
កែប៖ ពលរដ្ឋជាអ្នកប្រកបរបរធ្វើស្រែអំបិលបានត្អួញត្អែរពីការលំបាក ក្នុងការស្វែងរកទីផ្សារលក់ផលិតផលអំបិលរបស់ខ្លូន ខណៈការផលិតកំពុងមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ន។ កត្តាខ្វះទីផ្សារលក់ ផលិតផលអំបិល បានក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់អ្នកផលិតអំបិល ព្រោះអំបិលដែលផលិតបាន ត្រូវស្តុកទុករង់ចាំសមាគមអ្នកផលិតអំបិលមកទិញ ហើយនៅពេលខ្លះត្រូវទុកអំបិលចោលពីរឆ្នាំជាប់គ្នាក៏មាន ព្រោះការប្រមូលទិញមានភាពយឺតយ៉ាវពិបាកបញ្ចេញលក់ទៅកាន់ទីផ្សារនានា។
ជុំវិញបញ្ហានេះ លោក ម៉ៅ សំណាង អ្នកសារព័ត៌មានវិទ្យុស្ត្រីអែហ្វអឹម ១០២ នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានចុះទៅជួបប្រជាពលរដ្ឋដែលជាអ្នកផលិតអំបិលផ្ទាល់នៅខេត្តកែប និងបានរៀបចំចងក្រងជាបទយកការណ៍ដែលមានខ្លឹមសារដូចតទៅ៖
កម្ដៅថ្ងៃចាប់ផ្តើមក្តៅខ្លាំងចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ចាំងជះមកលើផ្ទៃស្រែអំបិលរាបស្មើ មានផ្ទៃរាប់សិបហិចតាល្វឹងល្វើយខណ្ឌចែកទំហំស្មើៗគ្នាដោយទំនប់ភ្លឺស្រែប្រៀបដូចជាក្រឡាចត្រង្គ ដោយស្រែខ្លះមានផ្ទៃក្រាលដោយអំបិលព៌ណស ស្រែខ្លះទៀត មានពំនូកអំបិលផ្តុំឡើងជាជួរបម្រុងជញ្ជួនយកចេញពីស្រែ។ កម្តៅថ្ងៃកាន់តែខ្លាំង រីឯអ្នកធ្វើអំបិលក៏ហាក់មមាញឹកកាន់តែខ្លាំងផងដែរ ព្រោះកម្តៅថ្ងៃក្តៅជាពេលវេលាដែលផលិតអំបិលបានល្អបំផុត។
ស្របពេលដែលពលរដ្ឋផលិតអំបិលបានហើយ តែបញ្ហាខ្វះទីផ្សារលក់ផលិតផលអំបិលបានក្លាយជាក្តីបារម្ភគ្រប់ពេលវេលាសម្រាប់អ្នកធ្វើអំបិល ព្រោះអំបិលដែលផលិតបានត្រូវស្តុកទុករង់ចាំសមាគមអំបិលមកទិញ ហើយនៅពេលខ្លះត្រូវទុកអំបិលចោលព្រោះការប្រមូលទិញមានភាពយឺតយ៉ាវពិបាកបញ្ចេញលក់ទៅកាន់ទីផ្សារ។
ក្រោមកម្ដៅថ្ងៃកំពុងក្តៅខ្លាំង នៅកណ្តាលវាលស្រែអំបិល អាវស្រោបដោយញើសពាសខ្នងកំពុងបូមទឹកបញ្ជូលក្នុងស្រែអំបិល លោក តូច ហ៊ន ជាពលរដ្ឋប្រកបរបរធ្វើអំបិលនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិយាយថា អំបិលដែលលោកផលិតបាននាបច្ចុប្បន្នកំពុងខ្វះទីផ្សារសម្រាប់ទទួលទិញ។ និយាយបណ្តើរយកដៃជូនញើសដែលកំពុងហូរកាត់លើថ្ងាសបណ្តើរ លោក តូច ហ៊ន លើកឡើងថា ទីផ្សារសម្រាប់ផលិតផលអំបិលនៅកម្ពុជា មានលក្ខណៈតូចចង្អៀតនឹងលក់ចេញបានក្នុងតម្លៃថោក ព្រោះអ្នកផលិតគ្មានជម្រើស។
