ្នានៅមុខក្រសួងជាថ្មីម្តងទៀតដើម្បីឲ្យមានការបំភ្លឺពីគម្រោងនេះ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិយាយថា ក្រសួងនឹងសន្យាបើកវេទិការសាធារណៈ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជាយស្ម័យយាន ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងគោលការណ៍សងសំណងផ្សេងៗទៅកាន់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។ លោកលឹម ស៊ីដេនីន បង្ហើបថា មានក្រុមហ៊ុនចំនួនពីរបានដាក់ពាក្យមកក្រសួង គឺក្រុមហ៊ុនOCIC និង វិទ្យាស្ថានគម្រោង ប្លង់របស់ខេត្តអឺណាន ប្រទេសចិន ដើម្បីដេញយកគម្រោងនេះ។
លោក លឹម ស៊ីដេនីន បន្លែមថា ក្រសួងហ៊ានសន្យាថា នឹងធ្វើការដោះស្រាយសំណងជូនប្រជាពលឲ្យបានសមរម្យ និងមិនឲ្យមានរូបភាពបណ្ដេញចេញទាំងបង្ខំនោះទេ។ លោកបន្តថា គម្រោងនេះអាចនឹងចាប់ផ្តើមដំណើរការសាងសង់នៅចុងឆ្នាំ២០១៦ ប្រសិនបើដំណើរការដោះស្រាយប្រព្រឹត្តិទៅបានល្អ។

តំណាងពលរដ្ឋមួយរូប អ្នកស្រី មាស ស្រីមុំ និយាយថា អ្នកស្រីសប្បាយចិត្តដែលក្រសួងបានសន្យាបើកវេទិការសាធារណៈតាមបំណងដែលពលរដ្ឋចង់បាន។ តែទោះជាយ៉ាងណាអ្នកស្រីនៅតែមានការព្រួយបារម្ភ ព្រោះអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្លូវរថភ្លើងត្រូវបានកំណត់ដោយអនុក្រឹត្យ គឺមានគម្លាតចម្ងាយ៣០ម៉ែត្រម្ខាងៗពីអ័ក្សផ្លូវរថភ្លើង មានន័យថា លំនៅដ្ឋានពលរដ្ឋដែលនៅជិតផ្លូវរថភ្លើងតិចជាង៣០ម៉ែត្រ គឺមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។ ប្រការនេះហើយ ដែលធ្វើឲ្យពលរដ្ឋព្រួយបារម្ភពីការបណ្ដេញចេញទាំងបង្ខំ ព្រោះប្រជាពលរដ្ឋភាគីច្រើន ដែលរស់នៅតំបន់នេះ មិនមានប្លង់កម្មសិទ្ធិនោះទេ គឺមានតែសៀវភៅគ្រួសារ និងលិខិតស្នាមផ្សេងៗតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីអ្នកស្រី មាស ស្រីមុំ ។
សូមគួររលឹកថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៦ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៥មករា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំនួន ៤ បន្ថែមទៀត ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនដែលតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកក្នុងរាជធានីភ្នំពេញ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនផងដែរ៕