ខេត្តព្រះសីហនុ៖ កងកំលាំង ជើងទឹកអាមេរិក និងកងកំលាំងជើងទឹកកម្ពុជាជាង ៣០០ នាក់ ចូលរួមធ្វើសមយុទ្ធ CARAT រួមគ្នាមួយនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិសុខលំហសមុទ្រ រវាងកងទ័ពប្រទេសទាំង២។ ការធ្វើសមយុទ្ធនេះធ្វើទ្បើងនៅកំពង់ផែរាម ខេត្តព្រះសីហនុ សៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦។ កញ្ញា ច្រឹក ស្រីអូនរាយការណ៍៖
នេះជាសមយុទ្ធប្រចាំឆ្នាំលើកទី ០៧ ដែលមានឈ្មោះថា ការហ្វឹកហ្វឺន និងភាពត្រៀមជាស្រេចសំរាប់កិច្ចសហប្រតិបត្តិការ លើផ្ទៃទឹកនៅកម្ពុជាដែលប្រកាសកម្មវិធីបើកដោយ មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ លោក អ៊ុក សីហា ហើយសមយុទ្ធនេះធ្វើទ្បើងនៅមូលដ្ឋានជើងទឹករាម។
លោក អ៊ុក សីហា មានប្រសាសន៍ថា សមយុទ្ធនេះកើតទ្បើងដោយសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកំលាំងប្រដាប់អាវុធ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកលើកទ្បើងថា បើក្រទ្បេកមើលទៅលើផ្ទៃសមុទ្រ ទាំងក្នុងដែនអធិបតេយ្យភាពប្រទេសនីមួយៗ និងលំហសមុទ្រអន្តរជាតិមានការប្រឈមទៅនឹងការគំរាមកំហែង ហានិភ័យជាច្រើនដូចជា៖
ការប្លន់ប្រដាប់អាវុធ ចោរសមុទ្រ ការរត់ពន្ធរំសេវជាតិផ្ទុះ គ្រឿងញៀន ការចាប់ជំរិត ជួញដូរមនុស្ស និងអន្តរាយផ្សេងៗ ពីគ្រោះធម្មជាតិ ដែលចាំបាច់ត្រូវតែមាន កិច្ចសហការពី កងទ័ពជើងទឹកទាំងនៅក្នុងតំបន់ និងអន្តរជាតិក្នុងការចូលរួម ត្រួតពិនិត្យឆែកឆេរ រុករកជួយសង្គ្រោះ និងការផ្តល់ជំនួយជួយបន្ទាន់ ក្នុងគោលបំណងរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព លើផ្ទៃសមុទ្រ។
លោក អ៊ុក សីហា បញ្ជាក់ថាកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីការធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
លោក អ៊ុក សីហា ៖«យើងក៏មោទនភាពដែរចំពោះលំហាត់នេះ បានសេចក្តីថាវាមានផលប្រយោជន៍សំរាប់កងទ័ពជើងទឹកកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការផង ការបង្កើនសមត្ថភាពនឹងការយល់ដឹងផងជាពិសេសចំណងទាក់ទងនឹងការធ្វើកិច្ចការរវាងកងទ័ពជើងទឹក ទាំង០២ហ្នឹងបន្តមានការវិវត្តន៍រីកចំរើន»។
ចំណែកឯអនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកស្រី ជូ លីជុង មានប្រសាសន៍តាមរយៈអ្នកបកប្រែថា សមយុទ្ធនេះធ្វើទ្បើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ តាមរយៈការហ្វឹកហ្វឺនទ្វេភាគីរវាងកម្ពុជា-អាមេរិក ជាពិសេសដើម្បីធ្វើយ៉ាងណា ឱ្យកងកំលាំងអាចមានលទ្ធភាពឆ្លើយតបនឹងគ្រោះមហន្តរាយ ការជួញដូរមនុស្ស និងសន្តិសុខពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រី ជូ លីជុង ៖«កម្មវិធី CARAT គឺជាប្រតិបត្តិការការពារដែនសមុទ្រ សន្តិសុខដែនសមុទ្រ ទាក់ទងនឹងបញ្ហាចោរសមុទ្រ និងការរត់ពន្ធខុសច្បាប់ផងដែរ»។
សូមជំរាបថា ការធ្វើសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីរួមគ្នារវាងអាមេរិក-កម្ពុជាបានធ្វើទ្បើងចាប់តាំងពីឆ្នាំ២០១០ ហើយការធ្វើសមយុទ្ធនៅឆ្នាំនេះគឺជាលើកទី០៧ ។ការធ្វើសមយុទ្ធនេះមានរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះតទៅ។ ការធ្វើសមយុទ្ធទ្វេភាគីនេះ បានធ្វើឡើងជាបន្តបន្ទាប់ពីមានសមយុទ្ធ កងទ័ពជើងទឹករវាង កង ម៉ារីនអាមេរិក និងកងទ័ពនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាទ្បេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងទីម័រខាងកើត៕