ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងធ្វើការផ្សព្វផ្សាយអប់រំអំពីគ្រោះថា្នក់ចរាចរណ៍បង្កដោយគ្រឿងស្រវឹងនៅក្នុងឆ្នាំ២០១៧នេះ ដោយមានស្ពតអប់រំខ្លីៗចំនួនដប់និងមានរឿងអប់រំខ្លីៗផ្សេងទៀត។ យុទ្ធនាការអប់រំក្រោមចំណងជើងថា«មហន្តរាយគ្រួសារដោយពិសារគ្រឿងស្រវឹងពេលបើកបរ»ធ្វើឡើងក្នុងគោលដៅបញ្ជ្រាបក្រុមប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនក្នុងមួយឆ្នាំៗ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃព្រហស្បត្តិ៍ទី១២មករា។
ស្ពតវីដេអូនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលកើតមានឡើងបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ ដែលផលប៉ះពាល់នេះ មិនត្រឹមតែធ្លាក់ទៅលើជនរងគ្រោះដែលពិសារគ្រឿងស្រវឹងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