en     km
en     km

អ្នកជំនាញកសិកម្មបង្ហាញផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំគីមីក្នុងដំណាំ

Share

ភ្នំពេញ៖ អ្នកជំនាញផ្នែកកសិកម្មបានបង្ហាញថា ការប្រើប្រាស់ថ្នាំពុលគីមីក្នុងដំណាំបានបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពប្រជាកសិករ និងអ្នកបរិភោគផងដែរ ពិសេសថ្នាំគីមីប៉ះពាល់ដល់ផ្ទៃដីកសិកកម្ម ប្រភពទឹក និងត្រីរស់នៅក្នុងទឹកផងដែរ។ ការលើកឡើងរបស់អ្នកជំនាញនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពី«ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំគីមីពុលទៅលើវិស័យកសិកម្ម និងបរិស្ថាន»ដែលរៀបចំដោយអង្គការ Gret នៅថ្ងៃទី១៨ មីនា នេះនៅ មជ្ឈមណ្ឌល ដាយកូនៀ រាជធានីភ្នំពេញ។

(លោក កែវ សុខ រាយការណ៍ពីព័ត៌មាននេះ)

 

កម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយសន្ទុះនៃការរីកចម្រើននៃសេដ្ឋកិច្ច និងចំនួនប្រជាជនធ្វើឱ្យតម្រូវការផ្នែកបរិភោគមានការកើនឡើង។ ប្រការនេះធ្វើឱ្យអ្នកផលិត ឬកសិករបានប្រើប្រាស់ជីគីមីយ៉ាងសម្បើមក្នុងដំណាំរបស់ខ្លួន ដើម្បីផលិតឱ្យទាន់តម្រូវការរបស់អ្នកបរិភោគ។

នេះជាការលើកឡើងរបស់លោកស្រី អេវ ប៊ុយរ៉ូ-ប៉ង់(Eve Bureau-Point)អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត(CNRS)។

     សិក្ខាសាលាសពីការការប្រើប្រាស់ថ្នាំគីមីពុលក្នុងវិស័យកសិកម្ម និងបរិស្ថានរៀបចំដោយអង្គការGret នៅដាយកូនៀ ក្រុងភ្នំពេញ។

 

លោកស្រីមានប្រសាសន៍ថា កម្ពុជាមិនខុសពីបណ្តាប្រទេសជឿលឿនមួយចំនួនផ្សេងនោះទេ នៅពេលដែលកំណើនផ្នែកសេដ្ឋកិច្ចកើនឡើង តម្រូវការនៃការបរិភោគក៏កើនឡើង ដូច្នេះនាំឱ្យការប្រើប្រាស់ថ្នាំគីមីក្នុងការដំាដុះណាំមានបរិមាណច្រើន។ យ៉ាងណាសម្រាប់កម្ពុជាលោកស្រីសង្កេតឃើញថា កសិករបានប្រើប្រាស់ថ្នាំគីមីបាញ់ដំណាំគ្មានមាត្រដ្ឋានច្បាស់លាស់ ធ្វើឱ្យបរិមាណនៃការប្រើថ្នាំគីមីលើសចំនួន បង្កឱ្យដីឆាប់ខូចរិចរិល និងប៉ះពាល់សុខភាពអ្នកបរិភោគ។

អ្វីជាការកត់សម្គាល់ទៀតនោះលោកស្រី អេវ នោះគឺកម្ពុជាមានចរាចរណ៍ថ្នាំពុលគីមីហាមឃាតក្នុងទីផ្សារដែលប្រភេទថ្នាំទាំងនោះបង្កហានីភ័យខ្លាំងសម្រាប់សុខភាពនិងបរិស្ថាន។ យោងតាមរបាយការណ៍បង្ហាញដោយលោកស្រី អេវ ដែលបានចុះសម្ភាសន៍ប្រជាកសិករ អ្នកលក់បន្លែ និងអ្នកលក់ថ្នាំគីមី បានបង្ហាញថា ពួកគេមិនហ៊ានទទួលទានបន្លែច្រើនពេកទេ ព្រោះពួកគេដឹងថា បន្លែភាគច្រើនបានប្រើប្រាស់ថ្នាំគីមីពុល ដែលអាចបង្កជាជំងឺផ្សេងៗ។ របាយការណ៍ដែលសម្ភាសន៍លើកសិករបង្ហាញទៀតថា កសិករភាគច្រើនបានប្រាប់ថា ការហូបបន្លែដែលប្រើថ្នាំពុលគីមីបានបង្កជំងឺជាច្រើន ហើយអាយុកាលរបស់មនុស្សក៏ខ្លី និងឈឺញឹកញាប់។

ពាក់ព័ន្ធក្នុងរឿងនេះដែរ  អ្នកស្រី ផាត ច័ន្ទវលក្ខ័ណ សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវនៃវិទ្យស្ថានបច្ចេក ទេសនៃកម្ពុជា ឬសាលាតិចណូដែលបានសិក្សាលើសំណាក់ទឹក ដី និងត្រី នៅតំបន់ស្នុកទ្រូងបឹងទន្លេ សាបបានរកឃើញថា ប្រជាកសិករនៅតំបន់នោះបានប្រើប្រាស់ថ្នាំគីមីក្នុងដំណាំនៅរដូវទឹកសម្រុក និងបានបន្សល់ទុកសំបកថ្នាំដែលជាប្រភេទនៃសារធាតុពុលយ៉ាងខ្លាំង។ ដូច្នេះនៅពេលរដូវទឹកឡើងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បានប្រើប្រាស់ទឹកនោះដោយផ្ទាល់ ដែលពួកគេប្រឈមបញ្ហាសុខភាព​ ដូចជាជំងឺរោករុះ និងជំងឺសើស្បែក និងជំងឺផ្សេងៗជាច្រើនទៀត។

                       អ្នកស្រី ផាត ច័ន្ទវល័ក្ខ សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវនៃវិទ្យស្ថានបច្ចេក ទេសនៃកម្ពុជា ឬសាលាតិចណូ។

 

យោងតាមសំណាក់ ទឹក ដីបាត់ទន្លេ និងត្រី របស់ក្រុមអ្នកសិក្សាដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ ច័ន្ទវល័ក្ខ រកឃើញថា មានផ្ទុកសារធាតុ ក្លូររីណែត និងDDT និងសារធាតុគីមីមួយចំនួនទៀតដែលជាសារធាតុគីមីពុលខ្លាំង និងមានសារជាតិបំពុលរយៈពេលវែងក្នុងបរិស្ថាន។ សារធាតុទាំងនេះ បង្កផលប៉ះពាល់ទាំងរយៈខ្លីនិងរយៈពេលវែងដល់ជីវិតប្រជាពលរដ្ឋ ដូចជា បង្កជាជំងឺរាករុះ ជំងឺសើស្បែក ក្រពះ ពោះវៀន និងធ្ងន់ធ្ងរខ្លាំងអាចបណ្តាលឱ្យស្រ្តីមានផ្ទៃពោះអាចមានបញ្ហារលូតគ៌ា និងបាត់បង់ជីវិតភ្លាមៗតែម្តង។ ចំណែកផលប៉ះពាល់រយៈពេលវែង គឺទាក់ទងជំងឺផ្សេងដែលមិនអាចកំណត់មុខសញ្ញាបាន។

ចំណែកលោក ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបងមានប្រសាសន៍ថា ថ្នាំពុលគីមីក្នុងដំណាំជាវុធមុខពីរក្នុងវិស័យកសិកម្ម។ ថ្នាំពុលគីមីបានជួយឱ្យផលដំណាំរបស់កសិករឆាប់ទទួលបានផល រក្សាបានផលដំណាំបានយូរ ការពារបានការបំផ្លាញពីសត្វល្អិតចង្រៃ ជួយឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចផលិតផ្គត់ផ្គង់ឆ្លើយតបតាមតម្រូវការទាន់ពេល កាត់បន្ថយជំងឺក្នុងដំណាំ និងទទួលបានបរិមាណច្រើន។ តែយ៉ាងណាសម្រាប់ផលប៉ះពាល់របស់ថ្នាំគីមីវិញ គឺបង្កឱ្យសត្វល្អិតក្នុងដីបានងាប់ដែលបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងធម្មជាតិ។ ដោយឡែក ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវរងផលប៉ះពាល់ដល់សុខភាព​និងអាយុជីវិតផងដែរ។

                                    លោក ប៉ុក បញ្ញា សាស្រ្តាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង។

 

ការប្រើប្រាស់ថ្នាំគីមីពុលក្នុងកសិកម្មនៅកម្ពុជាមានទំហំធំ បើទោះបីកម្ពុជាពុំទាន់អាចផលិតជីគីមីបានដោយខ្លួនឯង។ ប្រភពនៃថ្នាំគីមីជាច្រើនដែលមានវត្តមានលើទីផ្សារក្នុងប្រទេសកម្ពុជា ភាគច្រើនមានប្រភពមកពីប្រទេសថៃ និងវៀតណាម។ ការប្រើប្រាស់ថ្នាំគីមីដែលពុំមានសមត្ថភាពយល់ដឹងច្បាស់ លាស់ បានធ្វើឱ្យដីហឹរបាត់បង់ជីវជាតិ ដីសឹករិចរឹល ជីវចម្រុះក្នុងធម្មជាតិត្រូវបាត់បង់ និងស្លាប់ផុតពូជ។ សាវតានៃការហូរចូលនៃថ្នាំគីមីពុលក្នុងប្រទេសកម្ពុជាគឺមាននៅក្រោយទសវត្សរ៍ទី ៩០ ហើយនៅឆ្នាំ២០១២ ក្រសួងបានចេញវិធានការណ៍ច្បាប់ពាក់ព័ន្ធនិងការនាំចូលថ្នាំគីមីនេះ។តែយ៉ាងណាសម្រាប់អ្នកជំនាញរកឃើញថា ការចរាចរថ្នាំពុលគីមីក្លែងបន្លំ ក្លែងគុណភាព នៅតែមានលក់លើទីផ្សារដដែរ។​

ជាអនុសាសន៍ អ្នកជំនាញអំពាវនាវឱ្យប្រជាកសិករគប្បីត្រូវប្រើប្រាស់ជីសរីរាង្គក្នុងដំណាំ បញ្ចៀសការប្រើប្រាស់ថ្នាំពុលគីមីដែលគ្មានសុវត្ថិភាព ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ កសិករត្រូវផលិតអាហារដែលមានសុវត្ថិភាពដល់អ្នកហូប តាមរយៈការកាត់បន្ថយការប្រើថ្នាំពុលគីមីក្នុងដំណាំ និងដាំបែបសរីរាង្គឬប្រើជីធម្មជាតិឱ្យបានច្រើ។ រីឯអ្នកប្រើប្រាស់ឬអ្នកបរិភោគវិញ គួរងាកមកទទួលទានបន្ថែធម្មជាតិដែលមានការវ៉ិចខ្ចាប់ត្រឹមត្រូវ មានការទទួលស្គាល់ច្បាស់បើទោះបីមានតម្លៃថ្លៃជាបន្ថែនាំចូលបន្តិចក្តី។ ការទទួលទានបន្ថែធម្មជាតិផលិតដោយកសិករក្នុងស្រុកជាផ្នែកមួយឱ្យពួកគេមានទឹកចិត្តផលិតបន្លែសរីរាង្គកាន់តែច្រើន៕

 

Share

Image
Image
Image