en     km
en     km

ស៊ី​ម៉ាក់​ ទទួល​បាន​ថវិកា​ជាង​ ៣០​ម៉ឺន​ដុល្លារ​ ពី​អង្គការ​ JMAS​ ដើម្បី​បោ​សម្អាត​មីន​ និង​គ្រាប់បែក​ចង្កោម​ ក្នុង​ខេត្ដកំពង់ធំ​

Share

ភ្នំពេញ​ ៖​ ប្រធាន​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ​ JMAS​ ដែល​ជា​ដៃគូ​ ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ នូវ​ទឹកប្រាក់​ប្រមាណ​ជាង​ ៣០​ម៉ឺន​ដុល្លារ​ ដើម្បី​បោសសម្អាត​មីន​ និង​គ្រាប់បែក​ចង្កោម​ ក្នុង​ខេត្ដកំពង់ធំ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​លោក​ ហេង​ រតនា​ ប្រធាន​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា រូបខាងស្ដាំ

លោក​ ហេង​ រតនា​ ប្រធាន​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ នេះ​ថា​ ទឹកប្រាក់​ជាង​ ៣០​ម៉ឺន​ដុល្លារ​នេះ​ ស៊ី​ម៉ាក់​នឹង​អនុវត្ដ​ការងារ​បោ​សម្អាត​ចម្ការ​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់បែក​ចង្កោម​ ក្នុងស្រុក​ចំនួន​ពីរ​ នៅ​ខេត្ដកំពង់ធំ​ ដែល​ជា​តំបន់​សម្បូរ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​ជាងគេ​។​

​ប្រធាន​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បន្ដ​ថា​ គម្រោង​ដែល​ផ្ដល់​ការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​នា​ពេល​នេះ​ គឺ​មាន​រយៈពេល​ ១២​ខែ​ ហើយនឹង​ត្រូវ​ចាប់ផ្ដើម​សកម្មភាព​ការងារ​ ពី​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​ ទៅ​លើ​ផ្ទៃ​ប្រមាណ​ ៥​គីឡូម៉ែត្រ​ក្រឡា​។​ លោក​ ហេង​ រតនា​ បន្ថែម​ថា​ ជំនួយ​ដែល​បាន​ផ្ដល់​ឲ្យ​អង្គភាព​ ស៊ី​ម៉ាក់​ គឺ​ពិតជា​ចាំបាច់​ក្នុង​ការ​រំដោះ​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​លោក​ ហេង​ រតនា​ ៖«​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ ហើយ​ជំនួយ​នេះ​នៅ​តែ​ជា​ការ​ចាំបាច់​ក្នុង​ការ​រំដោះ​ផ្ទៃដី​ដែល​មាន​បញ្ហា​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ ដើម្បី​ផ្ដល់​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា​»​។​

​លើស​ពី​នេះ​លោក​ ហេង​ រតនា​ បញ្ជាក់​ថា​ ក្រោយ​ពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​ខិតខំ​រំដោះ​គ្រាប់​មីន​ដែល​មាន​បង្កប់​ក្នុង​ដី​រហូត​មក​ដល់​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់​ និង​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ បាន​ថយ​ចុះ​យ៉ាងច្រើន​។​

​ប្រទេស​កម្ពុជា​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​

​លោក​ ហេង​ រតនា​ អំពា​វា​នាវ​ដល់​ប្រជាពលរដ្ឋ​ នៅ​ពេល​ដែល​បានឃើញ​ ឬ​ជួប​ប្រទះ​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ត្រូវ​រួសរាន់​ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ ឬ​ក៏​កម្លាំង​អាជ្ញាធរ​ ដោះ​មីន​ ដែល​ក្នុងភូមិ​ ស្រុក​។​ ប្រជា​ព​ ល​រដ្ឋ​មួយ​ចំនួន​នៅ​តែ​ព្យាយាម​ឆ្នៃ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដើម្បី​ធ្វើ​ជា​ប្រយោជន៍​ ដែល​ត្រង់​ចំណុច​នេះ​ គឺ​ពិតជា​មាន​គ្រោះ​ណាស់​។​ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​មាន​ករណី​ផ្ទុះ​គ្រាប់បែក​ បាន​កើតឡើង​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួសធ្ងន់​ ស្ថិត​ក្នុង​ឃុំ​អរ​បួន​ ស្រុក​កោះ​ញែក​ ខេត្ដមណ្ឌលគិរី​ ព្រោះតែ​ការ​ឆ្នៃ​គ្រាប់បែក​ដើម្បី​យក​ទៅ​បោក​ត្រី​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​បោសសម្អាត​គ្រាប់​មីន​ ប្រឆាំង​មនុស្ស​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​ ដោយ​សំដៅ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​ និង​សង្គម​ជាតិ​។​

​ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ចំនួន​ ៨៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣៧៤៤៨​គ្រាប់​៕

Share

ព័ត៌មានទាក់ទង