ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកពិចារណាលុបបំណុលដែលកម្ពុជាជំពាក់កាលពីសម័យសង្គ្រាមស៊ីវិលសម័យសាធារណៈរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់។ ជុំវិញការអំពាវនាវឲ្យអាមេរិកលុបបំណុលនេះ អ្នកវិភាគសម្តែងការគាំទ្រ។ តែយ៉ាងណាក៏ដោយ អ្នកវិភាគថាបើកម្ពុជាចង់ឱ្យអាមេរិលលុបបំណុលគឺអាមេរិក ធ្វើបានតែកម្ពុជាគួរធ្វើឱ្យប្រទេសធំនេះទុកចិត្តឡើងវិញ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
សម្តេច ហ៊ុន សែន បានបន្ទោសសហរដ្ឋអាមេរិកថា បានទម្លាក់សម្តេច នរោត្តមសីហនុ នៅពេលព្រះអង្គមានព្រះជន បាននាំសង្គ្រាមស៊ីវិលមកប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន៖«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលរបស់លោក ដូណាល់ត្រាំ និងពិចារណាអំពីបំណុល ដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកក្នុងជំនាន់សារធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ តើត្រូវគួរលុបចោលបំណុលនេះ ឬទេ។ យើងខ្ញុំពិបាកនិងការពន្យល់ប្រជាជនកម្ពុជា ដើម្បីឲ្យទទួលស្គាលបំណុលដែលទិញគ្រាប់បែក និងគ្រាប់កាំភ្លើងមកសម្លាប់ប្រជាជនកម្ពុជា»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល បានគាំទ្រការអំពាវរបស់សម្តេចនាយករដ្ឋមន្ត្រីថា ជាប្រយោជន៍ជាតិ។ ក៏ប៉ុន្តែលោកហាក់ដូចគ្មានជំនឿថា មេដឹកនាំថ្មីអាមេរិក និងពិចារណាលុបបំណុល ឡើយ ព្រោះលោក ដូ ណាល់ត្រាំ បានប្រកាសឲ្យថា លោកគិតគូរតែសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងគិតគូរអំពីកិច្ចការក្រៅប្រទេសឡើយ។
លោក ចាន់ វិបុល៖«មានការលំបាកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រធានាធិបតី កាត់ឲ្យការយកប្រាក់សង់នៅក្នុងកាត់បំណុលរបស់គាត់ ប៉ុន្តែនៅក្នុងចន្លោះនិងក៏យើងឃើញចរិកមួយដែរគឺ លោក ដូ ណាល់ត្រាំ ចង់ធ្វើការបដិសេធនៅរាល់ទង្វើអាក្រក់ទាំងឡាយណារបស់អតីតប្រធានាធិបតី របស់អាមេរិក ហើយប្រហែលចំនុចនឹងក៏អាចជាជម្រើសឲ្យលោក ដូណាល់ត្រាំ ធ្វើរឿងផ្សេងទទៃ ខុសពីអារម្មណ៍របស់គាត់ដែរ»។
ដូចគ្នានេះដែរ លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ ក៏បានគាំទ្រឲ្យអាមេរិកលុបបំណុលកម្ពុជាដែរ។ តែលោក គឹម សុខ ក៏អំពាវនាវឲ្យសម្តេច ហ៊ុន សែន ក៏ស្នើទៅរុស្ស៊ីឲ្យលុបបំណុល កម្ពុជាក្នុងសង្គ្រាមដូចនេះដែរ។
ពាក់ព័ន្ធទៅនិងបំណុលក្រៅប្រទេសនេះ កន្លងមកប្រទេសចិនបានលុបចោល កម្ពុជាជំពាក់ក្នុងឆ្នាំ ២០១៥ ប្រមាណ ៩០ លានដុល្លារអាមេរិក ដែលគេថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា ចិន។
កាលពីថ្មីនេះ រដ្ឋាភិបាលបានអះអាងថា កម្ពុជាជំពាក់បំណុលបរទេសប្រមាណ ១ ម៉ឺនលានដុល្លារ នៅក្នុងចំណោមនេះ បំណុលក្នុងវិស័យឯកជនបានជំពាក់បរទេសចំនួន ៤ ពាន់លានដុល្លារ។ តែនៅក្នុងនោះកម្ពុជា ជំពាក់អាមេរិក ក្នុងសម័យសង្គ្រាម មាន ប្រហែល៥០០លានដុល្លារ ហើយ រុស្ស៊ី ប្រហែល១៥០០លាន ដុល្លារ។នេះ បើតាមការស្រាយជ្រាវរបស់អ្នកសិក្សាពីបញ្ហាសង្គម ៕