តំណាងមកពីក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរខេត្តស្ទឹងត្រែង បានទាត់ចោលរបាយការណ៍សិក្សាអង្កេតគោលនយោបាយសំណង គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ របស់អ្នកស្រាវជ្រាវ ដោយចោទថា មិនមានភាពច្បាស់លាស់ និងសម្អៀង ហើយស្នើឲ្យអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធ កែប្រែរបាយការណ៍នេះឡើងវិញ មុននឹងចេញផ្សាយជាសាធារណៈ។
ការច្រានចោលរបស់ការរបស់អង្គការ NGO Forum នេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អង្កេត គោលនយោបាយសំណង និងតម្លៃទ្រព្យ តាមទីផ្សារនៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលរៀបចំឡើងនៅថ្ងៃទី០៩ខែធ្នូនេះ នៅឯមណ្ឌលព័ន្ធកិច្ចឯកភាពគ្រីស្ទបរិស័ទ ភ្នំពេញ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ិត ប្រាំង បានលើកឡើងថា លោកមិនអាចទទួលយករបាយការណ៍នោះបានទេ ព្រោះរបាយការណ៍នោះសរសេរថា គោលនយោបាយសំណងដែលអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋកន្លងមកនោះ មិនឆ្លើយតបទៅនឹងការខូចខាតរបស់ប្រជាជន។
លោកអ៊ិត ប្រាំង បន្តថា តាមរយៈគោលការណ៍សំណងរបស់ក្រុមហ៊ុនកន្លងមក គឺមានប្រជាជនប្រមាណ៩០%បានយល់ព្រមទទួលយកសំណងនោះទាំងស្រុង ចំណែកអ្នកនៅសេសសល់គឺក្រុមហ៊ុនកំពុងចរចាផ្ដល់សំណងបន្ថែម។ «វាផ្ទុយពីការសិក្សារបស់លោក កែម ឡី គឺមានរហូតដល់៩០% យើងបានទូទាត់សំណងប្រសើរជាងលើសពីទ្រព្យប្រជាពលដែលធ្លាប់មាន។ រីឯប្រជាពលរដ្ឋដែលមានផ្ទះធំៗគឺក្រុមហ៊ុនមានសំណងបន្ថែម» ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលជាអ្នកស្រាវជ្រាវអង្កេតគោលនយោបាយសំណង គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ នោះ បានលើកឡើងថា តាមការសិក្សារបស់លោកឃើញថា មានប្រជាពលរដ្ឋប្រមាណ៩៣%មិនយល់ស្របទៅនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២នោះទេ ព្រោះសហគមន៍ដែលពលរដ្ឋរស់នៅមានកន្លែងបន់ស្រន់ ពិសេសគឺមានកន្លែងកប់សពដូនតារបស់ពួកគេ ។
លោកបន្ថែមថា មួយវិញទៀតចំពោះសំណងរបស់ក្រុមហ៊ុន ដែលបានទូទាត់សងដល់ប្រជាជនទៀតសោត ក៏មិនទាន់សមរម្យនោះដែរ ព្រោះសំណងរបស់ក្រុមសងដល់ពលរដ្ឋ គឺជាសំណងសមូហភាព។
លោកកែម ឡី បន្តថា ការដែលមន្ត្រីរដ្ឋាភិបាលតែងតែទាត់ចោលរបាយការណ៍ស្រាវជ្រាវ គឺសឹងតែក្លាយជាវប្បធម៌ទៅហើយ ។ លោកថា ការទាត់ចោលរបាយការណ៍របស់អ្នកស្រាវជ្រាវ សបញ្ជាក់ពីកម្សោយរបស់រដ្ឋាភិបាល ដែលមិនហ៊ានទទួលយកការពិត ដើម្បីយកទៅធ្វើការកែប្រែ។
លោកកែម ឡី មានប្រសាសន៍ថា៖ «ជាទម្លាប់ទៅហើយ ទោះបីជារបាយការណ៍របស់UN របាយការណ៍របស់អ្នករាយការណ៍ពិសេស ក៏រដ្ឋាភិបាលមិនដែលទទួលស្គាល់ទេ ប្រសិនបើគាត់ក្លាហានទទួលយកការពិតនោះគាត់នឹងមានឪកាសនឹងកែប្រែ» ។
ពាក់ព័ន្ធក្នុងរឿងនេះ លោក ស្រី លីបិ តំណាងសហគមន៍ភូមិជ្រុប ស្រុកសេសាន ខេត្តស្ទឹងត្រែង លើកឡើងថា សំណងដែលអាជ្ញាធរបានចុះសិក្សាវាយតម្លៃទូទាត់ សងដល់ប្រជាពលរដ្ឋរងគ្រោះ គឺមិនមែនជាសំណងដែលអាចធានាដល់ការរស់នៅរយៈពេលវែងឆ្ងាយនោះទេ គឺគ្រាន់តែអាចដោះស្រាយបានបញ្ហានៅចំពោះមុខនេះតែប៉ុណ្ណោះ។ លោកបន្តថា លោកគាំទ្រចំពោះការស្រាវជ្រាវរបស់ក្រុមអ្នកឯករាជ្យ ដោយលោកថា ការស្រាវជ្រាវនេះ បានចុះសិក្សាផ្ទាល់ដល់មូលដ្ឋានឆ្ងាយៗ និងបានវាយតម្លៃចំពោះផលប៉ះពាល់រយៈវែង ដែលប្រជាពលរដ្ឋអាចក្រីក្រទៅវិញ ក្រោយទទួលយកសំណងនៅពេលបច្ចុប្បន្ន។ លោកថា៖ «ការស្រាវជ្រាវរបស់លោកបណ្ឌិតនេះពិតជាត្រឹមត្រូវ ព្រោះគាត់បានចុះទៅសិក្សាផ្ទាល់នៅតាមមូលដ្ឋាន ជាពិសេសទៅមូលដ្ឋានដែលឆ្ងាយៗគឺគេអាចដឹងពីស្ថានភាពរបស់ប្រជាបលរដ្ឋទុកលំបាកយ៉ាងណា។ មួយទៀតនោះភោគផល ផលដាំណាំ អចលនាទ្រព្យ សត្វចិញ្ចឹមជាដើមនឹង វាមិនសាកសមទៅនឹងការទូទាត់សំណងនោះទេ»។
យោងតាមរបាយការណ៍របស់NGO Forum បានរកឃើញថា ជាង៩០%នៃអ្នកភូមិដែលបានធ្វើការអង្កេតក្នុងឃុំចំនួន៣ ជាប្រជាកសិករ ហើយជាង៩០% បានស្នើសុំយ៉ាងទទូច ឲ្យលុបចោលការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២។ របាយការណ៍ក៏បានបញ្ជាក់ថា សំណងដែលទាមទារដោយសហគមន៍ និងសំណងដែលស្នើឡើងដោយក្រុមហ៊ុន និងរដ្ឋាភិបាលមានលក្ខណៈខុសគ្នាខ្លាំង។ ការអង្កេតនេះបានរកឃើញថា សំណងគប្បីមានចំនួនជាមធ្យម ប្រមាណជាង១០ម៉ឺនដុល្លារ សម្រាប់គ្រួសារនីមួយៗ បូកនឹងថ្លៃចំណាយសម្រាប់ពិធីតាំងទីលំនៅថ្មី ថ្លៃចំណាយសម្រាប់ការបាត់បង់ឱកាសសេដ្ឋកិច្ច និង ដីព្រៃបញ្ចុះសព និង ដីព្រៃអារក្សអ្នកតានៅក្នុងសហគមន៍នីមួយៗ៕