លោក តូច ហ៊ន បានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃលោកអាចប្រមូលផលអំបិលបានប្រហែលជិត ១០០ អំរែក ស្មើនឹងប្រមាណជាង ៣ ពាន់គីឡូក្រាម ដោយក្នុងមួយអំរែកមានចំណុះពី ៥០ ទៅ ៦០ គីឡូក្រាម។ លោក តូច ហ៊ន បានបន្តទៀតថា អំបិលលក់ចេញក្នុងមួយការ៉ុងទម្ងន់ ៥០ គីឡូក្រាម ថ្លៃ ៥ ពាន់រៀល ហើយទម្រាំតែបានលក់ចេញម្តងត្រូវរង់ចាំអស់ពេលជាច្រើនខែ រីឯប្រាក់បានមកពីលក់អំបិលកាត់កងថ្លៃចំណាយពេលខ្លះស្ទើរមិនរួចដើមផងក៏មាន។
មិនមែនតែលោក លោក តូច ហ៊ន នោះទេ ដែលត្អួញត្អែរពីការលំបាករបស់ខ្លួនជុំវិញការលក់អំបិលដែលខ្វះទីផ្សារនោះ រីឯលោក ថៃ ស៊ាន ម្ចាស់ស្រែអំបិលម្នាក់ទៀតរស់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏បានឱ្យដឹងដែរថា ការផលិតអំបិលមានសន្ទុះកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែទីផ្សារលក់អំបិលនៅកម្ពុជាបែរជាខ្សត់ទៅវិញ។ លោកថា បញ្ហាកម្ពុជាគ្មានទីផ្សារអំបិលទូលំទូលាយនេះ មកពីរដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍នឹងការផលិតអំបិលរបស់ពលរដ្ឋក្នុងស្រុក។
លោក ថៃ ស៊ាន បានរៀបរាប់ឱ្យដឹងទៀតថា ដើម្បីផលិតអំបិលបាន លោកត្រូវចំណាយដើមទុនយ៉ាងច្រើន ក្នុងនោះមានដូចជាចំណាយថ្លៃប្រេងសាំងសម្រាប់ម៉ាស៊ីនបូមទឹកបញ្ជូលស្រែ និងថ្លៃប្រាក់ឈ្នួលដល់កម្មករជាដើម។ ប្រាក់ដែលយកមកប្រើប្រាស់សម្រាប់ការផលិតអំបិល លោក ថៃ ស៊ាន បាននិយាយថា លោកត្រូវខ្ចីពីសមាគមអ្នកផលិតអំបិលខេត្តកំពតនិងខេត្តកែបចំនួន ៦០% ដើម្បីប្រើប្រាស់បំពេញតម្រូវការជាមុនសិន ហើយទឹកប្រាក់ចំនួន ៤០% ទៀតសមាគមអ្នក ផលិតអំបិលនឹងឱ្យតាមក្រោយ ខណៈសមាគមនាំឈ្មួញចុះមកប្រមូលទិញអំបិលដល់កន្លែង។
ម្ចាស់ស្រែអំបិលនៅស្រុកដំណាក់ចង្អើររូបនេះ បានរៀបរាប់ថា ការផលិតអំបិលរបស់លោកជួនឆ្នាំខ្លះក៏បាន ឆ្នាំខ្លះក៏អត់ អាស្រ័យលើអាកាសធាតុ ហើយពេលខ្លះគួបផ្សំនឹងតម្រូវការទីផ្សារខ្សត់ខ្សោយផងនោះ ធ្វើឱ្យជីវភាពគ្រួសារលោក ហាក់មានភាពខ្សត់ខ្សោយជាបន្តបន្ទាប់។ លោក ថៃ ស៊ាន ថា ក្នុងមួយឆ្នាំរដូវធ្វើអំបិលមានតែ ៤ ទៅ ៥ ខែតែប៉ុណ្ណោះ ហើយនៅក្នុងខែកុម្ភៈ និងខែមីនានេះ ការផលិតអំបិលរបស់ពលរដ្ឋកំពុងមានសន្ទុះកើនឡើង។
