en     km
en     km

អ្នកបើករថយន្តត្រូវធ្វើកិច្ចសន្យាឈប់បង្ហោះរូបភាព ករណីនាយទាហានប្រើហិង្សាលើខ្លួន

Share

 

រូបភាពពីបណ្ដាញសង្គម។

សាធារណជននៅតែបន្តចែករំលែកវីឌីអូ និងបញ្ចេញមតិជាច្រើនពេញបណ្តាញហ្វេសប៊ុកដែលវិឌីអូនោះបង្ហាញអំពីសកម្មភាពរបស់មន្ត្រីនគរបាលនាយទាហានម្នាក់បានទាញបោចសក់អ្នកបើករថយន្តយកទៅ ដែលនេះពីបង្ហាញឥរិយាបថបំពានក្រមសីលធម៌វិជ្ជាជីវៈ។ បន្ទាប់ពីកើតហេតុមន្ត្រីនគរបាលនាយទាហាននោះ ត្រូវមេបញ្ជាការខេត្តកណ្តាលហៅសួរនាំ និងត្រូតពិនិត្យក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ខណៈអ្នកបើករថយន្តក៏ធ្វើកិច្ចសន្យា ៥ចំណុច ក្នុងនោះក៏ត្រូវឈប់បង្ហោះរូបភាពត្រួតពិនិត្យចរាចរណ៍។

នៅថ្ងៃ២២-២៣ ខែតុលា ឆ្នាំ២០២៤ មានឃ្លីបវីឌីអូចំនួន២ទាក់ទងទៅនឹងមន្ត្រីនគរបាលនគរបាលបង្កហិង្សាលើប្រជាពលរដ្ឋបានបង្ហោះនៅតាមបណ្តាញសង្គមទិចតុក(TikTok)។ ក្នុងចំណោមវីឌីអូ២នោះ មានវីឌីដូ១ដែលមានរយៈពេលជិតមួយនាទីត្រូវបានបន្តចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook) រហូតដល់ធ្វើឱ្យមានការចាប់អារម្មណ៍ ខឹងសម្បា និងមានការវែកញែកជាច្រើនពីសារធារណជនជុំវិញករណីនេះ។ ១នាទីនៃវីឌីអូនោះបង្ហាញថា មានរថយន្តមន្ត្រីនគរបាលចំនួន២គ្រឿង និងក្រុមមន្ត្រីនគរបាលប្រមាណ៤-៥នាក់ ដោយក្នុងនោះមានម្នាក់ក្នុងឯកសណ្ឋានជានាយទាហានមកកាក់ពីរថយន្តកុងទីន័រម៉ាក់ហ៊ីយិនដាយពណ៌សលាយពណ៌ខៀវ ដែលមានបុរសជាអ្នកបើកម្នាក់ និងមនុស្សស្រីម្នាក់។ ស្ថិតក្នុងស្ថានភាពតានតឹង បុរសនាយទាហ៊ានព្យាយាមស្រែកហៅឱ្យអ្នកបើកដែលចុះមកជាច្រើនដង ខណៈអ្នកបើករថយន្តមានការទាក់ទើរក្នុងការចុះជាជួបជាមន្ត្រីនគរបាលទាំងនោះ និងរអ៊ូរទាំ ក្នុងរថយន្តមុនចុះទៅជួបមន្ត្រីនគរបាល។ លុះចុះទៅដល់ក្រោមបុរសដែលជាអ្នកបើកក៏ត្រូវបាននាយទាហានចាប់បោចសក់ទាញយកទៅ ដែលនេះ បង្ហាញពីឥរិយាបថមិនសមរម្យ បំពានក្រមសីលធម៌វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព។ រីឯស្ត្រីដែលក្នុងរថយន្តនោះក៏ត្រូវបានគ្នីគ្នារបស់មន្ត្រីនគរបាលម្នាក់លូកដៃចូលក្នុងហាមឃាត់មិនឱ្យថតផងដែរ រហូតស្ត្រីម្នាក់នោះជ្រុះទូរសព្ទពីដៃ។

រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

យ៉ាងណាបញ្ហានេះ មានមនុស្សចូលរួមខម្មិនជាច្រើនដោយមិនគាំទ្រឱ្យមានអំពើហិង្សានោះទេ និងស្នើសុំឱ្យមានការអន្តរគមន៍លើក្រុមមន្ត្រីនគរបាលនោះផងដែរ។

គួរជម្រាបថា មន្ត្រីនគរបាលដែលបានប្រើឥរិយាបថបំពានក្រមសីលធម៌ដាក់ប្រជាពលរដ្ឋនោះ មានឈ្មោះថា ពៅ សាលួត ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល។ ចំណែក បុរសដែលជាអ្នកបើករថយន្តមានឈ្មោះថា ឃាន កូរីន អាយុ២៩ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រីឯកន្លែងកើតហេតុ ស្ថិតនៅឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្តាល។

ក្នុងកិច្ចសន្យាមួយដែលផ្ដិតមេដៃលោក ឃាន កូរីន សរសេរថា មូលហេតុដែលបង្កឱ្យមានបញ្ហានេះ គឺដោយសារសមត្ថកិច្ចហៅអ្នកបើករថយន្ត ដើម្បីត្រួតពិនិត្យនៅចំណុចផ្លូវជាតិលេខ៦ ចំណុចភូមិស្ពានថ្មីតែភាគីខាងអ្នកបើករថយន្តមិនឈប់ ទើបសមត្ថកិច្ចដេញតាមរហូតដល់ឃុំឫស្សីជ្រោយ។ ទោះជាយ៉ាងនេះក្តី ក្រោយពីវីឌីអូនោះនៅតែបន្តចែករំលែយ៉ាងផុសផុល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក អេង ហ៊ី ឧត្តមសេនីយ៍ត្រី និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមាន២ចំណុចរួមមាន៖ ១.មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្គាប់ឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលជានាយទាហាននៃកងរាជអារុធហត្ថខេត្តកណ្តាល បានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព  ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។ និងទី២ អនុវត្តទិសពាក្យស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។

ចំណែកឯភាគីខាងអ្នកបើករថយន្ត មកធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដូចគ្នា ដែលក្នុងកិច្ចសន្យារួមមាន៖ ទី១.ត្រូវគោរពច្បាប់ចរាចរ ទី២.គោរពសមត្ថកិច្ចតាមដងផ្លូវទី៣. ត្រូវទៅប្រឡងយកប័ណ្ណបើកបរក្បាល៥ សម្រាប់បើកបររថយន្តវ៉េអង(V1) ដើម្បីឱ្យត្រូវតាមតាមប្រភេទយានយន្ត ទី៤. ថ្ងៃក្រោយមិនឱ្យយករូបភាពដែលសមត្ថកិច្ចចំរុះត្រួតពិនិត្យទៅបង្ហោះទៀត និងទី៥. ត្រូវអនុវត្តតាមកិច្ចសន្យា បើផ្ទុយពីកិច្ចសន្យាខាងលើនឹងត្រូវទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង