មេធាវីការពារក្ដីឱ្យកញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ ដែលត្រូវបានគេបង្ហោះសំឡេង តាមហ្វេសប៊ុក ថាមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា កូនក្ដីរបស់ខ្ឡួនបានទាមទារអោយសមត្ថកិច្ចវែកមុខ ជនដែលបង្ហោះខ្សែអាត់សំឡេងដោយចាត់ទុកថា ជារឿងប្រឌិតមួលបង្កាច់។
ការថ្លែងរបស់លោកស្រី មេធាវី គ្រី ឈួន បានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន បន្ទាប់ពី លោកស្រី បានអមដំណើរ កញ្ញា ស្រីមុំ ចូលទៅបំភ្លឺ នៅក្រសួងមហាផ្ទៃ ករណី ខ្សែអាត់សំឡេងតាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលបានបញ្ចប់ជិតម៉ោង ២ រសៀលនៅថ្ងៃនេះ។
លោកស្រីមេធាវី បានបញ្ជាក់ថា កូនក្ដីរបស់លោកស្រី បានទាមទារឱ្យសមត្ថកិច្ចទប់ស្កាត់ ប្រព័ន្ធផ្សព្វផ្សាយណាដែលប្រឌិតសំឡេង និងបង្ហោះតាមប្រព័ន្ធសង្គម ដោយយកសំឡេងរបស់កញ្ញា ស្រីមុំ ធ្វើជាឧបករណ៍។ ជាមួយគ្នានេះ លោកស្រី មេធាវី បានឱ្យដឹងថា កញ្ញា ស្រី មុំ បានទាមទារឱ្យសមត្ថកិច្ចការពារសុវត្ថិភាពជូនកញ្ញា និងគ្រួសារ។

តាមមេធាវីរូបនេះ សមត្ថកិច្ចបានយល់ស្របថានឹងធ្វើតាមសំណើរបស់កញ្ញា ស្រីមុំ ដើម្បីវែកមុខជនដែលច្នៃប្រឌិតសំឡេង ហើយបង្ហោះតាមហ្វេសប៊ុករបស់កញ្ញា។ រយៈពេលចុងក្រោយនេះ សារព័ត៌មានជាច្រើន និងបណ្ដាញសង្គមបានបង្ហោះសារសំឡេងរបស់កញ្ញា ស្រីមុំ ដែលសង្ស័យថា សន្ទនាស្នេហាជាមួយលោក កឹម សុខា ជាសាធារណៈ។ ខ្សែអាត់សំឡេងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីពលរដ្ឋ និងអ្នកសង្កេតការណ៍នយោបាយនៅកម្ពុជា ហើយជាមួយគ្នានេះ ក្រុមយុវជនមួយក្រុម ដែលគេសង្ស័យថា មាននិន្នាការជាមួយគណបក្ស កាន់អំណាច បានទារទាមឱ្យលោក កឹម សុខា បំភ្លឺសំឡេងរបស់លោកដែលមាននៅក្នុង ខ្សែអាត់បង្ហោះតាមហ្វេសប៊ុក។ តែបែបនេះក្ដី លោក កឹម សុខា បដិសេធ មិនឆ្លើយតបឡើយ។
សូមបញ្ជាក់ថា កញ្ញា ស្រីមុំ ដែលទៅបំភ្លឺនៅក្រសួងមហាផ្ទៃព្រឹកមិញនេះ គឺធ្វើឡើងតាម ការអញ្ជើញរបស់ក្រសួងមហាផ្ទៃ និងតបតាមការប្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលថា មានការបរិហារកេរ្ដិ៍៕