ទន្ទឹមនឹងការផលិតអំបិលកំពុងមានសន្ទុះនេះដែរ ទីផ្សារសម្រាប់ផលិតផលធម្មជាតិមួយនេះ ហាក់តូចចង្អៀតគ្មានឈ្មួញចេញ-ចូលរកទិញអំបិលឡើយ។ លោក ថៃ ស៊ាន បានពន្យល់រៀបរាប់ថា ការចំណាយប្រាក់ដើម្បីជួលកម្មករធ្វើអំបិលនាពេលបច្ចុប្បន្នក៏មានតម្លៃថ្លៃ ព្រោះពិបាករកអ្នកមកធ្វើការ។
ស្របនឹងការលើកឡើងខាងលើ ដែលថាអំបិលខ្មែរកំពុងខ្វះទីផ្សារ លោក ឆាយ មករា ជាកម្មករធ្វើអំបិលម្នាក់បាននិយាយថា លោកមកធ្វើការផលិតអំបិលឱ្យគេនាពេលបច្ចុប្បន្នអាចជួយឱ្យលោកទទួលបានប្រាក់ពីរម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ជួយដោះស្រាយដល់ជីវភាពក្រុមគ្រួសារ និងមិនហត់ធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះ។
ចំណែក លោក ប៊ុន បារាំង ជាសហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៥ កន្លងទៅ អំបិលកម្ពុជានៅសល់ក្នុងឃ្លាំងមានរហូតដល់ទៅជិត ២៨ ម៉ឺនតោន ព្រោះចំនួននៃការផលិតមានការកើនឡើង ហើយកម្ពុជាគ្មានទីផ្សារលក់អំបិលពិតប្រាកដ ស្របពេលអំបិលនាំចូលពីក្រៅប្រទេសបានវាយលុកទីផ្សាររបស់ខ្លួននៅកម្ពុជានាពេលបច្ចុប្បន្ន។
តំណាងសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប លោក ប៊ុន បារាំង បានឱ្យដឹងថា ប្រជាសហគមន៍ផលិតអំបិលនៅក្នុង ខេត្តកំពត រាប់ពាន់នាក់កំពុងតែជួបនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែផលអំបិលរាប់សិបតោនរបស់ពួកគេ គ្មានទីផ្សារ។ លោកបានពន្យល់បន្ថែមថា អំបិលកំពតគ្មានទីផ្សារ ហើយនៅស្តុកទុកជាប់គាំងបែបនេះ ដោយសារអំបិលរ៉ែនាំចូលពីប្រទេសថៃ វៀតណាម ជ្រៀតចូលក្នុងទីផ្សារប្រទេសកម្ពុជា រហូតដល់ទៅ ៦០% ហើយតម្លៃផលិតផលអំបិលនាំចូលកម្ពុជានោះទៀតសោត ក៏ថោកជាងអំបិលខេត្តកំពត ព្រមទាំងការវេចខ្ចប់បានល្អទៀតផង។
លោក ប៊ុន បារាំង បានបង្ហើបឱ្យដឹងថា សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប កំពុងប្រឈមមុខនឹងការដួលរលំ ហើយអ្នកផលិតអំបិលនឹងបោះបង់របរមួយនេះជាបណ្តើរៗ ប្រសិនបើការនាំចូលអំបិលមកពីបរទេសកាន់តែខ្លាំង ខណៈដែលការផលិតអំបិលក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ក្នុងរយៈពេលមួយឆ្នាំៗ។ លោកថា ប្រសិនបើរដ្ឋាភិបាលគាំទ្រ និងស្វែងរកទីផ្សារអំបិលនាំចេញទៅក្រៅប្រទេស នោះដង្ហើមជីវិតរបស់ពលរដ្ឋជាអ្នកផលិតអំបិលធម្មជាតិនឹងមានជីវិតឡើងវិញ ផ្ទុយទៅវិញបើបញ្ហានេះនៅតែគ្មានដំណោះស្រាយ នោះការផលិតអំបិលនៅកម្ពុជានឹងមិនមានទៀតឡើយ៕