ភ្នំពេញ៖ ក្រសួងយុតិ្តធម៌បានកោះប្រជុំមន្ត្រីតុលាការទូទាំងប្រទេសជាបន្ទាន់ ក្នុងការសម្រេចឃុំខ្លួនប្រជាពលរដ្ឋរឿងទំនាស់ដីធ្លី កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញ។ កិច្ចប្រជុំមន្ត្រីតុលាការនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បានសម្តែងការខកចិត្ត ចំពោះការឃុំខ្លួនពលរដ្ឋពីរនាក់ក្នុងរឿងទំនាស់ដីធ្លីដោយអយុត្តិធម៌របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំមន្ត្រីតុលាការទូទាំងរាជធានី ខេត្តថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីបង្កើតយន្តការដោះស្រាយបញ្ហាឃុំខ្លូនបណ្តោះអាសន្នក្នុងរឿងទំនាស់ដីធ្លី ដែលមានលក្ខណៈសមូហភាព។

អ្នកនាំពាក្យរូបនេះបានបន្ថែមថាការប្រជុំនេះបានណែនាំមន្ត្រីតុលាការទាំងអស់ត្រូវចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវតាមច្បាប់ និងមានភាពទន់ភ្លន់ក្នុងការសម្រេចចិត្តឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងវិវាទដីធ្លីសមូហភាព។
លើសពីនេះទៅទៀត លោក ជិន ម៉ាលីន ថា តុលាការទាំងអស់ត្រូវធ្វើការពិភាក្សាគ្នាជាមុនសិន មុននិងធ្វើការសម្រេចកាត់សេចក្តីក្នុងរឿងរសើបៗ ដែលពាក់ព័ន្ធរឿងអយុត្តិធម៌ក្នុងសង្គម ដូចជាករណីឃុំខ្លួនប្រជាពលរដ្ឋពីរនាក់នៅខេត្តកំពង់ស្ពឺ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែការសម្រេចចិត្តយ៉ាងណានោះគឺ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការតែប៉ុណ្ណោះ។
«យើងបានឯកភាពគ្នាជាគោលការណ៍ គឺមុនសម្រេចសេចក្តីបញ្ហារសើប ឬរឿងអយុត្តិធម៌ក្នុងសង្គម ពាក់ព័ន្ធប្រយោន៍សមូហភាព ប៉ុន្តែមិនមែនថាគាត់ [តុលាការ] មិនអាចសម្រេចសេចក្តីដោយខ្លួនឯងបានទេ ប៉ុន្តែគាត់អាចធ្វើការពិភាក្សាគ្នាជាក្រុមបាន តាមរយៈតេលេក្រាម ឬ គ្រុបឆាតផ្សេងៗ ថាតើត្រូវធ្វើយ៉ាងដូចម្ត៉េច តែការសម្រេចចិត្តយ៉ាងណានោះស្ថិតទៅលើឆន្ទានុសិទ្ធិរបស់តុលាការតែប៉ុណ្ណោះ»។
កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន បានចេញបញ្ជាឱ្យកូនប្រុសរបស់សម្តេចទាំងពីរនាក់ គឺលោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ធ្វើដំណើរទៅកាន់ទីស្នាក់ការតុលាការខេត្តកំពង់ស្ពឺទាំងយប់ ដើម្បីដោះលែងស្ត្រី ២ នាក់ ដែលជាប់ឃុំក្នុងរឿងទំនាស់ដីធ្លី។
ការដោះលែងប្រជាពលរដ្ឋពីរនាក់ឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន តាមបញ្ជាសម្តេច ហ៊ុន សែន នេះ ត្រូវបានរងការរិះគន់ពីអង្គការសង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍សង្គមថា បានលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការ ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថា បញ្ហានេះ រដ្ឋាភិបាលពុំបានលូកដៃទៅក្នុងស្ថាប័នតុលាការឡើយ ព្រោះលោកយល់ថា សម្តេច ហ៊ុន សែន គ្រាន់តែសម្តែងការខកចិត្តចំពោះការឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងដីធ្លីដោយអយុត្តិធម៌បុណ្ណោះ ។
«តាមទស្សនៈរបស់ខ្ញុំគិតថា ការបញ្ជូនកូនសម្តេចទាំងពីរមិនមែនជាការដាក់សម្ពាធ ឬការជ្រៀតជ្រែកអ្វីទេ ធម្មតាគាត់ក្នុងនាមជានាយករដ្ឋមន្ត្រីមែន ក៏ប៉ុន្តែគាត់មានទឹកចិត្តមនោសញ្ចេតនាដូចមនុស្សទូទៅដែរ មានក្តីអាណិតអាសូរ មានក្តីមេត្តា ដោយគាត់សម្លឹងទៅមើលយុត្តិធម៌ក្នុងសង្គមជារួម ហើយគាត់សឹងតែដោយសារផលប្រយោជន៍ប្រជាពលរដ្ឋ គាត់អាចប្តូរជាមួយកូនរបស់សម្តេចបាន»។
ស្ត្រីម្នាក់នាក់ក្នុងចំណោមស្ត្រី ២នាក់ គឺអ្នកស្រី យូ រ៉ន បានប្រាប់វិទ្យុស្ត្រីតាមរយៈខ្សែទូរស័ព្ទថា កូនប្រុសរបស់សម្តេចទាំងពីរ បានទៅដោះលែងអ្នកស្រី និងតំណាងសហគន៍ម្នាក់ទៀត គឺអ្នកស្រី អ៊ិត រុំ ទាំងយប់ ព្រមទាំងនាំពួកគេទៅសម្រាកនៅសណ្ឋាគារមួយនៅក្នុងខេត្តកំពង់ស្ពឺ រហូតដល់ព្រឹកឡើង ទើបកូនលោកនាយករដ្ឋមន្ត្រីដឹកអ្នកស្ត្រីតាមរថយន្ត ទៅគេហដ្ឋានអ្នកស្រី ព្រមទាំងជួយឧបត្តមស្ត្រីចំនួន ៣០០ ដុល្លារ ក្នុងម្នាក់ៗផងដែរ។
អ្នកស្រី យូ រ៉ន និងអ្នកស្ត្រី អ៊ិត រុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា ក្នុងរឿងទំនាស់ដីធ្លីជាមួយអ្នកមានអំណាចនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រឿងបញ្ហាវិវាទដីធ្លី។
បើតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កាលពីឆ្នាំ២០១១ បានបង្ហាញថា ប្រជាពលរដ្ឋប្រមាណ ៤០០ នាក់ ត្រូវបានអាជ្ញាធរចោទប្រកាន់ និងមនុស្ស ៩៥ នាក់ក្នុងចំណោមនោះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងតវ៉ាជម្លោះដីធ្លី។
ចំណែករបាយការណ៍ស្រាវជ្រាវរឿងដីធ្លីរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា NGO Forum បានបង្ហាញនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦ ឱ្យដឹងថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរ៉ាំរ៉ៃធ្ងន់ធ្ងរមានចំនួន ១៣ ករណីស្ថិតក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា៕