Rio៖ កីឡាការិនី ស៊ន សៀវម៉ី គ្មានឱកាសវៃដណ្តើមយកមេដាយសំរិទ្ឋបានទៀតទេ បន្ទាប់ពីកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ប្រ កួតចាញ់កីឡាការិនីជនជាតិហូឡង់ក្នុងពិន្ទុ ៧-១ កាលពីយប់ថ្ងៃទី២០ សីហា ម្សិលមិញ និងបន្ទាប់ពីកីឡាការិនីហូឡង់បានប្រកួតចាញ់កីឡាការិនីសហរដ្ឋអាមេរិក។ នេះបើតាមកញ្ញា សន សៀវម៉ី ដែលបានសរសេរលើទំព័រហ្វេសផ្លូវការរបស់ខ្លួនរបស់នៅព្រឹកថ្ងៃទី២១ សីហានេះ។

កញ្ញាបានសរសេរថា«សូមអភ័យទោសពុកម៉ែបងប្អូនខ្មែរ នាងខ្ញុំពិតជាមានការសោកស្តាយណាស់ដែលខ្ញុំពុំអាចយកជ័យជំនះជូនជាតិយើងបាន។ អីឡូវនេះកីឡាការិនីហូឡង់ដែលឈ្នះនាងខ្ញុំបានចាញ់កីឡាការិនីអាមេរិកហើយ អញ្ចឹងនាងខ្ញុំមិនអាចមានឱកាសទៅវៃដណ្តើមមដាយសំរិទ្ឋបានទៀតទេ គឺអស់ការប្រកួតតែម្តង នេះគឺច្បាប់រូបមន្តប្រកួតតេក្វាន់ដូ។»
កាលពីយប់ម្សិលមិញ កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ានហ្គេមឆ្នាំ២០១៤ បានសម្រក់ទឹក និងបានសុំទោសពលរដ្ឋខ្មែរទាំងអស់ បន្ទាប់ពីកញ្ញបានប្រកួតចាញ់កីឡាការិនីជើងខ្លាំងហូឡង់ Reshimie Oogink ។
កញ្ញា ស៊ន សៀវម៉ី បានប្រកួតចាញ់កីឡាការិនីហូឡង់ Reshimie Oogink វ័យ២៦ ឆ្នាំ កម្ពស់១,៧៩ម៉ែត្រ ក្នុងលទ្ធផល ១-៧ វគ្គ ១៦នាក់ លើប្រភេទទម្ងន់លើស ៦៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល។
ចប់ការប្រកួតកីឡាការិនីវ័យ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្ររូបនេះ បានធ្វើការសុំទោសពលរដ្ឋខ្មែរ ភ្លាមៗ ចំពោះការបរាជ័យរបស់ខ្លួន។ បើទោះបីកញ្ញាមិនទទួលបានជំនះក្នុងការប្រកួតនេះក៏ដោយ ក៏មានពលរដ្ឋខ្មែរជាច្រើនបានលើកទឹកចិត្តនាង។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរលើកទឹកកីឡាការិនីរូបនេះថា «ចូលរួមសោកស្តាយផងសៀងម៉ី ខ្ញុំឃើញអ្នកយំ ខ្ញុំពិតជាក្ដុកក្ដួលណាស់។ នរណាមិនចង់បានកិត្តិយស មុខមាត់ឲ្យខ្លួនឯង និងប្រទេសជាតិ តែបើចាញ់ហើយទុកវាជាបទពិសោធន៍។ កន្លងមកអ្នកបានផ្តល់កិត្តិយសជូនជាតិច្រើនមកហើយ អ្នកកុំអាក់អន់ស្រពន់ចិត្តធ្វើអី អ្នកគួរតែត្រេកអរ ដែលអ្នកបាននាំយកទង់ជាតិរបស់យើង បង្ហាញឲ្យអន្តរជាតិបានស្គាល់កម្ពុជា។ ប្រទេសយើងមានប្រជាជនតិច តែយើងមានកីឡាការិនីឆ្នើមអាចដណ្ដើមកៅអីអូឡាំពិក២០១៦បាន វាជាកិត្តិយសណាស់ទៅហើយ ខ្ញុំសូមសរសើរអ្នកដោយស្មោះ!»
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបានសរសេរលើកទឹកចិត្តកញ្ញាផងដែរថា៖«ប្អូនស្រីបានធ្វើអោយពួកយើងមានមោទនភាពរួចជាស្រេចទៅហើយ។ កុំខូចចិត្តអីណា។ ប្អូនគឺជាកំលាំងជំរុញចិត្តរបស់ប្រជាជនខ្មែរ»។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០១៦ កញ្ញាស៊ន សៀវម៉ី បានឈ្នះមេដាយមាស ១ គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ៕