ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំសភាពេញអង្គនៅចុងខែមករានេះ ជុំវិញការលុបចោលក្រុមសំឡេងភាគតិច ភាគច្រើនក្នុងរដ្ឋសភា ខណៈដែលសំឡេងបក្សទាំងពីរត្រូវបានគេមើលឃើញថា ជាផ្លូវចរចាមួយនាំឲ្យមានការដោះលែងអ្នកទោសមនសិការ។ អ្នកវិភាគយល់ថា ស្ថានភាពនយោបាយកំពុងឡើងកម្តៅបែបនេះ នាំឲ្យកិច្ចអន្តរាគមន៍ដោះលែងអ្នកការពារសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងសកម្មជនបក្សប្រឆាំង ហាក់ដើរដល់ទ័ល។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ អង្គការសង្គមស៊ីវិល សកម្មជនដីធ្លី រួមទាំងគណបក្សប្រឆាំងទំនងសុទ្ធតែមានសុទិដ្ឋិនិយមថា ក្រុមសំឡេងភាគតិច ភាគច្រើន គឺជាកម្លាំងចលករមួយនាំឲ្យមានការចរចាគ្នា ក្នុងដោះលែងអ្នកការពារសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងសកម្មជនបក្សប្រឆាំង ឲ្យមានសេរីភាពឡើង។
ផ្ទុយទៅវិញគណបក្សកាន់អំណាចបានបង្ហាញជំហរថា គ្មានការចរចាឲ្យដោះលែងនរណាម្នាក់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះគណបក្សកាន់អំណាចបានស្នើឲ្យរដ្ឋសភាធ្វើវិសោធធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីរំលាយតួនាទីក្រុមសំឡេងភាគតិច ភាគច្រើនក្នុងរដ្ឋសភាថែមទៀតផង។
ជាក់ស្តែង រដ្ឋសភានឹងបើកកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី ៣១ មករា ស្តីពី វិសោធធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ កិច្ចប្រជុំសភាពេញអង្គនេះ អ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងអស់បានប្រកាសធ្វើពហិការមិនចូលរួមប្រជុំឡើយ។ ប្រសិនបើរដ្ឋសភាម្រេចអនុម័តវិសោធធនកម្មប្រការ ៤៨ថ្មី (៣) តាមការចង់បានរបស់គណបក្សប្រជាជនកម្ពុជាមែន នោះ តួនាទីក្រុមសំឡេងភាគតិច និងក្រុមសំឡេងភាគច្រើននឹងរលាយមួយរំពេច។
ជុំវិញសុំធ្វើវិសោធធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា អ្នកវិភាគយល់ថា គឺជាបិទផ្លូវចរចាមួយរវាងគណបក្សដែលមានអាសនៈនៅក្នុងសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប សកម្មជនដីធ្លី និងសកម្មជនបក្សប្រឆាំង។
ដោយឡែក លោក គឹម សុខ អ្នកឃ្លាំមើលពីអភិវឌ្ឍន៍សង្គម និងនយោបាយ យល់ថា ដើម្បីដោះលែង អ្នកការពារសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប និងសកម្មជនបក្សប្រឆាំង ទាល់តែមានការដាក់សម្ពាធពីអន្តរជាតិ និងពីមហាជន។ ក៏ប៉ុន្តែ លោក គឹម សុខ យល់ថា ការចង់ដោះលែង ឬ មិនដោះលែងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ទាល់តែផ្តល់ផលប្រយោជន៍ផ្នែកនយោបាយ។ លោក គឹម សុខ៖«ចំនុចដែលសំខាន់មួយទៀតគឺថា ទាល់តែគណបក្សកាន់អំណាចមើលឃើញថាផ្លូវដោះលែងសំខាន់មិនបាកមុខដល់គេពេក បើមិនបានចំនេញ បានន័យថា មិនបាកមុខដល់គេពេក ហើយរក្សានូវស្ថានភាពនៃស្រោចស្រង់មុខមាត់ខ្លួនឯងខ្លះនៅមុនការបោះឆ្នោតបញ្ហានិងវាអាច តែបើមើលមិនឃើញចំនុចទាំងបីនេះទេ វាពិបាកមន្តិច»។
កាលពីថ្ងៃទី ២៤ មករា កន្លងមក អង្គការសហប្រជាជាតិ បានអំពាវនាវពីទីក្រុងហ្សឺណែវ ឲ្យរាជរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលជាប់ពន្ធនាគារដោយរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិត សូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិបានជំរុញឲ្យអាជ្ញាធរខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥រូប ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