ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ីយ៉ា ឬស្នូកឃ័រ ជ្រើសរើសជើងឯកពិពភលោកលើកទី៨ នៅប្រទេសទួកគី កីឡាការិនីស្នូកឃ័រ កម្ពុជា ស្រួង ភាវី តំណាងឱ្យកម្ពុជាបានកក់កៅអី៨ក្រុមចុងក្រោយ បន្ទាប់ឈ្នះកីឡាការិនីជើងខ្លាំងជប៉ុន និងអាល្លឺម៉ង់ ក្នុងវគ្គជម្រុះពូល A កាលពីថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០១៨។
លោក ធូវីរះ រាយការណ៍!

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion –World Championship Ladies លើកទី៨ នៅប្រទេសទួកគី ឆ្នាំ ២០១៨ ក្នុងការបើកឆាកពីរប្រកួតដំបូងកីឡាការិនីតំណាងកម្ពុជា អ្នកនាង ស្រួង ភាវី ធ្វើបានយ៉ាងល្អដោយយកឈ្នះកីឡាការិនីជប៉ុន Orie HIDA ក្នុងលទ្ធផល ២៥-២៤ពិន្ទុ ហើយយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Steffi DASKE ក្នុងលទ្ធផល ២៥-១១ ពិន្ទុ។
កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោក ស្រួង ភាវី ស្ថិតនៅក្នុងពូលអេ ដែលមានកីឡាការិនីបួននាក់មកពីប្រទេសជប៉ុន អាល្លឺម៉ង់ និង ដាណឺម៉ាក់។ ការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion –World Championship Ladies លើកទី៨ នៅប្រទេសទួកគី ឆ្នាំនេះ មានបួនពូលគឺពីពូល A ដល់ ពូល D ដោយក្នុងមួយពូលមានកីឡាការិនីចម្រុះជាតិសាសន៍បួននាក់។
លទ្ធផលឈ្នះពីរប្រកួតជាប់គ្នាៗនេះ នាំអោយកីឡាការិនីតំណាងឱ្យកម្ពុជាត្រូវឆ្លង់ទៅវគ្គ៨ក្រុមចុងក្រោយក្នុងការដណ្តើមយកជើងឯកពិពភលោកនៃកីឡាស្នូកឃ័រផ្នែកនារី បើទោះបីជាអ្នកនាង ស្រួង ភាវី នៅមួយប្រកួតទៀតដែលនឹងជួបកីឡាការិនីដាណឺម៉ាក Jeanette JENSEN ក៏ដោយ។
តាមគណនីហ្វេសប៊ុកដដែលបញ្ជាក់ថា កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោក ស្រួង ភាវី សង្ឃឹមថា នឹងដណ្តើមបានមេដាយជូនជាតិ ដើម្បីលើកទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ក្រកួត ដណ្តើមយកជើងឯកពិពភលោកនៃកីឡាស្នូកឃ័រផ្នែកនារី។
ជាលើកទី១សម្រាប់អ្នកនាង ស្រួង ភាវី ចូលរួមប្រកួតកីឡាស្នូកឃ័រតំណាងឱ្យកម្ពុជា ចាប់តាំងពីកម្ពុជាបង្កើតសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាជាថ្លូវការកាលពីដើមឆ្នាំ ២០១៨នេះ។
កីឡាការិនី ស្រួង ភាវី ដែលជាអ្នកលេងកីឡាស្នូកឃ័រ ឬកីឡាប៊ីយ៉ា លំដាប់ពិភពលោក មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ប៉ុន្តែនាងរស់នៅជាមួយស្វាមីនៅប្រទេសកូរ៉េខាងត្បូង។
កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោករូបនេះធ្លាប់ឈ្នះជើងឯកនៅកូរ៉េខាងត្បួង និងជើងឯករងពិភពលោកនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៥និងឈ្នះមេដាសមាសយ៉ាងតិច១២គ្រឿង៕