ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រុមហ៊ុនថ្នាំជក់ឱ្យដឹងថា ប្រជាពលរដ្ឋពេញវ័យកម្ពុជាលើសពី ២ លាន ៣សែននាក់ និងកុមារលើសពី ១.០០០ នាក់កំពុងបន្តប្រើប្រាស់ថ្នាំជក់ជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាលើសពី ១ម៉ឺន នាក់ បានស្លាប់ដោយសារជំងឺដែលបណ្តាលមកពីថ្នាំជក់។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងសុខាភិបាលបើកយុទ្ធានាការផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ ដើម្បីដាស់តឿនប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ដោយសារផ្សែងបារី។
ក្រសួងសុខាភិបាលកម្ពុជា បានបើកយុទ្ធនាការផ្សព្វផ្សាយផលប៉ះពាល់នៃផលិតផលថ្នាំជក់ទៅលើសុខភាព ដើម្បីរំឭកដល់ប្រជាពលរដ្ឋកម្ពុជា អំពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការស្រូបផ្សែងបារីចំពោះកុមារ។

យុទ្ធនាការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ នៅក្រសួងសុខាភិបាល។ ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល លោកស្រីបណ្ឌិត ឈា ឆដាភា បានមានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដែលធ្វើឡើងនៅក្នុងថ្ងៃនេះ គឺធ្វើឡើងស្របពេលដែលកម្ពុជា ទើបតែមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់ ដែលច្បាប់តម្រូវឱ្យមានការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ដល់ប្រជាពលរដ្ឋ។
លោកស្រីបន្តថា ការប្រើប្រាស់បារី ការស្រូបផ្សែងបារីពីអ្នកជក់បារី បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកមិនជក់បារី ដូច្នេះមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល ត្រូវតែដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការអ្នកមិនជក់បារី កុំឱ្យស្រូបផ្សែងបារីពីគេតទៅទៀត និងឱ្យមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ លោកស្រីបណ្ឌិត ឈា ឆដាភា បានបង្ហាញពីការជឿជាក់ចំពោះយុទ្ធនាការរយៈពេល ០៣ ខែ គិតចាប់ពីខែធ្នូ ដល់ខែកុម្ភៈខាងមុខនេះថា យុទ្ធនាការនេះ នឹងផ្លាស់ប្តូរឥរិយាបថអ្នកកំពុងប្រើប្រាស់ថ្នាំជក់ អ្នករស់នៅក្បែរអ្នកជក់បារី ឱ្យយល់ដឹងពីផលប៉ះពាល់សុខភាពផ្សេងៗ ដែលបង្កឡើងពីការប្រើប្រាស់ថ្នាំជក់។
លោកស្រីបណ្ឌិត ឈា ឆដាភា មានប្រសាសន៍ថា៖ « ប្រហែល ៨០ % នៃអ្នកជក់បារីអាចផ្តាច់ការជក់បារីបាននៅពេលដែលពួកគាត់បានយល់ពីផលប៉ះពាល់នានា ដែលកើតចេញពីបារីបានជាក់លាក់ ហើយគាត់មានការតាំងចិត្តនៅក្នុងការផ្តាច់បារី។ ដូច្នេះ យុទ្ធនាការថ្ងៃនេះ យើងសំណូមពរ និងអំពាវនាវដល់អ្នកជក់សូមផ្តាច់បារីនៅក្នុងថ្ងៃនេះ ដើម្បីការពារសុខភាពរបស់គាត់ និងការពារកូនតូចៗរបស់គាត់ពីគ្រោះមហន្តរាយនៃថ្នាំជក់»។

នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានមានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការនៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ ៨៤ % កំពុងសំណូមពរឱ្យរាជរដ្ឋាភិបាលហាមឃាត់ការជក់បារីនៅភោជនីយដ្ឋាន ៨៥ % ហាមមិនឱ្យជក់បារីនៅក្នុងអគារធ្វើការ និង ៨៧ % ហាមមិនឱ្យជក់បារីនៅតាមទីសាធារណៈ និងពេលកំពុងធ្វើដំណើរតាមមធ្យោបាយសាធារណៈ។
លោក មុំ គង់ បានលើកឡើងថា ក្នុងការសិក្សាស្រាវជ្រាវរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅក្នុងឆ្នាំ ២០១៤ ស្ត្រី ៧៥ % និងកុមារ ៨៥ % បានស្រូបផ្សែងបារីពីបុគ្គលម្នាក់នៅគ្រួសារ ហើយការស្រូបផ្សែងបារីនេះ បានបណ្តាលឱ្យកុមារកើតជំងឺសួត ជំងឺហឺត ជំងឺឆ្លងត្រចៀក ការរលូតកូន និងកូនកើតមិនគ្រប់ទម្ងន់ជាដើម។
លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថា៖ «គ្មានប្រទេសណាមួយបង្ហាញឱ្យឃើញថា ការអនុវត្តការហាមឃាត់ការជក់បារីនេះមិនទទួលបានជោគជ័យ មិនអាចកាត់បន្ថយអត្រាអ្នកជំងឺ ឬចំនួនអ្នកចូលមន្ទីរពេទ្យទេ។ គ្រប់ប្រទេសទាំងអស់នៅពេលដែលអនុវត្តការហាមឃាត់ការជក់បារីមក ឃើញថា ការកាត់បន្ថយចំនួនអ្នកជំងឺ និងចំនួនអ្នកចូលមន្ទីរពេទ្យបានយ៉ាងច្រើន ហើយភាគរយនៃការកាត់បន្ថយបានប៉ុណ្ណានោះ គឺវាអាស្រ័យទៅលើការអនុវត្តច្បាប់»។
លោក James Rarick តំណាងអង្គការសុភាពពិភពលោក បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) គាំទ្រចំពោះមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ដែលបានផ្សព្វផ្សាយយុទ្ធនាការនេះ ព្រោះកន្លងទៅប្រទេសជាង ២០ ក្នុងពិភពលោក បានធ្វើយុទ្ធនាការនេះដោយជោគជ័យ។ លោកថា នៅក្នុងផែនការយុទ្ធសាស្ត្ររបស់សាកលលោក ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ២០១៣ - ២០២០ គឺត្រូវកាត់បន្ថយអត្រានៃការជក់បារីឱ្យបាន ៣០ % ក្នុងនោះ ប្រទេសទាំងអស់ក្នុងពិភពលោកអនុម័តយល់ព្រមកាត់បន្ថយ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោក James Rarick បន្តទៀតថា៖ « ដើម្បីឱ្យអត្រានៃការជក់បារីថយចុះ ៣០% ទាល់តែប្រទេសនីមួយៗបង្កើតច្បាប់មួយ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដើម្បីគ្របដណ្តប់លើទីកន្លែងធ្វើការ ក្នុងអគារធ្វើការ កន្លែងសាធារណៈ ហើយនិងនៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ… ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់មានតួនាទីសំខាន់ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់និងអ្នកជក់បារី»។
សូមជម្រាបថា នៅយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ដល់សុខភាពនេះ ក្រសួងសុខាភិបាលក៏ប្រើប្រាស់វីដេអូអប់រំរយៈពេល ១៥ វិនាទី និង ៣០ វិនាទី ដើម្បីផ្សព្វផ្សាយដល់សាធារណជន តាមរយៈទូរទស្សន៍ក្នុងស្រុកមួយចំនួន ដែលវីដេអូមានចំណងជើងថា “ថ្នាំជក់ធ្វើឱ្យទារករបស់អ្នកស្លាប់” បង្ហាញពីការស្រូបផ្សែងបារីរបស់កុមារពីមនុស្សចាស់ បណ្តាលឱ្យកុមារមានជំងឺមហារីកសួតយ៉ាងធ្ងន់ធ្ងរ៕