en     km
en     km

ក្រសួងបរិស្ថានបន្តជំរុញឱ្យញែកសំរាម និងការកែច្នៃប្លាស្ទិក

Share

ការកើនឡើងនៃបរិមាណសំរាម សំណល់រឹងទីប្រជុំជនពី ១ឆ្នាំទៅ១ឆ្នាំ អាចបង្កនូវបញ្ហាប្រឈម និងផលវិបាកដល់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងការបាត់បង់សោភ័ណភាពនៃទីប្រជុំជនរាជធានីក្រុងស្រុក។​ ក្នុងនោះ ក្រសួងបរិស្ថានបានដាក់ចេញពីយុទ្ធនាការមួយចំនួន ក្នុងពេលដែលកំពុងបន្តជំរុញឱ្យពលរដ្ឋចេះញែកសំណល់សំរាមទៅតាមប្រភេទនីមួយៗ និងចូលរួមកែច្នៃប្លាស្ទិកទៅតាមលទ្ធភាព។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

 

ការប្រើសម្ភារៈដែលធ្វើចេញពីសារធាតុប្លាស្ទិកកើនឡើងក្នុងកម្រិតខ្ពស់ ដែលក្នុងនោះប្រជាពលរដ្ឋម្នាក់ប្រើថង់ប្លាស្ទិក ពី ៥-៦/១ថ្ងៃ និងនៅភ្នំពេញមានការប្រើថង់ប្លាស្ទិកប្រមាណ១០លានថង់ក្នុង១ថ្ងៃ។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ជាទូទៅថា ថង់ប្លាស្ទិកគឺសម្ភារៈប្លាស្ទិកដែលបម្រើប្រយោជន៍និងផ្តល់ភាពងាយទៅដល់ផ្នែកអាហារ និងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវប្លាស្ទិក ស្លាបព្រា សម កាំបិត បំពង់បឺត និងប្រអប់ជ័រជាដើមនោះ បានកំពុងតែពេញនិយមប្រើប្រាស់។ សម្ភារៈប្លាស្ទិកសម្រាប់វេចខ្ចប់របស់របរប្រើប្រាស់ វេចខ្ចប់អាហារក្រៀម នំ និងស្ករគ្រាប់ ក៏កាន់តែសំបូរបែប និងមានចំនួនច្រើនជាលំដាប់។ លោក ខ្វៃ អាទិត្យា ឱ្យដឹងទៀតថា ក្នុង ១ឆ្នាំ សំណល់ប្លាស្ទិកប្រើបានតែមួយដងមានជាង ៣០០ តោន (ថង់តូចៗ ចាន កែវ និងប្រអប់ស្នោរ) ត្រូវបានប្រមូលចេញពីស្ថានីយបូមទឹកលូទាំង ១០ទីតាំងនៅរាជធានីភ្នំពេញ។

សកម្មភាពសិស្សសាលារើសស្លឹកឈើ។ រូបភាព៖ ក្រសួងបរិស្ថាន

 

ដើម្បីចូលរួមចំណែកកាត់បន្ថយបញ្ហានៅចំពោះមុខ អ្នកនាំពាក្យរូបនេះលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំទិសដៅសម្រាប់ឆ្នាំបន្ទាប់គឺឆ្នាំ២០២៥ ដោយមានទាំងការជំរុញឱ្យមានការញែកសំរាម ញែកសំណល់រឹងនៅនឹងកន្លែង និងការកែច្នៃឡើងវិញ ការរៀបចំការណែនាំអំពីការញែកសំណល់ ការជំរុញការរៀបចំឱ្យមានធុងសំរាមសម្រាប់ការញែកការគាំទ្រមធ្យោបាយសម្រាប់ការញែកសំរាម ការរៀបចំធនាគារប្លាស្ទិក និងការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតតាមសាលារៀនជាដើម។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតសាធារណជនក្នុងការចូលរួមចំណែកបន្ថែមទៅលើបញ្ហាបរិស្ថាន និងបញ្ជ្រាបការយល់ដឹង។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន

 

ជុំវិញបញ្ហាបរិស្ថាននេះ លោក ខ្វៃ អាទិត្យា យល់ឃើញថា ពលរដ្ឋខ្មែរជាច្រើនកំពុងចូលរួមសកម្មភាពយ៉ាងផុសផុល ជាពិសេសយុវជនកម្ពុជានាពេលបច្ចុប្បន្នបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កែប្រែទម្លាប់ និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ។  ចំពោះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាព កំពុងរៀបចំឱ្យមានធុង កន្លែងទុកដាក់និងញែកសំរាម ឬធ្វើជាធនាគារប្លាស្ទិកពេលពេញធុងសំរាម។ ជាងនេះ ពលរដ្ឋអាចយកសំណល់សំរាមយកទៅលក់ប្តូរបានជាថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពម្តងមួយខេត្តៗឱ្យបានទូទាំងប្រទេស។

សកម្មភាពសិស្សសាលា អាណាព្យាបាល និងអ្នកគ្រូ រើសសំរាមតាមសួនច្បារក្បែរបរិវេណសាលារៀន។ រូបភាព៖ ក្រសួងបរិស្ថាន

 

ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ ក្រុមហ៊ុនក្រដាសអនាម័យ​ MG Pacific Company Limited បានកែប្រែខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនមួយឱ្យស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន។ ក្រុមហ៊ុនក្រដាសអនាម័យនេះ បានផ្លាស់ប្ដូរការវេចខ្ចប់ប្រភេទក្រដាសកងបន្ទប់ទឹក ដែលមានប្រើប្លាស្ទិករុំព័ទ្ធជុំវិញពីក្រៅ ទៅជាប្រអប់ថ្លាជ័រជំនួសវិញ។ ការណ៍នេះបង្កឱ្យអតិថិជនប្រើប្រាស់ក្រដាសកងអនាម័យនៅតាមផ្ទះ សាលារៀន រោងចក្រ និងមន្ទីរពេទ្យ​ជាដើម បានចូលរួមកាត់បន្ថយការបញ្ចេញប្លាស្ទិកក្នុងបរិស្ថានបានដោយប្រយោល ខណៈប្រអប់ដាក់ក្រដាសអនាម័យ ដែលប្រើអស់ ក្រុមហ៊ុននឹងប្ដូរជូនអតិថិជនវិញ។

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះធ្វើឡើងមិនត្រឹមតែកែច្នៃការវេចខ្ចប់មួយមុខនោះទេ តែលោកថា ក្រុមហ៊ុន MG ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។ បន្ថែមពីនេះ លោកថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតនិងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងជំរុញឱ្យអ្នកប្រើប្រាស់មានផ្នត់គំនិតចេះកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។

ប្រអប់ជ័រដាក់ក្រដាសអនាម័យកងដាក់បន្ទប់ទឹក។ រូបភាព៖ WMC/Socheata

 

ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញពីអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជាង ៩,៧ អង្គ/លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។

រូបភាពប្លាស្ទិក

 

លោក ខ្វៃ អាទិត្យា ថានេះជាជោគជ័យមួយដែលលើសពីការរំពឹងទុករបស់ក្រសួងបរិស្ថានដ្បិតប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈ សាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ បច្ចុប្បន្ននេះ នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មីមួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ មួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត រើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ឬ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការប្រមាណ៣,៤៧លាន អង្គ/នាក់៕

Share

ព័ត៌មានទាក់ទង