ជារឿយៗកម្មករចម្ការចេកក្នុងខេត្តក្រចេះតែជួបប្រទះនូវបញ្ហាបាត់បង់នូវទ្រព្យសម្បត្តិ ដូចជាយានជំនិះនៅក្នុងចម្ការចេកអំឡុងពេលបំពេញការងារ និងករណីប្លន់ផងដែរ។ បញ្ហាទាំងអស់នេះ ធ្វើឱ្យស្ត្រីៗជាកម្មករនៅទីនោះ មានក្តីបារម្ភរាល់ពេលធ្វើដំណើរតាមផ្លូវទៅបើកប្រាក់ ដ្បិតកន្លងមកធ្លាប់មានករណីប្លន់ និងធ្លាប់មានអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ក្នុងកម្មវិធីកិច្ចសន្ទនាថ្នាក់ជាតិស្តីពី «ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែរច្រវាក់ផលិតកម្មចេក និងកៅស៊ូ» ដែលរៀបចំឡើងដោយអង្គការ ៧ស្ថាប័ន ក្នុងនោះ កញ្ញា ថែល ស្រីពៅ តំណាងកម្មករចម្ការចេកមកពីស្រុកស្នួល ខេត្តក្រចេះ លើកឡើងថា ក្រៅតែកម្មករប្រឈមមុខនឹងការបញ្ឈប់ពីការងារហើយនោះ ពួកគេក៏ប្រឈមបញ្ហាសុខសុវត្ថិភាពផងដែរ។ កញ្ញា ថែល ស្រីពៅ បន្ថែមថា កន្លងមកធ្លាប់មានករណីបាត់បង់ទ្រព្យសម្បត្តិដូចជា យានជំនិះ ដោយការលួច ការប្លន់ និងបញ្ហាគ្រឿងញៀនជាដើមនៅកសិដ្ឋានចម្ការចេក។
កញ្ញា ថែល ស្រីពៅ។ WMC/Ngeen seang lim
កញ្ញា ថែល ស្រីពៅ៖ «ពេលខ្លះទៅមានអ្នកសេពគ្រឿងញៀនអ៊ីចឹងហាបង! ទៅ ពេលឱទាហរណ៍ថា ពេលយើងចេញមកបើកលុយពេលយប់អ៊ីចឹងអ្ហឹៈ! ពេលយើងចេញមកវាមិនសូវយប់ទេ ពេលយើងចូលទៅវិញទេ វាយប់ ដល់ពេលមកវិញគេមកអស់ទៅ យើងនៅម្នាក់ឯងវាស្ងាត់ ពេលទៅ! ធ្លាប់មានចោរប្លន់ ចោរអីនៅហ្នុងដែរ»។
រីឯលោក សួន អែម កម្មករចម្ការចេកមួយរូបទៀត ក៏បង្ហាញព្រួយក្តីបារម្ភលើកត្តាសុវត្តិភាព និងទ្រព្យសម្បិត្តិរបស់ខ្លួនផងដែរ ថ្វីដ្បិតថា កន្លងមកមានកម្មករបាត់ទ្រព្យសម្បត្តិជារឿយៗ ដែលជាហេតុធ្វើឱ្យកម្មករភ័យព្រួយរាល់ពេលធ្វើការម្តងៗ។ មួយទៀតលោកថា ភាគីក្រុមហ៊ុនមិនសូវយកចិត្តទុកដាក់ជួយស្វែងរកនៅពេលកម្មករបាត់យានជំនិះនោះឡើយ។
«សុវត្តិភាពទ្រព្យសម្បត្តិអត់អត់អីទេអ្នកគ្រូ ខ្លាចតែយើងដូចថាទៅធ្វើការ ទុកប្រហែលទៅចោលវាលួចទៅបាត់ទៅវាមានដែរ។ បាទៗ នៅក្នុងចំការហ្នឹងប៉ុន្មានគ្រឿងហើយម៉ូតូហ៎! មិនដែលឃើញទេ មិនដែលឃើញក្រុមហ៊ុនណាមកស្រាវជ្រាវ ឬជួយលុយជួយកាក់គ្នាខ្លះទេ»។
នៅក្នុងកម្មវិធីកិច្ចសន្ទនាថ្នាក់ជាតិស្តីពី«ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ផលិតកម្មចេក និងកៅស៊ូ»នោះដែរ លោក ឡេង ពិសិដ្ឋ សហជីពមូលដ្ឋាន និងជាសកម្មជនរបស់សហព័ន្ធកម្មករកសិករកម្ពុជា (CAWF) បានលើកទឹកចិត្តដល់កម្មករ ត្រូវហ៊ានរាយការណ៍ទៅខាងក្រុមហ៊ុនរាល់បញ្ហាដែលខ្លួនបានជួបប្រទះ មិនថា ធំ ឬតូចពេលធ្វើការងារ។ លោកថា ប្រសិនបើកម្មករមិនប្រាប់ទៅខាងក្រុមហ៊ុនក៏មិនដឹងនោះឡើយ ដូច្នេះដំណោះស្រាយក៏មិនអាចកើតមានផងដែរ។
