ភ្នំពេញ៖ មរណភាពអតីតនាយករដ្ឋមន្ដ្រីខ្មែរលោក ប៉ែន សុវណ្ណ ក្នុងរបបសាធារណរដ្ឋប្រជា មានិតកម្ពុជា លើបណ្ដាញសង្គមហ្វេសប៊ុក គេសង្គេតឃើញថា មានសារចូលរួមមរណទុក្ខជាច្រើន។ ជុំវិញអតីតកាលរបស់លោក ប៉ែន សុវណ្ណ កាលនៅជាអតីតនាយករដ្ឋមន្ដ្រីក្នុងរបបសា ធារណរដ្ឋប្រជាមានិតកម្ពុជា អ្នកវិភាគយល់ថា លោកមានគុណសម្បត្ដិច្រើនដែលជា ចំណុចល្អនៃ វីរភាពរបស់លោកនាកាលនោះ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច មិនយល់ស្របដូចនេះទេ។ អ្នកនាំពាក្យថា លោក ប៉ែន សុវណ្ណ ពុំមានគុណសម្បត្ដិក្នុងការដឹកនាំនាកាលនោះទេ ។

លោក ប៉ែន សុវណ្ណ បានកាន់អំណាច ត្រឹមតែជាង២ឆ្នាំបន្តិចប៉ុណ្ណោះ ពោលគឺពីឆ្នាំ១៩៧៩-១៩៨១។ លោកក៏ត្រូវ ទម្លាក់ពីអំណាច ដោយចៅហ្វាយចាស់ របស់លោក គឺរដ្ឋាភិបាល វៀតណាម។ ខណៈលោកត្រូវបណ្ដេញពីតំណែងនោះ កងទ័ពវៀតណាម បានចូលចាប់ខ្លួន លោកនៅរាជធានីភ្នំពេញតែម្ដង។ គេអាចគិតថា ដូចជារូបភាពនៃការធ្វើរដ្ឋប្រហារ ទម្លាក់ប្រមុខរដ្ឋាភិបាល ដែលគេហៅថា ប្រធានក្រុម ប្រឹក្សារដ្ឋមន្ត្រី នៃរបបប្រជាមានិតកម្ពុជាដែល វៀតណាម លើកបន្ដុប។ អ្នកតស៊ូ រំដោះប្រទេសពីរបបខ្មែរក្រហម ប្រល័យពូជសាសន៍នេះ ត្រូវបាននាំខ្លួនទៅដេកគុកក្នុងងងឹត នៅទីក្រុងហាណូយអស់រយៈពេលជាង ១០ឆ្នាំ។
អ្វីដែលនាំឲ្យមានការ ទម្លាក់ អតីតនាយករដ្ឋមន្ដ្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រូបនេះពីតំណែង ត្រូវលោក ប៉ែន សុវណ្ណ ខ្លួនលោកផ្ទាល់ អះអាងថា មកពីលោកប្រឆាំង នយោបាយ បង្ហូរជនអន្តោប្រវេសន៍ វៀតណាម មករស់នៅកម្ពុជា ការប្រឆាំងវៀតណាមរំលោភបំពានព្រំដែន និង ករណីកេណ្ឌប្រជាពលរដ្ឋទៅកាប់ព្រៃក្នុងសមរភូមិ ភូមិភាគពាយ័ព្យនៃប្រទេស ដែលជាទី ដ៏រឹងមាំរបស់ពួក ទ័ពព្រៃខ្មែរក្រហម ។
ទំនងកត្ដាទាំងនេះហើយមើលទៅ ដែលធ្វើឱ្យអ្នកលេង បណ្ដាញសង្គមមួយចំនួន បញ្ចេញមតិគាំទ្រ ឧត្តមគតិរបស់លោក ដែលពួកគេចាត់ទុកលោក ជាអ្នកដឹកនាំស្នេហាជាតិ ម្នាក់ដ៏ក្លាហាន នៃប្រជាជនកម្ពុជា។ ពួកគេបានបញ្ចេញនេះ ដែលជាការចូលរួមសោកស្ដាយ វិរជនរបស់ពួកគេ។
លោក ប៉ែន សុវណ្ណ ជាអ្នកតំណាងរាស្ដ្រ នៃគណបក្សសង្គ្រោះជាតិមណ្ឌល កំពង់ស្ពឺ។ លោកបានទទួលមរណភាពនៅវេលាម៉ោង ១៩៖១៥ នាទី នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកដែលស្ថិតនៅខេត្ដ តាកែវ។
លើបណ្ដាញសង្គមហ្វេសប៊ុក page Social Breaking News(SBN) គេឃើញមានអ្នកបញ្ចេញមតិ ជាច្រើន សរសេរកោតសសើរលោក ប៉ែន សុវណ្ណ ។ គណនីដែលមានឈ្មោះថា Bophany Ken សរសេរថា សូមអំពាវនាវ ជូនដល់ បងប្អូន ជនរួមជាតិខ្មែរទាំងអស់ មេត្តាទៅដង្ហែរ សពឯកឧត្តម ប៉ែន សុវណ្ណ ដែលបាន បូជាជីវិត រំដោះ រាស្ដ្រខ្មែរ ពីរបបប្រល័យ ពូជសាសន៍ និងជាបិតា៧ មករាពិតៗ ដែលសុខចិត្តជាប់គុកងងឹត ១០ ឆ្នាំ ៥២ ថ្ងៃ។
ចំណែក Roeun Driver Angkor សរសេរថា គួរឲ្យសោកស្ដាយលោកណាស់ លោកគឺជាវីរជន អ្នកស្នេហាជាតិខ្មែរ សូមវិញ្ញាណក្ខន្ធលោកបានសោយសុគតិភព។ Jully Kouch សរសេរថា ហេតុអីនិយាយពីតំលៃមនុស្សនៅពេលគាត់ស្លាប់ តែពេលនៅរស់មិនលើកមិនអោយកិត្តិយសគាត់អោយសមនិងការលះបង់របស់គាត់ មិនអោយជិវិតចុងក្រោយរបស់អ្នកដែលលះបង់ដើម្បីជាតិបានសមរម្យ។
វីដេអូនៃមរណភាពរបស់លោក ប៉ែន សុវណ្ណ នេះដែរមិនមែនមានតែ page Social Breaking News នោះទេដែលបានបង្ហោះគឺទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏បានបង្ហោះវីដេអូនៃសម្ដីរបស់លោក ប៉ែន សុវណ្ណ កាលនៅមានជីវិតដូចគ្នាដែរ។
នៅខាងក្រោមវីដេអូដែលលោក សម រង្ស៊ី បានផុសមានការបញ្ចេញមតិជាច្រើនគឺបង្ហាញការសោក ស្ដាយនិងកោតសរសើររូបលោកជាខ្លាំង។
Délice Saint-Jean សរសេរថា ប្រវត្តិសាស្ដ្រប្រទេសយើង ជូរចត់ណាស់ ដោយសារតែអ្នកដឹកនាំគ្រប់ជំនាន់គ្មានស្មារត្តីស្នេហារជាតិមាតុភូមិ។
Chantha Chay សរសេរថា អ្វីៗដែលឯកឧត្តមបានកសាង និងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ បានដឹង និងបានឮដល់ គ្រប់ៗខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងក្នុងនិងក្រៅប្រទេស។ ចំណែកអ្នកលេងបណ្ដាញសង្គមឈ្មោះថា Leom Hong សរសេរថា លោកពិតជាមុន្ដ្រីល្អខ្លាំងណាស់របស់ជីដូនជីតាមហានគរខ្មែរ ជាវិរៈបុរសដ៏ល្អ អស្ចារ្យ ក្នុងពិភពលោក។
គណនី Lion SK សរសេរថា សូមវិញ្ញាណក្ខន្ធលោក ជួយពង្រឹងស្មារតីអ្នកស្នេហាជាតិរបស់ជនជាតិខ្មែរ ដើម្បីបុព្វហេតុសន្តិភាព។
ទាំងនេះសុទ្ធសឹងតែជាសារបញ្ចេញមតិយោបល់ពីអ្នកលេងបណ្ដាញសង្គមដែល ស្រលាញ់នឹងកោតសរសើលោក ប៉ែន សុវណ្ណ។ ក្នុងការបញ្ចេញមតិយោបល់ក្នុងបណ្ដាញសង្គមនេះក៏មានអ្នកដែលមិនពេញចិត្ដពីការដឹកនាំរបស់លោក ប៉ែន សុវណ្ណ ផងដែរ។
ជុំវិញមរណភាពលោក ប៉ែន សុវណ្ណ អ្នកវិភាគបង្ហាញជាទស្សនថា លោក ប៉ែន សុវណ្ណ ជាបុគ្គលដែលមានគុណសម្បត្ដិជាច្រើនដែលអាចនិយាយបានថា ជាបុគ្គលដែលស្នហាជាតិ ដោយស្មោះស្ម័ក្រ និងមានឆន្ទៈស្នេហាជាតិខ្ពស់។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីFM102 នៅថ្ងៃ អង្គារិ៍ ទី ០១ វិច្ឆិកា ថា អតីតនាយករដ្ឋមន្ដ្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនេះ មានគុណសម្បត្ដិល្អបីចំណុច៖
-ទី១ គឺលោកហ៊ានតស៊ូប្រឆាំងវៀតណាមដែលចង់ដាក់អាណានិគមន៍មកលើស្រុកខ្មែរ ដែលកាលពីសម័យនោះគឺមានមនុស្សតិចណាស់ហ៊ានតស៊ូប្រឆាំងវៀតណាម។
-ទី២ លោកថា លោក ប៉ែន សុវណ្ណ ជាមនុស្សដែលមានចិត្ដទូលាយ គិតជាតិជាធំ ប្រការនេះអ្នកស្រាវជ្រាវនយោបាយការបរទេសពន្យល់ថា ថ្វីបើសម័យនោះមានខ្មែរខ្លះសម គំនិតជាមួយវៀតណាមដើម្បីចាប់ខ្លួនលោកយកទៅប្រទេសវៀតណាមដើម្បីដាក់គុកក្ដី ក៏លោកមិនបានគុំគួនជាតិសាសន៍ឯង ហើយក្រោយរួចខ្លួនពីការឃុំឃាំងនៅហាណូ លោកនៅតែមកជួយប្រទេសជាតិវិញដដែល។
-ចំណុចទី៣ លោកជាមនុស្សដែលមានទស្សនជាតិនិយម និងមានឆន្ទៈស្នហាជាតិខ្លាំងមួយរូបដែលមិនមែនចេះត្រឹមនិយាយនោះទេ ពោលគឺលោកបង្ហាញសកម្មភាជាក់ស្ដែងតែម្ដង។
លោក ឡុង គឹមឃន៖«មនុស្សយើងភាគច្រើននិយាយពីរឿងជាតិនិយម ក៏ប៉ុន្ដែឯកឧត្ដម ប៉ែន សុវណ្ណ លោកមានគំនិតជាតិនិយមខ្លាំងមែនទែន ខ្ញុំឃើញថា បើទោះបីជីវិតនយោបាយរបស់លោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារការគំរាមកំហែង ការចាប់ចងឬក៏ការប្រមាថមើលងាយក្ដីក្នុងកាលៈទេសៈណាក៏ដោយ ក៏ឯកឧត្ដម ប៉ែន សុវណ្ណ មិនដែលលះបង់ចោលនៅស្មារតីជាតិនិយម ការស្នេហាជាតិ ការស្នេហាទឹកដីរបស់គាត់ទេ»។
យ៉ាងណាក៏ដោយលោក ឡុង គឹមឃន ទទួលស្គាលថា ការដែលលោក ប៉ែន សុវណ្ណ ត្រូវបាន វៀត ណាម ទម្លាក់ពីអំណាច និងចាប់ខ្លួនទៅឃុំខ្លួន នៅគ្រានោះ អាចបណ្ដាលមកពីលោកគិតថា ត្រូវតែដកខ្លួនពីវៀតណាម អោយទាន់ស្ថានការណ៍ បើពុំនោះទេកម្ពុជា នឹងគ្រោះថ្នាក់។
