
កំពង់ឆ្នាំង៖ អាជ្ញាធរមូលដ្ឋានបានចុះធ្វើជំរឿនដល់ពលរដ្ឋជនជាតិវៀតណាម នៅឃុំឆ្នុកទ្រូ និងឃុំពន្លៃ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បីងាយស្រួលគ្រប់គ្រង និងរៀបចំឱ្យគ្រួសារជនជាតិវៀតណាមទាំងនោះ ឡើងទៅរស់នៅលើដីគោក។
ចាប់តាំងពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ រហូតមកដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ នេះ មេឃុំឆ្នុកទ្រូ និងមេប៉ុស្ដិ៍នគរបាលឃុំពន្លៃ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានអះអាងថា អាជ្ញាធរចុះធ្វើជំរឿនដល់ពលរដ្ឋជនជាតិវៀតណាម ដើម្បីងាយស្រួលគ្រប់គ្រង និងផ្តល់ឱកាសឱ្យគ្រួសារជនជាតិវៀតណាមឡើងទៅរស់នៅលើដីគោក។
លោក សំរិទ្ធ ផេង មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះថា សមត្ថកិច្ចបានចុះធ្វើជំរឿនជនជាតិវៀតណាម ដែលរស់នៅជាជនអន្តោប្រវេសន៍ខុសច្បាប់ និងស្របច្បាប់ នៅសាលាឃុំឆ្នុកទ្រូ ជាង ៥០០ គ្រួសារក្នុងរយៈពេល ០៥ កន្លងទៅ។
លោក សំរិទ្ធ ផេង បន្តថា ការធ្វើជំរឿននេះ ដើម្បីមានភាពងាយស្រួសដល់ការគ្រប់គ្រងការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិវៀតណាម នៅក្នុងឃុំឆ្នុកទ្រូ ទាំងមូល។ លោកមេឃុំរូបនេះ បានបន្ថែមទៀតថា ជំរឿននេះ អាជ្ញាធរ ចង់រៀបចំសណ្ដាប់ធ្នាប់ការរស់របស់ពលរដ្ឋជនជាតិវៀតណាមពីការរស់នៅលើផ្ទៃទឹក មករស់នៅលើដីគោកវិញ ព្រោះការរស់នៅរបស់ជនអន្តោប្រវេសន៍វៀតណាមក្នុងពេលកន្លងទៅនៅលើទឹកមានការលំបាក និងបានបង្កឱ្យមានប៉ះពាល់ជាច្រើនដល់បរិស្ថានទន្លេ។
លោក សំរិទ្ធ ផេង ៖ «ការរស់នៅលើទឹក អាជ្ញាធរខេត្តកំពុងរៀបចំគិតគួរពីលើទឹក មកលើគោក ក៏ប៉ុន្តែជាគោលការណ៍របស់ខេត្តលោកនឹងដោះស្រាយហើយ អនាគតទៅក៏ដូចជាពេលខាងមុខ មិនឱ្យប្រជាជនរស់នៅលើផ្ទៃទឹកទៀតទេ ឱ្យទៅរស់នៅលើគោក»។

ចំណែកលោក វ៉ាន់ សុខន មេប៉ុស្ដិ៍នគរបាលឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងវិញ ក៏បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រីយ៉ាងខ្លីថា ការធ្វើជំរឿនរបស់មន្ត្រីជំរឿននៅក្នុងឃុំពន្លៃថ្ងៃនេះ ជាការចង់ដឹងពីចំនួនប្រជាជនជាអន្តោប្រវេសន៍ជនជាតិវៀតណាមរស់នៅក្នុងឃុំពន្លៃទាំងមូលថាតើអ្នកទាំងនោះរស់នៅស្របច្បាប់ ឬមិនស្របច្បាប់។
លោក វ៉ាន់ សុខន ៖ « គេធ្វើជំរឿនទេ គ្មាននរណាចេញលិខិតឱ្យគាត់ទេ បាទ! គេចង់ដឹងថាអ្នកហ្នឹងជាអន្តោប្រវេសន៍ស្របច្បាប់ ឬអន្តោប្រវេសន៍ខុសច្បាប់»។
សូមជម្រាបផងដែរថា នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានប្រជាជនអន្តោប្រវេសន៍វៀតណាមប្រមាណជាង ៥០០ គ្រួសារ ដោយគ្រួសារភាគច្រើនជាប្រកបរបរនេសាទត្រី និងលក់ដូរឥវ៉ានបន្តិចបន្តួចតាមទូក៕