វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣មានកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr នៅសេតវិមាន។នៅក្នុងការិយាល័យរាងពងក្រពើ លោក Biden បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសហ្វីលីពីន។
លោក Marcos Jr បាននិយាយថា ប្រទេសហ្វីលីពីនស្ថិតនៅក្នុងតំបន់មួយដែលមាន “ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន” ។”ដូច្នេះវាជារឿងធម្មតាសម្រាប់ហ្វីលីពីនក្នុងការសម្លឹងមើលដៃគូតែមួយគត់របស់ខ្លួន ដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងដែលយើងមានតួនាទីក្នុងការប្រឈមនឹងភាពតានតឹងដែលកំពុងកើនឡើងនៅពេលនេះនៅសមុទ្រចិនខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក»។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “វាច្បាស់ណាស់ថាយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ស៊ីជម្រៅ ទាក់ទងនឹងការចូលរួមនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់យើង”។
សូមរំឮកផងដែរថា កោះតៃវ៉ាន់និងទីក្រុងប៉េកាំងមានភាពតានតឹងជាមួយគ្នាឥតឈប់ឈរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថានឹងជួយការពារដែនកោះនេះ។ រដ្ឋបាល Biden បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស។ចំណែកប្រទេសហ្វីលីពីន ដែលស្ថិតនៅជិតផ្លូវសមុទ្រជាមួយកោះតៃវ៉ាន់ ក៍បានជាប់ពាក់ព័ន្ធនឹងភាពតានតឹងនេះដែរ។ លោក Marcos Jr ប្រាប់អ្នកកាសែតថាលោកមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសរវាងប្រទេសមហាអំណាច។លោកបន្តថា «យើងនឹងមិនអនុញ្ញាតឲ្យហ្វីលីពីនត្រូវបានគេប្រើជាទីតាំងសម្រាប់សកម្មភាពយោធាប្រភេទណាមួយឡើយ»។ទោះបីជាយ៉ាងណាក៏ដោយ នៅពេលកន្លងទៅថ្មីៗនេះ ប្រទេសហ្វីលីពីនបានអនុញ្ញាតឱ្យអាមេរិកតាំងមូលដ្ឋានយោធាចំនួនបួនបន្ថែមពីលើទីតាំងដែលមានស្រាប់ចំនួនប្រាំ រួមទាំងទីតាំងមួយនៅជិតប្រជុំកោះស្ព្រាតលីផងដែរ។ សម្ព័ន្ធមិត្តទាំងពីរក៏បានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។បញ្ហានេះបានបង្កការព្រួយបារម្ភដល់ប្រទេសចិន ដោយចិនបានចោទក្រុងវ៉ាស៊ីនតោនថាបានព្យាយាមជំរុញឲ្យមានជម្លោះរវាងទីក្រុងប៉េកាំង និងក្រុងម៉ានីល៕