ភ្នំពេញ៖ ក្រសួងបរិស្ថានបានកំណត់ទិសដៅយុទ្ធសាស្រ្តចំនួន ៣ធំៗ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើឱ្យនៅកម្រិត០%នៅមុនឆ្នាំ២០៤០។ នេះជាការកំណត់បន្ថែមទស្សនវិស័យថ្មីដែលក្រសួងប្តេជ្ញាអនុវត្តតាមស្មារតីនៃការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី០១ ធ្នូនេះឱ្យដឹងថា ក្រសួងនេះបាន ប្តេជ្ញាចិត្តបន្ថែមទស្សនៈវិស័យ ៣ធំៗដើម្បីគ្រប់គ្រងព្រៃឈើ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័ន្មផ្ទះកញ្ចក់ឱ្យនៅកម្រិត០%នៅមុនឆ្នាំ២០៤០។
យុទ្ធសាស្រ្តទាំង ៣នោះរួមមាន ៖
ទី១- ធានាបាននូវតុល្យភាពនៃការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ជក់ពីវិស័យព្រៃឈើ។ ទី២- បង្កើនកម្រិតជីវភាពសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើផលព្រៃឈើ។និងទី៣- ពង្រឹងប្រភពផ្គត់ផ្គង់ផលិតផលឈើ ដោយត្រូវការពារព្រៃឈើធម្មជាតិ។
ការកំណត់បន្ថែមទស្សនវិស័យគ្រប់គ្រងព្រៃឈើរយៈពេលវែងនេះ ធ្វើឱ្យស្របតាមស្មារតីនិងចំណាររបស់នាយករដ្ឋមន្រ្តីដែលបានសម្រេចកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឧស្ម័នផ្ទះកញ្ចក់មានពីរប្រភេទ គឺឧស្ម័នផ្ទះកញ្ចក់កើតមានពីធម្មជាតិ និងឧស្ម័នផ្ទះកញ្ចក់ ដែលកើតចេញពីសកម្មភាពរបស់មនុស្ស។
ឧស្ម័នផ្ទះកញ្ចក់កើតមានពីធម្មជាតិ វាមានអត្ថប្រយោជន៍ និងបានជួយដល់មនុស្សជាតិទៅវិញទេ ព្រោះប្រសិនបើគ្មានឧស្ម័នផ្ទះកញ្ចក់កើតមានពីធម្មជាតិនេះ នោះសីតុណ្ហភាពមធ្យមលើភពផែនដីនឹងត្រូវមានកម្រិតទាបជាងបច្ចុប្បន្ន រហូតដល់ទៅ ៣០អង្សា ដែលធ្វើឲ្យជីវិតមនុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដី ពិបាកនឹងរស់។
តែអ្វីដែលមនុស្សជាតិមានការព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ គឺការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពីសកម្មភាពរបស់មនុស្ស។ នៅពេលដែលឧស្ម័នផ្ទះកញ្ចក់កើតចេញពីសកម្មភាពរបស់មនុស្សមាននៅក្នុងបរិយាកាសកាន់តែច្រើន វាអាចទប់កម្តៅព្រះអាទិត្យបានកាន់តែច្រើន ដែលជាហេតុធ្វើឲ្យសីតុណ្ហភាពលើភពផែនដីត្រូវកើនកំដៅកាន់តែខ្ពស់ផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តជំនាញខាងអាកាសធាតុបានធ្វើការប៉ាន់ស្មានជាទូទៅថា ឧស្ម័នផ្ទះកញ្ចក់ចម្បងបំផុត ដែលកើតចេញពីសកម្មភាពរបស់មនុស្ស គឺឧស្ម័នកាបូនិក ដែលមានប្រភពចម្បងចេញពីគ្រឿងម៉ាស៊ីនដើរដោយប្រេង និងធ្យូងថ្ម ដូចជា គ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម ម៉ាស៊ីនយានយន្តជាដើម។ ចំណែកការកាប់បំផ្លាញព្រៃឈើក៏ជាដើមហេតុដែលនាំឲ្យឧស្ម័នកាបូនិកនៅក្នុងបរិយាកាសកើនឡើងផងដែរ។

ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជាដើមជាប្រទេសដើមចមឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់នេះ។ សង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហ៍កម្មរបស់ប្រទេសធំៗទាំងនេះមានសន្ទុះកាន់តែខ្លាំង ក៏ដោយសារតែពួកគេបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនក្នុងបរិយាកាសភពផែនដី។
ប្រទេសធំៗមានសេដ្ឋកិច្ចជឿនលឿនសុទ្ធតែត្រូវជាប់ក្នុងកិច្ចព្រមព្រៀងកាត់បន្ថយការឡើងកំដៅនៃភពផែនដី។
តាមរយៈកិច្ចព្រមព្រៀង ប្រទេសទាំងអស់មានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ២%ក្នុងមួយឆ្នាំៗ។ ប្រទេសធំៗទាំងនោះត្រូវបានថយកំណើនសេដ្ឋកិច្ចបន្តិចមកវិញតាមរបស់ការគោរពកិច្ចព្រមព្រៀងនេះ។
សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើលោក បានប្រកាសជំហរចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ តាមរយៈគោលនយោបាយរបស់លោក ដូណាល់ ត្រាំ។
បារាំងដែលជាអ្នកផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងនេះឡើង បានអំពាវនាវដល់ពិភពលោក ត្រូវរួមដៃគ្នារក្សាលំនឹងនៃភពផែនដី ពោលគឺមិនត្រូវគេចយកតែរួចខ្លួននោះទេ។ ប្រធានាធិបតីបារាំងលោក ម៉ាញ៉ូអ៊ែល ម៉ាក្រង់ បានថ្លែងថា អ្នករកគ្រោះពីការប្រែប្រួលអាកាសធាតុកើតចេញពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ គឺជាប្រជាជនរស់នៅក្នុងតំបន់ និងនៅប្រទេសក្រីក្រ។
កម្ពុជាមិនមែនជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ តែកម្ពុជាជាប្រទេសដែលត្រូវរងគ្រោះក្នុងបរិបទនៃបំរែបម្រួលបរិយាកាសភពផែនដីនេះ។

តែយ៉ាងណាក្តី កម្រងទិន្នន័យបំរែបម្រួលគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០០៦-២០១៦ របស់ក្រសួងបរិស្ថានតាមរយៈការសិក្សាបែបវិទ្យាសាស្រ្តព្យាករណ៍ដោយផ្កាយរណបង្ហាញថា អត្រាភាព រិករិលនៃព្រៃឈើក្នុងតំបន់ការពារធម្មជាតិ មានការថយចុះគួរឱ្យកត់សំគាល់ នៅរយៈពេល២ឆ្នាំ ចុងក្រោយ ដោយគិតជាមធ្យមមានត្រឹមតែ ០,៣%ប៉ុណ្ណោះ។
ទូរលេខនេះបង្ហាញពីការធ្លាក់ចុះជាមធ្យមប្រចាំឆ្នាំនៃភាពរិចរិលនៃព្រៃឈើប្រមាណពាក់កណ្តាលអំឡុងពេលពីឆ្នាំ២០១០-២០១៤ ដែលមានប្រមាណ០,៦២%។
តាមព្យាករណ៍នៅក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត អត្រាភាពរិចរិលធនធានព្រៃឈើ នឹងបន្តធ្លាក់ចុះជាបន្តទៀតដោយសារប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋានពីកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
ក្រសួងបរិស្ថានថ្មីៗនេះបានបង្កើតតំបន់ការពារធម្មជាតិសរុបមាន ៥១កន្លែង និងរបៀងជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ៣ កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីទូទាំងប្រទេស៕