ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា គ្រោងចេញប័ណ្ណសម្គាល់ដល់ព្រះសង្ឃ ដើម្បីឱ្យពលរដ្ឋងាយស្រួលសម្គាល់ថាជាសង្ឃពិត ពេលលោកនិមន្តបិណ្ឌបាត្រ។ ការគ្រោងចេញប័ណ្ណសម្គាល់សង្ឃនេះ គឺបន្ទាប់ពីសមត្ថកិច្ចចាប់បានជនក្លែងបន្លំធ្វើជាព្រះសង្ឃ ដែលដើរបិណ្ឌបាត្របោក ប្រាស់ប្រជាពលរដ្ឋចំនួន ១៥ ករណីកាលពីឆ្នាំមុន។
លោក ផន ដាវី មានប្រសាសន៍ថា ក្នុងពេលឆាប់នេះ ក្រសួងនឹងចេញប័ណ្ឌសម្គាល់ព្រះសង្ឃសម្រាប់ឱ្យព្រះសង្ឃក្នុងរាជធានីភ្នំពេញ ពាក់តាមព្រះកាយពេលនិមន្តចេញបិណ្ឌបាត្រ ដើម្បីឱ្យពលរដ្ឋងាយស្រួលចំណាំថា ជាព្រះសង្ឃពិត ឬក្លែងក្លាយ។ លោកថា ការចេញវិធានការបែបនេះ គឺដើម្បីទប់ស្កាត់បាតុភាពព្រះសង្ឃក្លែងក្លាយ ដែលកន្លងមកបានដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ បង្កឱ្យពលរដ្ឋអសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
លោក ផន ដាវី បញ្ជាក់ថា នៅក្នុងប័ណ្ណសម្គាល់នេះ ក៏មានដាក់លេខទូរស័ព្ទព្រះចៅអធិការផងដែរ ករណីមានការសង្ស័យ ពលរដ្ឋអាចទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីព្រះចៅអធិការបាន។ «ការក្លែងបន្លំរបស់ជនខិលខូចមួយចំនួនដែលមកធ្វើជាបុព្វជិត អញ្ចឹងគឺយើងនឹងមានប័ណ្ណសម្គាល់ដែលចេញដោយព្រះចៅអធិការគ្រប់វត្តទាំងអស់ក្នុងរាជធានីភ្នំពេញ ទាំង១៤៩វត្ត ប្រសិនមានអង្គណានិមន្តបិណ្ឌបាត្រ គឺយើងមានប័ណ្ណសម្គាល់ប្រគេនលោក ដោយលោកអាចកិបហ្នឹងស្បងយាមក៏បាន ឬអាចពាក់ករបស់លោកបាន ដើម្បីធ្វើយ៉ាងណា ឱ្យពុទ្ធបរិស័ទសម្គាល់ថា នេះពិតជាព្រះសង្ឃពិតប្រាកដ។»
របាយការណ៍ សង្ឃសន្និបាតបូកសរុបលទ្ធផលការងារព្រះពុទ្ធសាសនា រាជធានីភ្នំពេញ ប្រចាំឆ្នាំ ២០១៦ និងទិសដៅឆ្នាំ២០១៧ បានបង្ហាញថា ក្នុងឆ្នាំ ២០១៦ មានបាតុភាពដើររ៉ៃអង្គាស ធ្វើជាប្រ យោជន៍បុគ្គល មាន ៥៥ ករណី កើនឡើង ២ដងលើសឆ្នាំមុន។ ចំណែកការក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រ កើតមាន ១៥ ករណី។ រីឯករណីរ៉ៃអង្គាសជាក្រុមមានលក្ខណៈមិនច្បាស់លាស់ ប្រើឧឃ្ឃោសនស័ព្ទ និងរូបភាពផ្សេងៗកើតឡើងច្រើនជាងឆ្នាំមុន។
របាយការណ៍ដដែលបង្ហាញថា វត្តនៅក្នុងរាជធានីភ្នំពេញមានសរុប ១៤៩ វត្ត។ វត្តគណៈមហានិកាយមានចំនួន ១៤២ និង វត្តគណៈធម្មយុត្តិក និកាយមានចំនួន ០៧ ។ ព្រះសង្ឃសរុបទាំងពីរគណមានចំនួន ៧៨៨៥ អង្គ ភិក្ខុ ៤០១៤ អង្គ សាមណេរ ៣៨៧១អង្គ៕