វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិននៅថ្ងៃចន្ទទី០៩ សីហានេះ ឱ្យដោះលែងមេធាវីការពារសិទ្ធិមនុស្សបួននាក់ និងពួកសកម្មជនមួយចំនួនទៀតដែលត្រូវបានផ្តន្ទាទោសពីបទធ្វើវិទ្ធង្សកាលសប្តាហ៍មុន។

មេធាវីលោក Zhou Shifeng លោក Gou Hongguo និងសកម្មជនដដៃទៀតមានលោក Hu Shigen ព្រមទាំងលោក Zhai Yanmin ត្រូវកាត់ទោសជាប់ពន្ធនាគារពី ៣ ទៅ ៧ ឆ្នាំ ដោយតុលាការភាគឦសាននៃទីក្រុង Tianjin ប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Elizabeth Trudeau និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសូមជំរុញឱ្យអាជ្ញាធរចិនឱ្យដោះលែងលោកមេធាវី និងអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានជាប់ពន្ធនាគារ ឬការឃុំឃាំង រួមទាំងអ្នកផ្តន្ទាទោសរួចទៅហើយក្តី»។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia មេធាវីបួនរូបនេះ ត្រូវបានកាត់ទោសកាលពីសប្ដាហ៍មុនក្នុងចំណោមជាច្រើននាក់ជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនមេធាវីដែលត្រូវបានបង្ក្រាប ចាប់តាំងពីខែកក្កដា ឆ្នាំមុន ខណៈប្រធានាធិបតី ស៊ីជិនភីង បានបរឹតបន្តឹងយ៉ាងខ្លាំងលើការត្រួតពិនិត្យ សន្តិសុខ និងស្ថិរភាពជាតិឡើងវិញ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា៖«មេធាវីនិងសកម្មជនផ្សេងទៀតរាប់សិបនាក់ត្រូវ បានឃុំខ្លួននៅអំឡុងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៥ ក្នុងនោះរួមទាំង លោក Li Heping ដែល ឃុំខ្លួនគាត់ដោយមុនបានជំនុំជម្រះក្ដី និង មិនបានផ្ដល់ទីប្រឹក្សាច្បាប់ដល់គ្រួសាររបស់ពួកគាត់ ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបន្តថា៖«យើងសូមអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវករណីប្រឆាំងនឹងមេធាវីនិងសកម្មជនទាំងនោះ និងបញ្ឈប់ការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងសកម្មភាពខាងវិជ្ជាជីវៈ»៕
ប្រភពCNA