ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អំពាវនាវពលរដ្ឋខ្មែរ ខិតខំហាលស្រូវអោយស្ងួតដោយរង់ចាំតម្លៃស្រូវឡើងថ្លៃ ដើម្បីចៀសវាងការបង្អាប់ថ្លៃ ពីឈ្មួញ។ ការអំពាវនាវរបស់នាយករដ្ឋមន្ដ្រីធ្វើឡើង នៅពេលសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានប្រវែង១៧២.គម លាតសន្ឋឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់ឃុំ តាអង ខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកានេះ។ សាររបស់នាយករដ្ឋមន្ត្រីទទួលបានការសារទរពី អ្នកជំនាញកសិកម្ម។ កញ្ញា ជុំ ជោគជាតា ជូនព័ត៌មាននេះ៖

ប្រមុខរដ្ឋាភិបាលបាន ថ្លែងនៅចំពោះមុខ ពលរដ្ឋជាច្រើនរយនាក់ដែលបាន មកស្ដាប់សន្ទរកថា របស់លោក ដោយលោកបានថ្លែងថា ដើម្បីឱ្យស្រូវមានតម្លៃ គឺ កសិករត្រូវចេះឆ្នៃប្រឌិតទៅតាមពេលវេលា គឺត្រូវ ធ្វើយ៉ាងណា ឱ្យ ស្រូវស្ងួតល្អ ហើយលក់បានថ្លៃ។
សម្ដេច ហ៊ុន សែន បានពន្យល់បន្ដលើចំនុចនេះថា៖«ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ ក៏យល់អំពីការលំបាករបស់ប្រជាពលរដ្ឋដែលមានតម្រូវការនៃការលក់ស្រូវ យកលុយមកដើម្បីប្រើប្រាស់ រាប់ទាំងសងបំណុលចំពោះមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលខ្លួនទៅខ្ជីគេនោះដែរ។ ប៉ុន្ដែ ខ្ញុំ ព្រះករុណាខ្ញុំយល់ថា បើប្រជាពលរដ្ឋយើងមានការអំណត់បន្តិច មិនត្រូវបានឈ្មួញបង្អាប់ថ្លៃនោះទេ តាមរយៈនៃការច្រូតហើយ បោកបែនវា ហើយហែលវា ទុកវារក្សាទុកសិន កុំអោយឈ្មួញបង្អាប់ថ្លៃ នៅពេលដែលយើងមិនបានយកចិត្តទុកដាក់ទៅ លើការថែទាំស្រូវបានល្អ» ។
តែនៅពេលជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវ ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលអោយកសិករខ្ជីប្រាក់ ត្រូវយោគយល់ ដល់កូនបំណុល ដែលកំពុងជួបប្រទះការលំបាកអំពីតម្លៃស្រូវធ្លាក់ចុះនេះ ផងដែរ។
សម្ដេចហ៊ុន សែន៖«ខ្ញុំ ព្រះករុណាខ្ញុំ ក៏សុំអំពាវនាវចំពោះ មីក្រូហិរញ្ញវត្ថុ ដែលអោយប្រជាជនខ្ជី សូមមេត្តាយោគយល់នូវការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានការលំបាក អំពីតម្លៃស្រូវចុះ»។
បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ដ្រី ប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ប្រទេសថៃ និងប្រទេសវៀតណាម ក៏កំពុងមានវិបត្តិ អំពីការធ្លាក់ចុះនៃតម្លៃស្រូវដូចគ្នានេះ ដែលមិនមានត្រឹមតែមានកម្ពុជា នោះទេ។
ទាក់ទងនឹងរឿងនេះដែរ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា លោក សម វិទូ បានសាទរនឹងការជំរុញរបស់សម្ដេច ហ៊ុន សែន នេះ។ តែទោះជាយ៉ាងណាលោក សម វិទូ លោកក៏សូមអោយរដ្ឋាភិបាលគិតគូរបន្ថែមទៅលើការដាក់បញ្ចូលថវិកាដើម្បីផ្គត់ផ្គង់ ជួយដល់កសិករ ដើម្បីចៀសវាស នៅពេលដែលជួបបញ្ហាអសន្ដិសុខស្បៀង និងគ្រោះមហន្ដរាយ ណាមួយផងដែរ។
លោក សម វិទូ៖«រាជរដ្ឋាភិបាល គួរតែរុញដាក់បញ្ចូលទឹកប្រាក់បន្ថែមទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីអាចអោយផ្ដល់ជាប្រាក់កម្ចីប្រភពតម្លៃស្រូវដែរ ជាមួយនិងការទិញស្រូវផ្ទុកទុករបស់រដ្ឋ សម្រាប់កម្មវិធីនៅពេលណាជួបបញ្ហាអសន្ដិសុខស្បៀង ដើម្បីជួយរំដោះនូវគ្រោះមហន្ដរាយជូនកសិករ »។
គួររម្លឹកថា កាលពីដើមខែវិច្ឆិកា រដ្ឋាភិបាលថៃបានបញ្ចេញថវិកាចំនួន ៥១៤ ពាន់លានដុល្លារ ដើម្បីផ្តល់ជាទុនកម្ចីដល់កសិករ ក្នុងការរក្សាស្រូវទុក ខណៈតម្លៃស្រូវប្រភេទផ្កាម្លិះ និងស្រូវសែនក្រអូបក្នុងប្រទេសថៃកំពុងជួបវិបត្តិធ្លាក់ថ្លៃ។
តែសូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ កសិករក្នុងខេត្តបាត់ដំបូង បានដឹកស្រូវមកចាក់លើកំណាត់ផ្លូវជាតិលេខ ៥ ដើម្បីបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាល ដែលមិនអាចទប់ស្កាត់វិបត្តិស្រូវធ្លាក់ថ្លៃនេះបាន។ យ៉ាងណាក្រោយហេតុការណ៍នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ២៧ លានដុល្លារ ដើម្បីដោះស្រាយវិបត្តិនេះ៕