លោក ឡុង គឹមឃន៖«នៅក្នុងកាលៈទេសៈនោះ កាលវៀតណាមគ្រប់គ្រងប្រទេសកម្ពុជា សម្បើមពេកខ្លាំងពេក ហើយវិធីសាស្ដ្រដែលឯកឧត្ដម ប៉ែន សុវណ្ណ លោកជ្រើសរើសយកមកប្រើគឺប្រឈមមុខនឹងវៀតណាមដោយផ្ទាល់តែម្ដង ដូចនេះហើយបានវៀតណាមចាប់ខ្លួនលោកទៅដាក់ពន្ធនាគារ សម្លាប់ជីវិតនយោបាយគាត់ចោល ហើយលើកបន្ដុបក្រុមថ្មីដែលផ្ដល់ផលប្រយោជន៍វៀតណាម ដែលអាចជួយរកផលប្រយោជន៍ឲ្យពួកគេបាន»។
ជុំវិញគុណសម្បត្ដិ និងគុណវិបត្ដិរបស់លោក ប៉ែន សុវណ្ណ ដែលកាលនៅជាអតីតនាយករដ្ឋមន្ដ្រីកាលពីសម័យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មន្ដ្រីបក្សកាន់អំណាចបញ្ជាក់ថា លោក ប៉ែន សុវណ្ណ គ្មានទេគុណសម្បត្ដិ គឺមានតែគុណវិបត្ដិប៉ុណ្ណោះ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ មានគុណវិបត្ដិជាច្រើន ដែលក្នុងនោះរួមមាន ការប្រឆាំងនឹងវត្ដមានកងទ័ពវៀតណាមដែលមកជួយរំដោះពលរដ្ឋខ្មែរពីរបបប៉ុលពត និងទី២ គឺការប្រឆាំងផែនការណ៍ ក.៥ ដែលជាផែនការណ៍ទប់ស្កាត់ប្រឆាំងការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍។
លោក សុខ ឥសាន្ដ៖«ប៉ែន សុវណ្ណ មានគុណវិបត្ដិទី១ គាត់ប្រឆាំងនឹងវត្ដមានកងទ័ពវៀតណាមដើម្បីចូលមករំដោះពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ គាត់ជាមនុស្សមានសតិអារម្មណ៍ចង្អៀតចង្អល់ហួសហេតុគាត់ចង់ឲ្យពលរដ្ឋស្លាប់ក្រោមស្នាដៃរបបប្រលៃពូជសាសន៍ប៉ុលពត ទី២ គាត់ប្រឆាំងនឹងផែនការណ៍ ក.៥ ដែលជាផែនការណ៍ទប់ស្ដាត់របបប្រល័យពូជសាសន៍ប៉ុលពត»។
ទន្ទឹមនឹងការអះអាងរបស់មន្ដ្រីបក្សកាន់អំណាចដូចនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរន្ទេសខ្លួននៅក្រៅប្រទេសក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៣០ ខែ តុលា ថា លោកសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធលោក ប៉ែន សុវណ្ណ ដោយចាត់ទុកលោកជាអ្នកស្នេហាជាតិមួយរូប បានតស៊ូការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ក្នុងកាលៈទេសៈប្រវត្តិសាស្ត្រដ៏លំបាកក្រៃលែង។
ដោយសារតែកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា ១៩៩១ លោក ប៉ែន សុវណ្ណ ត្រូវបានរដ្ឋា ភិបាល វៀតណាមដោះលែងឱ្យមានសេរីភាពវិញ ៕