តំណាងស្រ្តីជនជាតិដើមភាគតិចគួយ អ្នកស្រី លួន ស៊ីនួន រស់នៅក្នុងសហគមន៍សាលាឆ្តោ ស្ថិតក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលនានាជួយជារោងតម្បាញមួយសម្រាប់ស្រ្តី ដើម្បីជួយឱ្យសិប្បកម្មកែច្នៃរបស់ស្រ្តីនៅក្នុងសហគមន៍មានភាពរឹងមាំ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
ជាជនជាតិដើមភាគតិចគួយ មួយរូប តំណាងឱ្យស្រ្តីរស់នៅក្នុងសហគមន៍សាលាឆ្តោ អ្នកស្រី លួន ស៊ីនួន បានប្រាប់វិទ្យុស្រ្តីថា សព្វថ្ងៃនេះក្រៅពីប្រកបមុខរបរអាស្រ័យអនុផលព្រៃឈើសហគមន៍ អ្នកស្រី ក៏ជាអ្នកត្បាញកន្ទេលមួយរូប តពីជីដូនជីតារបស់អ្នកស្រីផងដែរ។ បន្ថែមលើនេះអ្នកស្រី ក៏ចេះកែច្នៃកន្ទេលពីរំចេកធ្វើជារបស់ប្រើប្រាស់ផ្សេងៗទៀត ដូចជាកាបូបស្ពាយ កាបូបដាក់ប៊ិច កាបូបដាក់លុយជាដើម ហើយរបស់កែច្នៃទាំងនេះ ត្រូវទៅនឹងតម្រូវការប្រើប្រាស់ក្នុងសម័យបច្ចុបប្បន្ន។
អ្នកស្រី លួន ស៊ីនួន៖«ខ្ញុំត្បាញនេះ ខ្ញុំត្បាញតកូនតចៅ ដោយសារដូនតាខ្ញុំ រួចហើយពួកខ្ញុំសម័យនេះ ត្បាញកន្ទេលរួចហើយ យករំចេកនេះទៅកែច្នៃធ្វើជាកាបូប និងរបស់ប្រើប្រាស់ផ្សេងៗទៀត»។
អ្នកស្រី ស៊ីនួន បានរៀបរាប់ថា កាបូប និងផលិតផលប្រើប្រាស់ផ្សេងៗ ដែលអ្នកស្រី រួមទាំងស្រ្តីជនជាតិភាគតិចគួយផ្សេងទៀតបានកែច្នៃ គឺយកវត្ថុធាតុដើមពីរំចេកព្រៃ ដែលហូតបានមកពីអនុផលព្រៃឈើនៅក្នុងសហគមន៍ ធ្វើការកែច្នៃ ដោយពុំមានគ្រូបង្រៀនទេ ពោលគឺ ក្រុមស្រ្តីនឹកគិត នឹងកែច្នៃប្រឌិតដោយខ្លួនឯងតែប៉ុណ្ណោះ ដើម្បីធ្វើជាកាបូប និងវត្ថុប្រើប្រាស់ផ្សេងៗយកទៅលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រី ស៊ីនួន៖«កាបូបនេះខ្ញុំទើបធ្វើការកែច្នៃបានរយៈពេល៣ឆ្នាំនេះ អត់មានគ្រូបង្រៀនទេ ពួកខ្ញុំដំបូងនឹកច្នៃប្រឌិតខ្លួនឯង អត់មានគ្រូទេ ដោយសារយើងត្បាញកន្ទេលរួចហើយ យើងនឹកថាបើសិនជាយើងកែច្នៃធ្វើជាអានេះ អានោះ រៀនក ដំបូងយ៉ាងម៉េចដើម្បីឱ្យកើតជាកាបូប»
ស្រ្តីអនុប្រធានសហគមន៍សាលាឆ្តោរូបនេះ បានឱ្យដឹងទៀតថា ក្រៅពីប្រកបមុខរបរ បេះផ្លែឈើ ដំាបន្លែ រកត្រី អាស្រ័យផលពីអនុផលព្រៃឈើក្នុងសហគមន៍ហើយ ស្រ្តីជនជាតិដើមភាគតិចគួយក៏បានឆ្លៀតពេលខិតខំប្រឹងប្រែង ត្បាញកន្ទេល កែច្នៃកាបូប និងវត្ថុប្រើប្រាស់ផ្សេងៗ ហើយផលិតផលទាំងនេះគឺធ្វើឡើងដោយដៃ។ អ្នកស្រី ស៊ីនួនថា ដោយសារខ្វះខាតថវិកា ក្រុមស្រ្តីមិនមានលទ្ធភាព ធ្វើរោងតម្បាញ ហេតុនេះ ស្រ្តីនៅក្នុងសហគមន៍ បានត្រឹមតែធ្វើការងារត្បាញ និងកែច្នៃសម្ភារៈផ្សេងៗ ធ្វើដោយដៃនៅតាមផ្ទះរៀងៗខ្លួន ប្រើរយៈពេលយូរ និងជួបការលំបាក ដោយមិនមានគ្រូជួយណែនាំ ឬបង្ហាត់បង្ហាញ។ ដោយមើលឃើញពីការលំបាកទាំងនេះ អ្នកស្រី សំណូមពរដល់អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ប័ន្ធនានា ជួយជារោងតម្បាញ ឬឧបករណ៍ ម៉ាស៊ីនដេរ និងឧបករណ៍កែច្នៃ រួមទាំងគ្រូបង្គោលផងដែរ ដើម្បីជួយគាំទ្រដល់ក្រុមស្រ្តីជនជាតិដើមភាគតិចគួយ នៅក្នុងសហគមន៍ ឱ្យសិប្បកម្មមានភាពរឹងមាំ។
អ្នកស្រី ស៊ីនួន៖« យើងសព្វថ្ងៃ យើងខំប្រឹងប្រែង ប៉ុន្តែយើងខ្វះថវិកា ដូចជារោងតម្បាញ ដូចជាម៉ាស៊ីន យើងខ្វះ យើងត្បាញតាមផ្ទះ យើងដេរដោយដៃគឺយូរអង្វែង ហើយធ្វើបែកគ្នាយើងអត់ដឹងថាថ្វីដៃអត់អាចជួយប្រាប់គ្នាបាន តែប្រសិនជាយើងមានរោងតម្បាញ ថ្វីដៃចូលជាមួយគ្នា ត្បាញជាមួយគ្នា យើងប្រាប់គ្នាថា អូហ៍អានេះត្រូវកែច្នៃបន្តិចឱ្យបានស្អាត ដល់ពេលយើងអត់មានយើងបែកគ្នា គ្នាចេះតែប្រឹងធ្វើទៅ គ្នាអត់ដឹងថាតើស្តង់ដាគេ តម្រូវការស្តង់ដាប៉ុន្មាន សំណូមពរដល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់សុំជួយក្រុមស្រ្តីពួកខ្ញុំជនជាតិដើមភាគតិច ឱ្យសិប្បកម្មគ្នាឱ្យបានរឹងមាំ»។
អនុប្រធានសហគមន៍សាលាឆ្តោ បានបញ្ជាក់ថា ស្រ្តីត្បាញកន្ទេលជនជាតិដើមភាគតិចគួយ នៅក្នុងភូមិគគីរ មានប្រមាណជាង១០នាក់តែប៉ុណោះ តែដោយឡែកនៅក្នុងភូមិផ្សេងក៏មានស្រ្តីជនជាតិភាគតិចដទៃទៀត ត្បាញកន្ទេលដែរ៕
រូបភាព៖វត្តី