en     km
en     km

កងរាជអាវុធហត្ថកំពុងធ្វើការលើសំណុំរឿងមន្រ្តីយោធាម្នាក់ប្រើហិង្សាលើស្រ្តីយ៉ាងដំណំ

Share

ភ្នំពេញ៖សំណុំរឿងមន្រ្តីយោធាម្នាក់ប្រើហិង្សាលើស្រ្តីក្នុងពិធីខួបកំណើត បណ្តាលឱ្យរងរបួសយ៉ាងដំណំនៅគេហដ្ឋានអភិបាលរងស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឥឡូវនេះត្រូវបានបញ្ជូនរឿងទៅតុលាការយោធាហើយ។ នេះបើតាមលោក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២៥នេះ។

ស្រ្តីរងគ្រោះមានឈ្មោះថា សា ខាវី ជាស្រ្តីមេម៉ាយម្នាក់ ត្រូវបានជនបង្កឈ្មោះ ប៊ូ ហ៊ា ភេទប្រុស និងមានមុខរបរជាមន្រ្តីយោធា ប្រើប្រាស់អំពើហិង្សានៅនឹងកន្លែងកម្មវិធី ដែលស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ដើមហេតុដែលឈានទៅដល់ការប្រើហិង្សានេះ ក្រោយពេលជនបង្កបានចោទប្រកាន់ស្រ្តីរងគ្រោះថា បានលួចស្រាដបរបស់ខ្លួនដែលមានតម្លៃថ្លៃនៅក្នុងកម្មវិធីខួបកំណើត​ ធ្វើឡើងនៅផ្ទះអភិបាលរងស្រុកពួក ខេត្តសៀមរាប ។

បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានដាក់ពាក្យបន្តឹងនៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត ដើម្បីសុំការអន្តរាគមន៍ទាមទារយុតិ្តធម៌។ ជាមួយគ្នានេះ លោក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា ករណីនេះបានបញ្ជូនបន្តទៅកងរាជអាវុធហត្ថដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ដ្បិតជនបង្កជាយោធា។

 

លោក ទេព ពុំសែន៖«ពាក់ព័ន្ធនឹងករណីនេះ ​ខ្ញុំបានកសាងនីតិវិធីហើយ ប៉ុន្តែមានការសម្របសម្រួលពីឧត្តមព្រះរាជអាជ្ញា ដោយប្រគល់សំណុំរឿងនេះឱ្យកងរាជអាវុធហត្ថ ដោយសារមន្រ្តីជាអ្នកបង្កជាយោធិន។ អ៊‌ីចឹងសំណុំរឿងខាងអាវុធហត្ថជាអ្នកបន្តនីតិវិធី។»។

បើតាមការបញ្ជាក់បន្ថែម លោក ទេព ពុំសែន សន្និដ្ឋានជាបឋមថា ជម្លោះនេះកើតចេញពីបុគ្គលជាមន្រ្តីយោធាយល់ច្រឡំថាជនរងគ្រោះលួចស្រាខ្លួន ដែលជាក់ស្តែងមានអ្នកផ្សេងជាអ្នកយកទៅទុកប៉ុណ្ណោះ ពុំមែនជាករណីលួចនោះទេ។  ចំពោះ ការលើកឡើងថា ស្រាដបមានតម្លៃរាប់ពាន់ដុល្លារ គឺមិនមែនជាការពិតនោះទេ ដោយខាងរដ្ឋបាលស្រុកអះអាងថា ស្រានោះមានម៉ាក Esprit de Pavie ផលិតនៅឆ្នាំ២០១៨ មានតម្លៃប្រហែលជាង ១០ដុល្លារ។

ករណីហិង្សានេះទៀតសោត ក៏ពុំមែនពាក់ព័ន្ធនឹងលោកអភិបាលរងស្រុកពួកនោះដែរ ដោយសារនៅក្នុងហេតុការណ៍នោះ លោកមិនបាននៅក្នុងគេហដ្ឋានទេ ដោយលោកជាប់រវល់ចូលរួមកម្មវិធីមួយផ្សេងទៀតនៅក្នុងក្រុងសៀមរាបតាំងពីម៉ោងល្ងាច។ នេះបើយោងតាមការបំភ្លឺពីរដ្ឋបាលស្រុកពួកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ យ៉ាងណា ករណីនេះកំពុងបន្តចំណាត់ក្នុងការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនៅឡើយ៕

អត្ថបទដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង