en     km
en     km

កម្មករ ក្នុងចម្ការ ចេក និងកៅស៊ូ ប្រឈមនឹងកង្វះខាតការគាំពារសង្គម ស្នើឱ្យមានដំណោះស្រាយ

Share

កម្មករ ក្នុងចម្ការ ចេក និងកៅស៊ូ ប្រឈមនឹងកង្វះខាតការគាំពារពីសង្គម។ លើសពីនេះ កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សម្ភារ និងឧបករណ៍ការពារឱ្យបានត្រឹមត្រូវ។ របាយការណ៍នេះត្រូវបានបង្ហាញដោយអង្គការសង្គមស៊ីវិលនៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដែលរៀបចំឡើងដោយអង្គការអុកស្វាម កាលពីពេលថ្មីៗនេះ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

 

កញ្ញា ថែល ស្រីពៅ កម្មការិនីធ្វើការនៅចម្ការចេកឱ្យ ក្រុមហ៊ុនវៀតណាមមួយ ក្នុងខេត្តក្រចេះបានឱ្យដឹងថា សម្រាប់លក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនដែលកំពុងបំពេញការងារសព្វថ្ងៃ កញ្ញានៅមិនទាន់ទទួលបានពេញលេញនៅឡើយទេ ដូចជាបណ្ណ ប.ស.ស និងមិនមានថ្ងៃឈប់សម្រាក គឺត្រូវធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍។ កញ្ញាបន្ថែម ទៀតថា សម្រាប់កន្លែងស្នាក់នៅបំពេញការងារវិញ គឺមានការខ្វះខាតបន្ទប់ទឹកនៅឡើយ។ ហេតុនេះកញ្ញា ហែល ស្រីពៅ បានបញ្ជាក់ថា បញ្ហាដែលប្រឈមនេះគឺភាគីក្រុមហ៊ុន ចាំបាច់ក្នុងការដោះស្រាយសម្រាប់កម្មករ ព្រោះកម្មករដែលធ្វើការនៅទីនោះមានរយៈពេលយូរមកហើយ។

កញ្ញា ថែល ស្រីពៅ៖« ខ្វះប.ស.ស គឺ​បញ្ហាកំឡុងពេលគ្រោះថ្នាក់ធ្វើការងារ ពេលទៅពេទ្យប្រសិនបើមិនទាន់បើកលុយ យើងទៅពេទ្យមានហានិភ័យដែរ មានអ្នកខ្លះគេស្គាល់ពេទ្យ គេអាចជំពាក់ពេទ្យបាន ប៉ុន្តែប្រសិនបើយើងអ្នកចំណាកស្រុក ជំពាក់ពេទ្យអត់បាន មានតែនៅផ្ទះព្យាបាលខ្លួនឯង ពេលដែលខ្ញុំធ្វើការ ខ្ញុំពុលថ្នាំ ថ្នាំគេបាញ់ស្លឹក ខ្ញុំទើបមកធ្វើការអត់ស្គាល់ពេទ្យ អ៊ីចឹងខ្ញុំនៅព្យាបាលខ្លួនឯង ប៉ុន្តែអាចនឹងរ៉ាំរ៉ៃដល់ឥឡូវ ដោយសារយើងអត់មានវិធានការដូចពេទ្យ អត់ថ្នាំសង្កូវដូចពេទ្យ ព្យាបាលខ្លួនឯង មានតែក្រូចឆ្មារ និងទឹកឃ្មុំប៉ុណ្ណឹង ពេលដែលយើងពុលលើកក្រោយទៀតមានតែអ៊ីចឹងដដែល វារបៀបគ្រាំក្នុង»

កញ្ញា ថែលស្រីពៅ បានសំណូមពរឱ្យក្រុមហ៊ុនទិញសម្ភារឱ្យកម្មករប្រើប្រាស់គ្រប់គ្រាន់  ធ្វើបណ្ណ ប.ស.ស  និងឱ្យកម្មករចុះបញ្ជីជាកម្មករពេញសិទ្ធិ ស្របច្បាប់ ដោយសារតែបច្ចុប្បន្នកម្មករធ្វើការគិតប្រាក់ឈ្នួលតាមថ្ងៃក្នុងមួយថ្ងៃកម្មករស្រីទទួលបានប្រាក់ឈ្នួលចំនួន២៨០០០រៀល និងកម្មករជាបុរសទទួលប្រាក់ឈ្នួលចំនួន៣៣០០០រៀល ហើយកន្លះខែក្រុមហ៊ុនបើកប្រាក់ឈ្នួលឱ្យម្តង។ បន្ថែមពីនេះកញ្ញាសំណូមពរឱ្យក្រុមហ៊ុនធ្វើបន្ទប់ទឹកសម្រាប់កម្មករប្រើប្រាស់ ព្រោះមិនមានបន្ទប់ទឹកប្រើប្រាស់នៅឡើយ ដោយពេលត្រូវការបន្ទោបង់ គឺពួកគេចូលទៅក្នុងព្រៃ។

ដោយឡែកសម្រាប់ អ្នកស្រី ថន ស្រីម៉ៅ កម្មការិនី ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរក្នុងស្រុក នៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា អ្នកស្រីបម្រើការងារក្នុងចម្ការកៅស៊ូ រយៈពេល៧ឆ្នាំមកហើយ ដោយក្រុមហ៊ុនមានកន្លែងឱ្យស្នាក់នៅសមរម្យ និងមានបណ្ណ ប.ស.ស ពេលឈឺថ្កាត់ យកទៅប្រើប្រាស់នៅមន្ទីរពេទ្យដោយមិនចំណាយប្រាក់ផងដែរ។ តែអ្វីដែលអ្នកស្រីនៅខ្វះខាត នោះគឺសម្ភារមួយចំនួនដូចជាស្បែកជើងពាក់ការពារ ប្រើសម្រាប់ចូលក្នុងចម្ការ ព្រោះកន្លងមកអ្នកស្រីផ្ទាល់ រួមទាំងកម្មករដទៃទៀត ធ្លាប់ត្រូវ សត្វក្អែបទិច ។

