ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំរវាងក្រសួង រ៉ែ និងថាមពល ជាមួយអង្គការសង្គមស៊ីវិល ដើម្បីបំភ្លឺជុំវិញភាពមិនប្រក្រតីនៃអាជីវកម្មនាំខ្សាច់ចេញទៅក្រៅប្រទេស និងប្រាក់ចំណូលពីអាជីវកម្មនេះ កាលពីថ្ងៃសុក្រម្សិលមិញ ដោយអង្គការសង្គមស៊ីវិលស្នើឲ្យ ក្រសួងផ្អាកការនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស។ ជុំវិញការស្នើសុំនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រសួងនឹងពិចារណាសំណើរនេះ។ ចំណែកអនុ ប្រធានកម្មាធិការរដ្ឋសភាទទួលបន្ទុករ៉ែ និងថាមពល គ្រោងនឹងដាក់លិខិតស្នើទៅប្រធានគណៈកម្មាធិការរដ្ឋសភា ដើម្បីកោះហៅរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល មកបំភ្លឺជុំវិញការបាត់លុយរាប់រយលានដុល្លារអាមេរិក។

បន្ទាប់ពីមានភាពចម្រូងចម្រាស់ទៅលើទិន្នន័យនៃការនាំចេញខ្សាច់ទៅក្រៅប្រទេស ក្រុមអង្គការសង្គមមួយចំនួន ដែលធ្វើទាក់ទងនឹងធនធាន ធម្មជាតិ និង តម្លាភាព បានស្នើឱ្យក្រសួងរ៉ែ និងថាមពល បញ្ឈប់ការនាំខ្សាច់បណ្តោះអាសន្នសិន។
សង្គមស៊ីវិលស្នើសុំផ្អាកការនាំចេញធនធានខ្សាច់នេះ ធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលចំនួន ៤៧ កាលពីថ្ងៃទី ៣១ តុលា បានដាក់លិខិតចំហមួយទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពន្យល់អំពីកម្ពុជាបាត់លុយជាង ៧៥០ លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញខ្សាច់ទៅលក់ទៅប្រទេសសិង្ហបុរីក្នុងអំឡុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥។
កាលពីម្សិលមិញ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយស្នើសុំឲ្យអង្គការសង្គមស៊ីវិល ដែលមានឆន្ទៈក្នុងការចូលរួមការ ពារធនធានធម្មជាតិពិតប្រាកដ ត្រូវសហការជាមួយក្រសួង ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ជៀសវាងការបកស្រាយណាមួយដោយគ្មានមូល ដ្ឋានច្បាប់ច្បាស់លាស់ ប្រាសចាកពីបទដ្ឋានបច្ចេកទេស ដើម្បីគ្រាន់តែបំពុលមតិមហាជន។
ជុំវិញសេចក្តីប្រកាសព័ត៌មាននេះ លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានឲ្យដឹងថា អង្គការសង្គមស៊ីវិលស្នើសុំឲ្យក្រសួងផ្អាកការនាំខ្សាច់នៅក្រៅប្រទេសបណ្តោះអាសន្ននេះ គឺក្នុងគោលបំណងប្រយោជន៍សាធារណៈ ពុំមានចេតនាអ្វីផ្សេងឡើយ។ លោកបញ្ជាក់ថា ការស្នើសុំផ្អាកលក់ខ្សាច់ទៅក្រៅប្រទេសនេះ គឺ សំដៅតែការនាំចេញខ្សាច់សមុទ្រប៉ុណ្ណោះ។ លោក សន ជ័យ ថា សង្គមស៊ីវិលនៅតែមានជំហរចង់ឲ្យក្រសួងផ្អាកការនាំចេញនេះដដែល។
ស្តាប់សំឡេងលោក សន ជ័យ៖
ចំណែកអនុប្រធានគណៈកម្មាធិការរដ្ឋសភា ទទួលបន្ទុកគណៈកម្មាធិការសាធារណៈ ការដឹកជញ្ជូន ទូរគមនាគមន៍ ប្រេសនីយ៍ ឧស្សាហកម្ម រ៉ែ និង ថាមពល ពាណិជ្ជកម្ម ដែនដី នគរូបនីយកម្ម និងសំណង់ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា លោកនឹងដាក់លិខិតទៅប្រធានគណៈកម្មាធិ ការរដ្ឋសភារបស់លោកដើម្បីស្នើសុំឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល មកបំភ្លឺករណីបាត់លុយជាច្រើនរយលានដុល្លារពីការលក់ខ្សាច់នេះ។ លោក ម៉ៅ មុនីវណ្ណ បន្តថា លោកចង់ឲ្យក្រសួងរ៉ែ និងថាមពលផ្អាកការនាំចេញខ្សាច់នេះដែរ។
ស្តាប់សំឡេងលោក ម៉ៅ មុនីវណ្ណ៖
ជុំវិញការស្នើសុំផ្អាកនាំចេញខ្សាច់ទៅក្រៅប្រទេសនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួងនឹងពិចារណាសំណើរនេះ។
ស្តាប់សំឡេងលោក ឌិត ទីណា៖
ទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាននាំខ្សាច់ចេញក្នុងបរិមាណសរុបចំនួនប្រមាណ ២,៨លាន ក្នុងតម្លៃ ៥,៥ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសសិង្ហបុរីនៅចន្លោះឆ្នាំ ២០០៧ និងឆ្នាំ ២០១៥ ។ ប៉ុន្តែយោងតាមទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គសហប្រជាជាតិបានឱ្យដឹងថា ចំនួនខ្សាច់ដែលសិង្ហបុរីនាំចូលពីកម្ពុជា មានចំនួន ៧២,៨ លានតោន៕