ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានពិភាក្សារួមគ្នានៅថ្ងៃសុក្រទី២១ ខែមេសានេះលើសេចក្តីព្រាងប្រកាសរួមចុងក្រោយស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នករាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តី។ សេចក្តីប្រកាសរួមនេះធ្វើឡើងដើម្បីការពារកិត្តិយសជនរងគ្រោះពីអំពើហិង្សា។

អំពើហិង្សាលើស្ត្រីជាច្រើនទម្រង់តាមរយៈការផ្សព្វផ្សាយព័ត៌មាននឹងត្រូវការពារដោយក្រមប្រតិបតិសំរាប់អ្នកកាសែត។ ក្រមប្រតិបត្តិដែលដោយក្រសួងកិច្ចការនារីនិងក្រសួងព័ត៌មាន។ នេះគឺជាខ្លឹមសារនៃសេចក្តីប្រកាសរួមនៃក្រសួងទាំងពីរ។
ក្រសួងទាំងពីរដែលបានប្រជុំពិភាក្សាគ្នាកាលពីព្រឹកថ្ងៃសុក្រនេះក្នុងទីក្រុងភ្នំពេញដើម្បីបញ្ចប់សេចក្តីព្រាងលើក្រមប្រតិបត្តិសំរាប់អ្នកកាសែតដើម្បីបញ្ចៀសរូបភាពនៃអំពើហឹង្សាលើស្ត្រីដែលបង្កឡើងដោយប្រពន្ធ័ផ្សាយ។
អំពើហឹង្សាលើស្ត្រីទាំងនោះរួមមានហឹង្សាផ្លូវកាយ ហិង្សាផ្លូវចិត្ត ផ្លូវភេទ ឬ អំពើហិង្សាផ្នែកសេដ្ឋកិច្ច ហើយត្រូវបណ្តាញផ្សព្វផ្សាយយកមកលាតត្រដាងដោយពុំមានការការពារដល់ស្ត្រីរងគ្រោះ។
មួយវិញទៀតសេចក្តីប្រកាសរួមនេះនឹងទប់ស្កាត់ផងដែរ សេចក្តីរាយការណ៍ព័ត៌មាននានាដែលច្បាមយកព័ត៌មានស្តីពីហឹង្សាលើស្ត្រីដើម្បីធ្វើជាការផ្សព្វផ្សាយដើម្បីកំប្លែង ឬដើម្បីកំសាន្ត។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ដែលបានដឹកនំាការពិភាក្សានេះ មានប្រសាសន៍ថាក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នករាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តីនេះ នឹងជួយឲ្យអ្នករាយការណ៍ព័ត៌មានពីករណីហិង្សាលើស្រ្តី និងជនប្រព្រឹត្តិបទល្មើស ជាជាងរាយការណ៍ដាក់បន្ទុកជនរងគ្រោះ។
លោក អ៊ុក គឹមសេង សង្ឃឹមថា អ្នករាយការណ៍ព័ត៌មាននឹងមានការប្រុងប្រយ័ត្នក្នុងរាយការណ៍ព័ត៌មាន ឬ អត្ថាធិប្បាយ អំពីអំពើហិង្សាលើស្រ្តីណ ហើយចាត់ទុកថាអំពើហឹង្សាគឺជារឿងខុសច្បាប់ និងមិនមែនជារឿងលេងសោចឡើយ។
សេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នករាយការណ៍ព័ត៌មានអំពីអំពើហិក្សាលើស្រ្តី មានចំនួន ១៥ ប្រការ។
ហើយក្រមប្រតិបត្តិនេះក៏ធ្វើឡើងដើម្បីកែប្រែឥរិយាបទសង្គមក្នុងការលុបបំបាត់អំពើហិង្សាលើស្រ្តី។
ខ្លឹមសារចាប់ពីប្រការទី១ ដល់ប្រការទី១៥ នៃក្រមប្រតិបត្តិនេះ បានជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍អំពីហិង្សាលើស្រ្តី តាមរបៀបផ្តល់ដំណឹង សម្រាប់ជាវិធានការពាក់ព័ន្ធស្វែងរកដំណោះស្រាយ និងការអប់រំជាដើម។

លោក សុខ លំាង ទីប្រឹក្សាគម្រោងក្រមសីសធម៌សារព័ត៌មាន ក្នុងការរាយការណ៍អំពីអំពើហិង្សាលើស្រ្តី របស់ក្លឹមអ្នកកាសែតកម្ពុជា បានឲ្យដឹងថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ព័ត៌មានគោរពភាពឯកជន សេចក្តីថ្លៃថ្នូរ និងការពារសុវត្ថិភាពជនរងគ្រោះ ដោយជៀសវាងការបង្ហាញអត្តសញ្ញាណច្បាស់ ទីកន្លែងជាក់លាក់ រូបភាពកាចសាហាវនៃអំពើហិង្សាទំាងនោះ។
បើតាមរបាយការណ៍របស់អង្គការមូលនិធិអាស៊ីដែលបង្ហាញ កាលពីថ្ងៃទី០៩ ធ្នូ ឆ្នាំ២០១៦ ថា អំពើហិង្សាលើស្ដ្រីដែលមិនថយចុះទេ ពីព្រោះតែកម្មវិធីមួយចំនួនរបស់ស្ថានីយ៍ទូរទស្សន៍ល្បីៗនៅកម្ពុជា សុទ្ធតែផ្ទុកនូវខ្លឹមសារអំពើហិង្សា គ្រប់ទម្រង់ទៅលើស្ត្រី។ តាមអង្គការនេះ កម្មវិធីទូរទស្សន៍បានផ្ទុកនូវខ្លឹមសារអំពើហិង្សាលើស្ត្រីខ្លាំងជាងគេ។ បន្ថែមពីនេះអង្គការនេះបានរកឃើញទៀតថា អំពើហិង្សាលើស្ដ្រីនិងកុមារ ភាគច្រើនទាំងអ្នករងគ្រោះនិងអ្នកប្រព្រឹត្ដ គឺពួកគេមានការចេះដឹងតិចតួច ហើយជាងនេះពួកគេជាក្រុមមនុស្សមានអាយុចន្លោះពី ២៦ដល់៤៩ឆ្នាំ ជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាល៕