ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំរបស់អាមេរិកឈ្មោះថា Walmart ដែលនាំផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងមុខជំនួញទីផ្សារនាំចេញ ដោយអាស្រ័យ លើបរិយាកាសមុខជំនួញប្រកដោយស្ថិរភាពនឹងការរំពឹងលើទីផ្សាររបស់ខ្លួន។ ការបង្ហាញទស្សនៈរបស់ក្រុមហ៊ុននាំសម្លៀកបំពាក់ដ៏ធំនេះធ្វើឡើងបន្ទាប់ពី គណៈប្រតិភូរបស់ខ្លួនបានមកសិក្សាអំពីស្ថានភាពមុខជំនួញនៅកម្ពុជា ចំពេល អាមេរិក និងសហភាពអឺរ៉ុបនឹងរៀបចំព្យួរការពន្ធអនុគ្រោះនាំចេញដែលគេហៅថា ជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅដំណាក់កាលដំបូងលើកម្ពុជា។

លិខិតផ្ញើមកលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារតាំងពីថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៧ ដែលត្រូវបានចេញផ្សាយជាសាធារណកាលពីថ្ងៃទី២៦ធ្នូ បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនូវការពង្រឹងលក្ខខ័ណ្ឌការងារ និងបង្កើនការគាំពារសង្គមជូនកម្មករកម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ។
ប៉ុន្តែសំណេរដែលមានចរិតកាទូតនេះ បានរំលឹកដល់រដ្ឋាភិបាលកម្ពុជាអំពីបរិកាសមុខជំនួញមានដូចជាស្ថិរភាព និងនីតិរដ្ឋដែលជាកត្តាសំខាន់ នាំឱ្យក្រុមហ៊ុនមួយនេះយកធ្វើជាមូលដ្ឋានដើម្បីពិចារណាបន្តបញ្ជាទិញ និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
ក្នុងន័យ នេះ Walmart បានពន្យល់បន្ថែមថា សម្រាប់រដ្ឋាភិបាលនិងសង្គមស៊ីវិលរបស់យើងវិញ គឺគេត្រូវការតែភាពត្រឹមត្រូវ និងយុត្តិធម៌ ដែលអនុឡោមតាមបទដ្ឋាន និងស្ដង់ដាអន្តរជាតិប៉ុណ្ណោះ។

ទោះបីយ៉ាងណាលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានបង្ហាញសុទិដ្ឋនិយមថា ក្រុមហ៊ុនមួយនេះនឹងបន្តការនាំចេញផលិតផលវាយនភ័ណ្ឌពីកម្ពុជា និងបន្ថែមការវិនិយោគនៅឆ្នាំ២០១៨នេះថែមទៀត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ដូចនេះ លើហ្វេសប៊ុករបស់លោក ដែលត្រូវបានមើលឃើញនៅថ្ងៃម្សិលមិញនេះ។
តែយ៉ាងណាលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ក្រុមហ៊ុនWalmartមានចេតនាដាស់តឿនដល់រដ្ឋាភិបាលកម្ពុជា ពីការកែតម្រូវលក្ខខណ្ឌការងារ ប្រាក់ឈ្នួលកម្មករ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារឱ្យល្អប្រសើរ ពិសេសគឺក្នុងស្ថានភាពប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះនោះ។
លោក អាត់ ធន់ បន្តថា ក្រុមហ៊ុនរបស់អាមេរិកធំជាច្រើននឹងអាចបញ្ឈប់សកម្មភាពវិនិយោគជាមួយកម្ពុជា ប្រសិនបើរដ្ឋាភិបាលអាមេរិកដាក់សម្ពោធមកលើរដ្ឋាភិបាលក្រុងភ្នំពេញកាន់តែច្រើន។
បើតាមមេដឹកនាំសហជីព ក្រុមហ៊ុន Walmart បាននាំចេញស្បែកជើងពីកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីដើមខែធ្នូនេះ គេហទំព័រសារព័ត៌មានបរទេសមួយឈ្មោះថាJust-style.comបានចុះផ្សាយនូវសម្រង់របាយការណ៍មួយរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ដែលមានចំណងជើងថា«កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្សាហកម្មកាត់ដេរ»ហើយអត្ថបទរបស់សារព័ត៌មាននេះថាWTOរម្លឹកកម្ពុជាឱ្យខិតខំធ្វើឱ្យមានទំនុកចិត្តវិនិយោគទុនបរទេសលើវិស័យកាត់ដេរ។
អត្ថបទរបស់សារព័ត៌មានបរទេសចុះផ្សាយទៀតថាវិស័យកាត់ដេរបាននាំឱ្យមានកំណើនGDPរបស់ប្រជាជនកើនឡើងជាខ្លាំង។ ក្នុងន័យនេះអង្គការពាណិជ្ជកម្មពិភពលោករម្លឹកកម្ពុជាថាចាំបាច់ត្រូវធ្វើឲ្យមានទំនុកចិត្តយ៉ាងខ្លាំងអ្នកវិនិយោគទុនបរទេស ដោយបង្កើតឱ្យមានបរិយាកាសវិនិយោគប្រកដដោយភាពសេរី។
កន្លងមកសហរដ្ឋអាមេរិកបានថ្កោលទោសពីការរំលាយគណបក្សប្រឆាំង និងការបិទសិទ្ធិធ្វើនយោបាយសមាជិកបក្សនេះ ជាមួយនឹងការរឹតត្បត់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ជាការឆ្លើយតបក្នុងស្ថានភាពនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរឹតត្បឹតទិដ្ឋាការមន្រ្តីកម្ពុជាដែលពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំង និងរំលោភសិទ្ធមនុស្សហើយពេលនេះ សហគមន៍អន្តរជាតិទាំងពីរបានរៀបចំបង្កកទ្រព្យសម្បតិ្តមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់បក្សកាន់អំណាច។
សហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញវាយនភ័ណ្ឌពីកម្ពុជា បានសម្រេចថានឹងពិនិត្យព្យួរការអនុគ្រោះពន្ធលើផលិតផលពីកម្ពុជាចូលទឹកដីអឺរ៉ុប។
តែបែបនេះក្ដី ប្រមុខរដ្ឋាភិបាល កម្ពុជាសម្ដេចហ៊ុនសែន បានអះអាងថា លោកមិនជឿថា កម្ពុជាងាយរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្ងន់ធ្ងរទេ ព្រោះប្រទេសដែលបានផលប្រយោជន៍ពីកម្ពុជា ពិតជាទទួលស្គាល់ថា កម្ពុជាជាទីផ្សារបស់ពួកគេដែរ។ សម្ដេចថាជាពាណិជ្ជកម្មទ្វេភាគីគឺមានផលប្រយោជន៍ទៅវិញទៅមកដូចគ្នា៕