លោក ឡេង ពិសិដ្ឋ។ WMC/Ngeen seang lim
«បើរឿងហ្នឹងខ្ញុំគិតថា សំខាន់លើសាមីខ្លួនរបស់យើង បើសិនជាមានបញ្ហាអីយើងដាក់សម្ពាធទៅខាងក្រុមហ៊ុនពេកក៏មិនកើតដែរ។ ព្រោះបញ្ហាហ្នឹងពេលខ្លះ បើយើងអត់ដាក់បញ្ហាឱ្យគេ(ប្រាប់បញ្ហាទៅក្រុមហ៊ុន) គេម៉េចដឹងថាយើងមានបញ្ហា។ ខ្ញុំជួបភាគច្រើន នេះយើងមិនមែនថា លើកពីបញ្ហាប្រឈមហើយទម្លាក់ទៅក្រុមហ៊ុនទាំងអស់ទេ។ ក្រុមហ៊ុនក៏មានចំណុចល្អដែរ ពេលខ្លះកម្មករមានបញ្ហាអី គាត់អត់ផ្តល់ដំណឹងឱ្យគេទេ ពេលខ្លះអ៊ីចឹងដែរបាទ! ហើយក៏មិនមែនអ៊ីចឹងទាំងអស់ដែរ ខ្លះក៏អត់ដែរ»។
ពាក់ព័ន្ធនឹងការរក្សាទុកទ្រព្យសម្បត្តិរបស់កម្មករលោកថាសង្កត់ធ្ងន់ថា នៅពេលមានកន្លែងថែរក្សាយានជំនិះសម្រាប់កម្មករៗសមរម្យក៏អាចធ្វើឱ្យកម្មករធ្វើការដោយស្ងប់ចិត្ត ផ្តោតលើការងារបានច្រើន ដែលនេះជាប្រយោជន៍ដល់ក្រុមហ៊ុនផងដែរ។ ដូច្នេះហើយ លោកក៏ស្នើទៅបណ្តាក្រុមហ៊ុនទាំងចំការកៅស៊ូ និងចម្ការចេកជួយគិតគូរពីបញ្ហានេះ។
ទាក់ទងបញ្ហាសុវត្ថិភាពនេះ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យុស្ត្រីបានទាក់ទងទៅមេការជនជាតិវៀតណាមដែលមើលការខុសត្រូវនៅតំបន់ចម្ការចេក ឈ្មោះ ចឹង ឃឹមយ៉ាង ដើម្បីសូមការបញ្ជាក់ពីបញ្ហានេះ។ តាមរយៈលោក គីម លី អ្នកបកប្រែភាសាបញ្ជាក់ថា លោកទទួលស្គាល់ពីបញ្ហាដែលកើតមាន ប៉ុន្តែមិនមានបញ្ហាអ្វីធំដុំនោះឡើយ។ ចំពោះបញ្ហាកម្មករបាត់ម៉ូតូនោះ ខាងក្រុមហ៊ុនបានដឹងឮ និងឱ្យសន្តិសុខជួយស្វែងរកផងដែរ តែរកមិនឃើញនោះទេ។
«បាទៗ អាហ្នឹងចាំមើលម៉េចៗ អឺៗ!! ខាងក្រុមហ៊ុនជួនកាលទៅវាៗ ចំការចេកវាធ្វើដាក់នៅចំការចែកអីអ៊ីចឹងទៅ ចោរវាមកលួច អាដែងអឺ! ចោរលួចអី អឺ!!លួចម៉ូតូអ៊ីចឹងទៅ ដល់ពេលហ្នឹង អឺ!! ខាងក្រុមហ៊ុន ខាងសន្តិសុខវាតាមអត់ទាន់អ៊ីចឹងហាស!។ ក្រុមហ៊ុនអឺ!! ក្រុមហ៊ុនវាដឹងឮ ប៉ុន្តែដល់ណាដែលមាន រឿងហ្នឹងទទួលបាត់ទៅ ខាងក្រុមហ៊ុនហ្នឹងក៏ៗជួយឱ្យខាងសន្តិសុខខាងអីជួយរក ស្វែងរកដែលតើ! ហើយដល់ពេលហ្នឹង មិនដឹងជារកនៅណា ជួនកាលយប់វាបាត់អ៊ីចឹងទៅវេលាម៉ោងមាណៗអ៊ីចឹងហាស!»។
រីឯវិធានការណ៍ទប់ស្កាត់ ឬការរក្សាយានជំនិះរបស់កម្មករក្នុងចម្ការ លោកនឹងផ្តល់ព័ត៌មានជូនខាងក្រុមហ៊ុនពីរឿងនេះ ដើម្បីឈានទៅរកវិធានការទប់ស្កាត់៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម