លោក បេន ដាវីស និងភរិយា។ រូបភាពពីហ្វេសប៊ុកលោក បេន។
អង្គការឃ្លាំមើលថា ប្រសិនករណីហិង្សារវាងលោក បេន ដាវីស ប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត-ភ្នំពក និងជាមួយពលរដ្ឋក្នុងមូលដ្ឋាននេះជាការពិត ស្នើឱ្យអាជ្ញាធរពិចារណាសម្រាលទោសលើលោក បេន ចៀសវាងប្រើលេសនេះ ដើម្បីបណ្ដេញប្រធានក្រុមអភិរក្សរូបនេះចេញពីសហគមន៍ភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។ យ៉ាងណាភាពចម្រូងចម្រាសករណីនេះ មន្ត្រីសិទ្ធិមនុស្សក្នុងមូលដ្ឋាននេះ មិនអាចចូលទៅតំបន់លោក បេន បានឡើយ ខណៈដែលការស៊ើបអង្កេតរបស់ខ្លួន បានដឹងតែពីប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះ។ លោក គីម ចាន់ចាវ រាយការណ៍
ផ្អែកតាមកំណត់ហេតុរបស់លោក បេន ដាវីស ប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត ភ្នំពក កាលពីថ្ងៃទី១៤ ខែតុលា និងតាមរយៈវីដេអូឃ្លីបរបស់លោក បេន បានរៀបរាប់ដើមចមដែលនាំឱ្យមានរឿងរ៉ាវនេះថា កាលពីថ្ងៃទី១២ ខែតុលា ក្រុមការងាររបស់លោក បេន ចំនួនពីរនាក់បានចុះល្បាតនៅតំបន់ការពារដោយសង្ស័យមានការដាក់ដាយត្រីក្រឡាសំណាញ់សម្រាប់ចាប់ត្រី និងសត្វគ្រប់ប្រភេទនៅក្នុងទឹកខុសច្បាប់។ បន្ទាប់មកគ្រាដែលក្រុមការងារដើរឆ្លងកាត់ចម្ការស្វាយចន្ទីររបស់ឈ្មោះ កោះ សៀម ក៏បុគ្គល កោះ សៀម បានទាញកាំបិទដេញក្រុមការងារលោក បេន ហើយស្រែកគំរាមកុំឱ្យមកម្តងទៀត។
នៅថ្ងៃដដែលនោះ លោក បេន ក៏នាំកម្លាំងកងរាជអាវុធហត្ថ និងក្រុមការងារទៅសួរនាំបញ្ហានេះនៅផ្ទះឈ្មោះ កោះ សៀម តែពេលទៅដល់ក៏ស្រាប់តែផ្ទុះរឿងប្រតាយប្រតប់គ្នាកើតឡើងក្នុងផ្ទះបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។
លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែតុលានេះថា តាមសកម្មភាពរបស់លោក បេន កន្លងមក គឺលោក បេន មានការខិតខំប្រឹងប្រែង និងមានការលះបង់ទៅលើការងារអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត លោកថា ការងារអភិរក្សធនធានធម្មជាតិនៅតំបន់សហគមន៍ភ្នំត្នោតនេះ ប្រាកដជាមានទាំងផលប្រយោជន៍ និងផលប៉ះពាល់ហើយ ខណៈផលប៉ះពាល់នោះ គឺទាក់ទងនឹងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ដោយឡែកអ្វីដែលបានកើតឡើងថ្មីៗនេះលើលោក បេន លោកបញ្ជាក់ថា មិនមែនជាករណីចៃដន្យនោះទេ ប៉ុន្តែជាការរៀបចំផែនការណាមួយ ដើម្បីគ្រោងជាលេសក្នុងការបណ្ដេញលោក បេន ចេញពីតំបន់សហគមន៍ភ្នំត្នោត ដែលជាតំបន់លោក បេន និងគ្រួសារ ខិតខំអភិរក្សធនធានធម្មជាតិកន្លងមក។
លោក ប៉ឹក សោភ័ណ៖ «ខ្ញុំយល់ថាមានមនុស្សមួយចំនួនដែលមិនពេញទៅនឹងកិច្ចខិតខំប្រឹងប្រែង ការថែរក្សារបស់លោក បេន ក្នុងការថែរក្សាព្រៃឈើនៅតំបន់នោះ អ៊ីចឹងទៅគោលបំណងគេចង់ឱ្យតែលោក បេន ចាកចេញពីទីនោះទេបាទ។ អាហ្នឹងជាចំណុចមួយដែលយើងតែងតែមើលឃើញ អ៊ីចឹងប្រសិនជាពិនិត្យ និងស៊ើបអង្កេតទៅឃើញថាក្រុមលោក បេន ឬក្រុមគាត់ មានកំហុសពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាណាមួយ អាហ្នឹងមានផ្លូវច្បាប់លោកវិនិច្ឆ័យតាមហ្នឹងទៅ ក៏ប៉ុន្តែយ៉ាងណាគ្រាន់តែស្នើសុំថាឱ្យសម្រាល ឬក៏អាចដាក់ពិន័យអីខ្លះទៅដល់គាត់ណា ប្រសិនជាច្បាប់រកឃើញអ៊ីចឹងមែន»។
ក្នុងករណីលោក បេន នេះ នាយកអង្គការរូបនេះថា មិនទាន់ដឹងច្បាស់អំពីនីតិវិធីរបស់តុលាការនូវឡើយ ដូច្នេះលោកមិនទាន់អាចសន្មតបានថាជារឿងយុត្តិធម៌ ឬអយុត្តិធម៌នោះទេ ហើយក៏មិនទាន់អាចបកស្រាយថា លោក បេន ត្រូវបណ្ដេញចេញពីសហគមន៍ភ្នំត្នោត ឬមួយក៏ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាដែរ។
លោក ប៉ឹក សោភ័ណ នាយកអង្គការពន្លកខ្មែរ។ រូបភាពពីCCHR
លោក ប៉ឹក សោភ័ណ៖ «យ៉ាងណាបើប្រៀបធៀបទៅនឹងគុណសម្បត្តិរបស់គាត់ និងការខិតខំប្រឹងប្រែងធ្វើកន្លងមកនេះ វាច្រើនលើសលប់ណាស់ហើយ ដូច្នេះកំហុសដែលកើតមានហ្នឹងវាហាក់មានចំនួនតិចតួច ក៏ប៉ុន្តែរូបភាពដែលយើងមើលទៅគឺវាមានហិង្សាពិតមែន។ ដូចខ្ញុំនិយាយអ៊ីចឹង រឿងដែលកើតឡើងវាហាក់ដូចមានការរៀបចំចង់ធ្វើឱ្យវាកើតឡើង ដើម្បីទម្លាក់កំហុសលើពួកគាត់»។
ក្នុងករណីនេះដែរ អ្នកស្រី ហ៊ូ ម៉ាបូន្នី មន្ត្រីផ្នែកសិទ្ធិស្ដ្រី និងកុមារ នៃសមាគមអាដហុកប្រចាំខេត្តព្រះវិហារ បានឱ្យដឹងដែរថា អ្នកស្រីកំពុងតាមដាន និងប្រមូលភស្ដុតាងលើករណីលោក បេន ដែលមានហិង្សាលើពលរដ្ឋម្នាក់ដែលរស់នៅក្នុងសហគមន៍នេះ។ គិតមកដល់ពេលនេះ អ្នកស្រីធ្វើកំណត់ហេតុបានតែភាគីប្រជាពលរដ្ឋនោះទេ ចំណែកភាគីលោក បេន គឺអង្គការអ្នកស្រីមិនអាចចូលទៅក្នុងមូលដ្ឋានលោកបានឡើយ។
តាមរយៈកំណត់ហេតុដែលបានពីការសួរនាំពីពលរដ្ឋរងគ្រោះ និងសាក្សីក្នុងហេតុការណ៍នោះ អ្នកស្រីបញ្ជាក់ថា នៅលើខ្លួនប្រាណជនរងគ្រោះ មានស្នាមកាំបិត និងស្នាមផ្ទុះអាវុធជាដើម ខណៈករណីនេះ ជារឿងហិង្សា ហើយជាអំពើមួយខុសច្បាប់។
អ្នកស្រី ហ៊ូ ម៉ាបូន្នី៖ «គ្រាន់តែជាប្រធានសហគមន៍ភ្នំត្នោតសោះ គាត់មានសិទ្ធិដាក់ទារុណកម្មមកលើជនរងគ្រោះរហូតមានរបួសស្នាម ហើយនៅក្នុងហ្នឹងផងដែរមានមន្ត្រីប៉េអឹមទៀត ដែលជាអ្នកអនុវត្តច្បាប់ដែលគាត់យកកាំភ្លើង ទាត់ធាក់ជនរងគ្រោះយើងឱ្យគាត់មានរបួស ជាជនពិការទៀត ជនរងគ្រោះកោះ សៀមហ្នឹង។ យើងមិនគួរណាធ្វើអ្វីមិនអាចបង្ហាញផ្លូវច្បាប់ ឬក៏សាកសួរគ្នា ដើម្បីពិភាក្សាគ្នាអត់មានការនិយាយគ្នាសោះ គាត់ខុសអីអត់ដឹង ដឹងទៅដល់ចូលវ៉ៃគាត់ទាត់ធាក់ ធ្វើទារុណកម្មលើជនរងគ្រោះរងរបួសធ្ងន់ធ្ងរដែលជាជនពិការមិនអាចរើបម្រាសរួច»។
ជុំវិញរឿងនេះ លោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ប្រាប់វិទ្យុស្ដ្រីថា តុលាខេត្តព្រះវិហារមិនទាន់ទទួលសំណុំរឿងលោក បេន ដាវីស នៅឡើយទេ ដូច្នេះលោកស្រីសុំបដិសេធមិនធ្វើការអធិប្បាយលើករណីនេះ។
ប៉ុន្តែយោងតាមក្រុមការងាររបស់វិទ្យុស្ដ្រីបានសម្ភាសន៍លោក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅរសៀលថ្ងៃទី២១ ខែតុលានេះ បញ្ជាក់ ថា ស្នងការខេត្ត បានសម្រេចចងក្រងករណីលោក បេន និងក្រុមការងារ ទាក់ទងករណីប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ទៅតុលាការហើយ បន្ទាប់ពីបានកោះហៅមកសាកសួរ។ ចំណែកការសម្រេចឃុំខ្លួនលោក បេន និងក្រុមការងារ យ៉ាងណានោះ លោកថា គឺអាស្រ័យលើការស៊ើបអង្កេតបន្ត និងជាសេចក្តីសម្រេចរបស់តុលាការខេត្តប៉ុណ្ណោះ។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក បេន ដាវីស ជាច្រើនដង ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីលោកឡើយ។
លោក បេន ដាវីស ជាជនជាតិអាមេរិកកាំងត្រូវបានស្គាល់ថា ជាអ្នកការពារធម្មជាតិកម្ពុជានៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយលោកទទួលបានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង។ តែយ៉ាងណាកន្លងមកបុរសវ័យជិត៦០ រូបនេះ និងក្រុមការងារ ធ្លាប់រងការគំរាមគំហែងដល់អាយុជីវិតជាញឹកញាប់ ក្នុងបរិវេណដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នេះផងដែរ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី