ភ្នំពេញ៖ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានចេញសេចក្តីថ្លែងការណ៍នៅក្នុងខួប ២០ឆ្នាំ ដោយទទូចរដ្ឋាភិបាលលើពិភពលោកជាសមាជិកនៃសន្ធិសញ្ញាសិទ្ធិមនុស្សការពារអ្នកការពារសិទ្ធិមនុស្ស។ សេចក្ដីថ្លែងការណ៍នេះ ធ្វើស្របពេលអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាប្រឈមមុខនឹងដីកាតុលាការ។ តែបែបនេះក្ដីមន្ត្រីរដ្ឋាភិបាលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរជាងបណ្តាប្រទេសនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួមដោយក្រុមប្រធាន អនុប្រធាននិងសមាជិកស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសរបស់ស្ថាប័ននេះ ក្នុង ខួបលើកទី២០ស្តីពីអ្នកការពារសិទ្ធិមនុស្សនៅលើភពលោក។ សេចក្ដីថ្លែងការណ៍នេះ បាននិយាយយោងដល់ អង្គការសង្គមស៊ីវិលដែលជួយលើកស្ទួយការគោរពសិទ្ធិមនុស្ស ការ អភិវឌ្ឍន៍ ការរក្សាសន្តិភាព និងសន្តិសុខឲ្យស្របទៅតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍រួមនេះអង្គការសហប្រជាជាតិ ទទូចឲ្យរដ្ឋជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សត្រូវលើកទឹកចិត្តកិច្ចការរបស់អ្នកការពារសិទ្ធិមនុស្ស និងផ្តល់លទ្ធភាពបំពេញការងារដល់ពួកគេដោយគ្មានការបំភិតបំភ័យ និងការរំលោភបំពាន។
ការចេញសេចក្ដីថ្លែងការណ៍នេះ ស្របពេល សកម្មជនដីធ្លី សកម្មជនការពារបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើននាក់កំពុងប្រឈមជាប់ពន្ធនាគារដោយសារសកម្មភាពការពារដីធ្លីនិងបរិស្ថានរបស់ខ្លួន។
លោក អំ សំអាត់ មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសមាគមលីកាដូដែលធ្លាប់ត្រូវបានកម្លាំងខណ្ឌដូនពេញវាយឲ្យរងរបួសក្បាលក្នុងអំឡុងពេលចេញទៅឃ្លាំមើលការធ្វើបាតុកម្មរបស់ សហគមន៍ដីធ្លី ហើយលោកក៏រងការប្តឹងករណីនេះ សង្កេតឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងប្រឈមនឹងការបំភិតបំភ័យ កំរាមកំហែង និងជាប់ពន្ធនាគារ។ លោកថា សេចក្ដីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺជាការឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសមួយចំនួនដែលអ្នកការពារសិទិ្ធមនុស្សកំពុង ប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។
លោក អំ សំអាត៖ «យើងឃើញថា អ្នកការពារសិទ្ធិមនុស្សជាច្រើនត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ មានការចាប់ខ្លួនដាក់ពន្ធនាគារ ហើយរងនឹងការគំរាមកំហែងផ្សែងៗទៀត ដែលផ្ទុយពីបទដ្ឋានអន្តរជាតិជាពិសេសរដ្ឋាជាភាគីដែលបានផ្តល់សច្ចា ប័ន ឬក៏ផ្តល់ហត្ថលេខីទៅលើកតិកាសញ្ញា ឬកិច្ចព្រមព្រៀងត្រូវតែអនុវត្តន៍ ហើយជំរុញ និងលើកទឹកចិត្តផ្តល់កិច្ចការពារទៅអ្នកការពារសិទ្ធិមនុស្សនោះបាទ។»
ករណី អ្នកស្រី ទេព វន្នី កំពុងជាប់ពន្ធនាគារដោយសារកម្មភាពតវ៉ាបញ្ហាជម្លោះដីធ្លីតែអ្នកស្រីរងការចោទពីបទអំពើហិង្សាដោយចេតនា ត្រូវបាន អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ចាត់ទុកអ្នកស្រីសកម្មជនដីធ្លីនៅតំបន់បឹងកក ថាជាអ្នកការពារសិទ្ធិរបស់ពលរដ្ឋដែរ។
ជាមួយគ្នានេះ អ្នកស្រី ចក់ សុភាព ប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានតុលាការកោះហៅមកសាកសួរក្នុងនាមជាសាក្សីក្នុងសំណុំរឿងអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ហើយ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល ក៏ស្ថិតក្នុងសំណុំរឿងនេះដែរ។
ជុំវិញការទទូចឲ្យការពារអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិកាក្រសួងយុត្តិធម៌ ហើយជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនាំពាក្យសួងយុត្តិធម៌ ពន្យល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនអាក្រក់ពេកទេ ពោលគឺស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរជាងគេ ក្នុងបណ្តាប្រទេសក្នុងតំបន់។
លោក ជិនម៉ាលីន មើលឃើញថា អ្នកការពារសិទ្ធិមនុស្សបាននឹងកំពុងបំពេញការងារដោយសេរី តែលោកទទួលស្គាល់ថា អ្នកការ ពារសិទ្ធិមនុស្សមួយចំនួនកំពុងប្រឈមមុខនឹងផ្លូវតុលាការដោយសារអង្គការក្រៅរដ្ឋាភិបាលទាំងនោះដើរហួសពីតួនាទីរបស់ខ្លួន។
លោក ជិនម៉ាលីន៖ «យើងឃើញថាអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាគឺគាត់មានលក្ខខណ្ឌល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗក្នុងតំបន់ឆ្ងាយណាស់។ អ្នកការពារសិទ្ធិមនុស្ស ឬអង្គការសិទ្ធិមនុស្សមួយចំនួនធ្វើកម្មភាពដោយសេរី មិនមានការគៀបសង្កត់ទេ លើកលែងតែមួយចំនួនតូចដែលគាត់ធ្វើសកម្មភាពរបស់គាត់លើសពីអ្នកការពារពីក្រមខណ្ឌនៃការងារសិទ្ធិមនុស្ស ហើយឲ្យតែធ្វើសកម្មភាពលើសពីក្រមខណ្ឌនៃការងារសិទ្ធិមនុស្សវាចូលទៅដល់ការបំពានច្បាប់ វានាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់អញ្ចឹងហើយ។»
តែជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលទាំងអស់មានទួនាទីវាយតម្លៃ និងរាយការណ៍អំពីរដ្ឋនិមួយៗបានបំពេញ ឬមិនបំពេញកាតកិច្ចសន្ធិសញ្ញាបានកម្រិតណា ហើយអង្គការសង្គមស៊ីវិលបានដើរតួនាទីសំខាន់ក្នុងការឃ្លាំមើល និងវាយតម្លៃការ អំពីគោរពសិទ្ធិមនុស្សផងដែរ។
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សគូសបញ្ជាក់ថា ស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស ទទួលបានអត្ថប្រយោជន៍ពីព័ត៌មានរបស់អ្នកការពារសិទ្ធិមនុស្សដែលបានផ្តល់ឲ្យ និងតាមឃ្លាំមើលការអនុវត្តសន្ធិសញ្ញាជាប្រយោជន៍ ដើម្បីប្រកាសអាសន្នជាមុន ហើយក្រើនរំលឹកដល់សហគមន៍អន្តរជាតិនៃការគំរាមកំហែងជាក់ស្តែងអាចកើតមានដល់សន្តិភាព សេរីភាព និងសន្តិសុខ។
ក្រុមអ្នកចេញសេចក្ដីថ្លែងការណ៍បានទទូចថា ប្រទេសជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សត្រូវបញ្ជាក់ជាថ្មីពីសារៈសំខាន់អ្នកការពារសិទ្ធិមនុស្សអាចធ្វើសកម្មភាពដោយសេរី គ្មានការជ្រៀតជ្រែកការបំភិតបំភ័យ ការរំលោភបំពាន ការគំរាមកំហែង ការសង សឹង និងរឹតត្បិតហួសហេតុ ហើយរដ្ឋដែលទទួលស្គាល់សន្ធិសញ្ញាត្រូវបង្កបរិយាកាសអំណោយ ផល សុវត្ថិភាព ក្នុងការលើកស្ទួយសកម្ម ភាពរបស់អ្នកការពារសិទ្ធិមនុស្ស៕