ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាបាលនិតិកាលទី៦នេះ បានបន្តផ្តល់អាទិភាពយ៉ាងខ្លាំងលើការការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការគាំពារសង្គម ព្រោះវាជាស្នូលនៃការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍសង្គម ការកែលម្អកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ នេះបើតាមសុន្ទរកថា របស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងក្នុងឱកាសបើកសន្និសិទជាតិលើកទី ២ ស្តីពី សមាហរណកម្មវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ និងទី៥ ខែធ្នូឆ្នាំ២០១៨នេះ។

បញ្ហាជំងឺក្រិសក្រិន និងស្គមស្គាំងលើកុមារ នៅតែជាប្រធានបទក្តៅ និងជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដែលកំពុងតែរួមគ្នាគិតនិងដោះស្រាយ។ បើតាមសុន្ទរកថា របស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន បទឱ្យដឹងថា បញ្ហាជំងឺក្រិសក្រិន និងស្គមស្គាំងលើកុមារ គឺបណ្តាលមកពីកង្វះអាហារូបត្ថម្ភ និងអនាម័យក្នុងជីវភាពរស់នៅ។ បញ្ហានេះបានបង្កផលប៉ះពាល់ដល់ការលូតលាស់របស់កុមារ ទាំងខួរក្បាល និងសរីរាង្គរយៈពេល ១០០០ថ្ងៃ(មួយពាន់ថ្ងៃ)ដំបូងនៃជីវិតកុមារ ពិសេសដំណើរការអភិវឌ្ឍសរីរាង្គទារកនៅក្នុងផ្ទៃម្តាយ នៅពេលដែលស្រ្តីជាម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភ។
ការវិវឌ្ឍដ៏ល្អប្រសើរនៅរយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិតទារក និងកុមារគឺមានសារៈសំខាន់បំផុតក្នុងវ័យជាទារក និងវ័យកុមារ។ តែពួកគេបានក្លាយជាជនរងគ្រោះពីផលប៉ះពាល់នៃជំងឺផ្សេងៗ ដែលបណ្តាលមកពីកង្វះទឹកស្អាតសម្រាប់បរិភោគ កង្វះបង្គន់អនាម័យប្រើប្រាស់ និងកង្វះទម្លាប់លាងដៃជាមួយសាប៊ូ។
តាមការសិក្សារបស់អង្គការស្បៀងអាហារពិភពលោក សហការជាមួយនឹងបណ្តាអង្គការនានា បានរកឃើញថា កង្វះអាហារូប ត្ថម្ភធ្វើឱ្យបាត់បង់សេដ្ឋកិច្ចជាតិជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។លើសពីនេះទៅទៀត កង្វះអាហារូបត្ថម្ភរបស់កុមារអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនាពេលអនាគត ដោយសារលទ្ធភាពក្នុងការក្របជញ្ជក់ចំណេះដឹង និងកម្លាំងបញ្ញារបស់ពួកគេនឹងត្រូវធ្លាក់ចុះ។
ម្យ៉ាងវិញទៀតផលប៉ះពាល់វិស័យសេដ្ឋកិច្ចដែលបណ្តាលមកពីបញ្ហាកង្វះខាតអនាម័យ ក៏មានទំហំធំធេងផងដែរនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយត្រូវបានគេមើលរំលងក្នុងការរៀបចំផែនការអភិវឌ្ឍ ជាពិសេសគឺបង្គន់អនាម័យ និងការលាងដៃនឹងសាប៊ូ។ នៅកម្ពុជា បើតាមរបាយការណ៍ ស្តីពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃអនាម័យនៅកម្ពុជាឆ្នាំ២០០៨ របស់ធនាគារពិភពលោករកឃើញថា កម្ពុជាបានខាតបង់ថវិកាប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំ ពីផលប៉ះពាល់នៃកង្វះអនាម័យ។ ក្នុងនោះខាតបង់ ១៨៧លានដុល្លារលើការព្យាបាលជំងឺ ខាតបង់លើការបំពុលប្រភពទឹក ១៥០លានដុល្លារ ខាតបង់លើពេលវេលាដើរទៅបន្ទោបង់ក្នុងព្រៃ ៣៨លានដុល្លារ និងខាតបង់លើផ្នែកទេសចរណ៍ចំនួន៧៣លានដុល្លារ។

យោងតាមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍឱ្យដឹងថា ទំនាក់ទំនងរវាងអនាម័យ និងអាហារូបត្ថម្ភ ត្រូវបានសិក្សាឃើញថា កុមាររស់នៅក្នុងសហគមន៍ដែលមានបង្គន់អនាម័យប្រើប្រាស់ និងមានអនាម័យល្អក្នុងការរស់នៅ កុមារនោះនឹងមានការលូតលាស់ល្អ ហើយអត្រានៃបញ្ហាក្រិសក្រិនក៏បានធ្លាក់ចុះ បើធៀបទៅនឹងកុមារដែលរស់ក្នុងបរិស្ថានដែលមានអនាម័យមិនល្អ។ ការសិក្សានោះក៏បានរកឃើញផងដែរថា កុមារអាយុក្រោម ៥ឆ្នាំ រស់នៅក្នុងសហគមន៍ដែលមានអនាម័យមិនល្អ គឺមានកម្ពស់ទាបប្រមាណ ២ ទី៣ សង់ទីម៉ែត្រ ទាបជាងកុមារដែលរស់នៅសហគមន៍ដែលមានអនាម័យមិនល្អ។ លើសពីនេះការសិក្សាក៏រកឃើញទៀតថា កុមារដែលទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យល្អ បន្ថែមពីលើកិច្ចអន្តរាគមន៍នានាផ្នែកអាហារូបត្ថម្ភ ក៏មានការលូតលាស់ប្រសើរជាងកុមារ ដែលទទួលបានកិច្ចអន្តរាគមន៍ផ្នែកអាហារូបត្ថម្ភតែមួយមុខ ដោយមិនមានលទ្ធភាពទទួលបានសេវាទឹកស្អាតនិងអនាម័យប្រើប្រាស់ប្រចាំថ្ងៃនោះ។
បច្ចុប្បន្នកម្ពុជាមានកុមារតូចប្រមាណមួយលាននាក់ ស្មើនឹង១១% នៃប្រជាជនសរុបក្នុងប្រទេស។ ក្នុងនោះកុមារតូចមានអាយុក្រោម ៥ឆ្នាំមានប្រមាណ ៣២%មានបញ្ហាក្រិន, ២៤% មានទម្ងន់មិនគ្រប់ និង១០%មានរូបរាងស្គមស្គាំង។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០១៤។

ឈរលើរបកគំហើញនេះ ការលាងដៃនឹងសាប៊ូ ជាកម្មវិធីអនាម័យមួយអាចកាត់បន្ថយជំងឺរាករហូតដល់ទៅ ៤៧% ការបរិភោគទឹកស្អាតជួយកាត់បន្ថយជំងឺរាករហូតដល់ទៅ៤១% ផងដែរ។ ជារួមការរស់នៅមានអនាម័យល្អ រួមមានទម្លាប់លាងដៃនឹងសាប៊ូ មានទឹកស្អាតបរិភោគ និងមានបង្គន់អនាម័យប្រើប្រាស់ គឺជាស្នូលនៃការអន្តរាគមន៍សម្រាប់លើកកម្ពស់សុខភាពមាតា និងទារកក្នុងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងនានាបណ្តាលមកពីបញ្ហាកង្វះអនាម័យ។
ក្នុងទិសដៅជាយុទ្ធសាស្រ្តនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា បានកំណត់បង្កើនយន្តការសម្រាប់បង្កលក្ខណៈក្នុងការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទប្រកបដោយនិរន្តរភាព។ បង្កើនហិរញ្ញប្បទានសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ។ បង្កើនសេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទប្រកបដោយនិរន្តរភាព។ ជំរុញលើកទឹកចិត្តប្រជាជន ឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព។
ក្នុងន័យនេះក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតសំខាន់លើការងារលើកកម្ពស់អនាម័យជនបទ ដែលចាត់ទុកជាការងារមានលក្ខណៈអន្តរវិស័យទាមទារឱ្យមានការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នា។ ជាងនេះទៀតការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថគ្រប់ជាន់ថ្នាក់ នឹងធ្វើឱ្យកម្ពុជាប្រសើរឡើងឈានទៅទទួលបានជោគជ័យក្នុងឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកំណត់ថា ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវបានផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព៕