អ្នកស្រី ថន ស្រីម៉ៅ៖«ខ្ញុំចង់សំណូមពរ ឱ្យមានដូចជាស្បែកជើងពាក់ការពារពេលយប់ បើយើងធ្វើការពាក់ស្បែកជើងធម្មតា វាមានដូចជាពស់ ជាក្អែប អ្នកខ្លះទៅក្អែបខាំ យំ ដេកពេទ្យអ៊ីចឹងទៅ»។

ប្រទេសកម្ពុជា បានផលិតចេក និងកៅស៊ូ ក្នុងទ្រង់ទ្រាយធំសម្រាប់ការនាំចេញ​ ហើយការផលិតនេះបានស្រូបយកនូវកម្លាំងពលកម្ម កម្មករជាច្រើន សម្រាប់វិស័យ កសិ-ឧស្សាកម្ម ចេក​ និងកៅស៊ូនេះ។ ប៉ុន្តែលោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាម បានកត់សម្គាល់ឃើញថា ការចុះបញ្ជីសម្រាប់កម្មករ នៅមានកម្រិតទាបនៅឡើយ ដែលជាហេតុធ្វើឱ្យកម្មករហាក់មិនសូវ ទទួលបានកិច្ចគាំពារពីសង្គមដោយលោកស្រីបានលើកឡើងនូវហេតុផលចំនួនពីរក្នុងនោះ ទី១នៅតំបន់ដាច់ស្រយ៉ាល និងទី២ស្ថិតិរបស់រដ្ឋមិនទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ។

លោកស្រី ភាណ សោភ័ណ៖ «ការចុះបញ្ជីសម្រាប់កម្មករ ដំណាំកសិឧស្សាកម្មនេះនៅមានកម្រិតទាបនៅឡើយដោយសារតែទី ១គឺការគ្របដណ្តប់ស្ថិតនៅក្នុងតំបន់ដាច់ស្រយាល  ទី២ស្ថិតិរបស់រដ្ឋាភិបាលមិនទាន់គ្របដណ្តប់ទៅដល់ ជាពិសេសចំនួនកម្មករ ដែលបានធ្វើការនៅក្នុងវិស័យ កសិ ឧស្សាកម្មបានគ្រប់ជ្រុងជ្រោយនៅឡើយទេ»

លោកស្រីបញ្ជាក់ថា បើទោះជាកម្ម​​​ករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ។

លោកស្រី ភាណ សោភ័ណ ៖«អង្គការអុកស្វាម និងដៃគូសម្រេចចិត្តជ្រើសរើសយកវិស័យដំណាំទាំងពីរនេះមកសិក្សាស្រាវជ្រាវដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសសន្ទនាគោលនយោបាយដើម្បីឱ្យអ្នករៀបចំគោលនយោបាយ ក៏ដូចជាអ្នកអនុវត្តន៍លោកបានដឹងថា ​នៅមានកម្មករជាច្រើនដែលមិនទាន់ទទួលបានការគ្របដណ្តប់ពីគោលនយោបាយ​កិច្ចគាំពារសង្គមទៅដល់ពួកគាត់នៅឡើយទេ»។

លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសុទ្ឋិដិនិយមថា​ កិច្ចសន្ទនាក្រោមប្រធានបទ «ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ» ដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងបញ្ហាជួបប្រទះដោយកសិករជាស្រ្តី ជាអ្នកផលិតកៅស៊ូខ្នាតតូច ជាអ្នកធ្វើការនៅក្នុងចម្ការចេក និងសហគមន៍ព្រៃឈើ ដើម្បីពិភាក្សា និងរិះរកដំណោះសា្រយឱ្យបានសមស្រប។

លោក ខៀវ សាវុធ៖« ការចូលរួមរបស់បងប្អូន ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដំបូង និងទទួលបានមតិយោបល់ល្អៗដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ហើយ ខ្ញុំសង្ឃឹមថា អង្គពិធីទាំងមូល និងផ្តល់មតិយោបល់មានតម្លៃ និងឆ្លុះបញ្ចាំងទិដ្ឋភាពការពិត»។

ជារៀងរាល់ឆ្នាំ របាយការណ៍ស្តីពីការនាំចេញកសិផលកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាលំដាប់។ សម្រាប់រយៈពេល៦ខែឆ្នាំ២០២៤នេះ ការនាំចេញកៅស៊ូបានកើនឡើងដល់ ២២៩ លានដុល្លារ ចំនួននេះបាន កើនឡើង ១៩,៨៣ ភាគរយ​​​ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លាន ដុល្លារ ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ យោងតាមរបាយការណ៍ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា មានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧,១៧២) គិតត្រឹមឆ្នាំ ២០២៣។ ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មានចំនួនជាង១៤ម៉ឺន ៣ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង៩៦ លានដុល្លារ ទោះជាមានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្លែចេករបស់ កម្ពុជា ភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណ ជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា នៅក្នុងឆ្នាំ២០២២ និងអាចមានការ កើនឡើងតិចតួច ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ៕

 

 

 

 

Share

ព័ត៌មានទាក់ទង