នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ សិង្ហបុរីនិងចិនបានប្រកាសថា ប្រទេសទាំងពីរនឹងបង្កើតកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់រយៈពេល ៣០ថ្ងៃ។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
សំណើលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរនេះ ត្រូវបានប្រកាសផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី The Jatayu Conservation Breeding Centre (JCBC) លើកទី១៩ ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ វេទិកាទ្វេភាគីនេះ ជាវេទិកាប្រចាំឆ្នាំកម្រិតខ្ពស់បំផុតរវាងប្រទេសទាំងពីរ ហើយនេះជាលើកដំបូងហើយដែលកិច្ចប្រជុំ JCBC ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang ។
នៅអំឡុងពេលចាប់ផ្តើមកិច្ចប្រជុំ លោក Ding ឧបនាយករដ្ឋមន្ត្រីចិន បានកត់សម្គាល់ចំនួននិស្សិតចិនដែលកំពុងសិក្សានៅប្រទេសសិង្ហបុរី ដែលមានលើសពី ៤ម៉ឺននាក់។ លោកបន្ថែមថា ចំពោះការធ្វើដំណើរមកប្រទេសចិននិងសិង្ហបុរីដោយគ្មានទិដ្ឋាការនេះ នឹងផ្តល់នូវភាពងាយស្រួលកាន់តែច្រើនឡើងសម្រាប់ប្រទេសទាំងពីរ ។
ចំណែក ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Wong បានលើកឡើងថា ការធ្វើដំណើរកម្សាន្តដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃនេះ នឹងគាំទ្រទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌ទៅវិញទៅមក ដែលនាំប្រជាជនទាំងពីរប្រទេសយល់ពីគ្នាកាន់តែច្រើន។ នេះជាមូលហេតុក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី ដែលលោក Wong បានបញ្ជាក់។
លោក Wong ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Tianjin ប្រទេសចិន បាននិយាយនៅក្នុងកិច្ចប្រជុំទ្វេភាគីកាលពីថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ថា លោកកំពុងទន្ទឹងរង់ចាំការចុះហត្ថលេខាលើអនុស្សរណៈនៃការយល់ស្រប និងកិច្ចព្រមព្រៀងជាង ២០នៅកិច្ចប្រជុំ JCBC ។
យ៉ាងណាមិញ ទាក់ទិននឹងការធ្វើដំណើរដោយគ្មានទិដ្ឋាការនេះ ទាំងការដាក់ចូលជាធរមាន និងរបៀបដែលត្រូវអនុវត្ត មិនទាន់មានព័ត៌មានលម្អិត និងបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែ ការលើកលែងទិដ្ឋាការនេះទៀតសោតបានអនុវត្តជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមរំលឹកថា បច្ចុប្បន្នពលរដ្ឋចិនធ្វើដំណើរទៅសិង្ហបុរី គឺត្រូវការប្រើប្រាស់ទិដ្ឋាការ ចំណែកឯប្រជាជនសិង្ហបុរីដែលកាន់លិខិតឆ្លងដែនធម្មតាអាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការបានរយៈពេល ១៥ថ្ងៃ ប្រសិនបើពួកគេធ្វើដំណើរសម្រាប់អាជីវកម្ម ទស្សនាកម្សាន្ត សួរសុខទុក្ខសាច់ញាតិ ឬមិត្តភក្តិជាដើម។
កាលពីខែកក្កដា ឆ្នាំ២០២៣ ប្រទេសចិនបានបន្តការរៀបចំរចនាបទប្រទេសជាតិឡើងវិញ បន្ទាប់ពីមានការផ្អាកនិងរារាំងដោយសារតែការរីករាតត្បាតនៃជំងឺកូវីដ១៩ជាងបីឆ្នាំមុន។ ការរៀបចំនេះ អាចកើតឡើងបាន គឺដោយសារទំនាក់ទំនងរវាងសិង្ហបុរី-ចិន ដែលឈានដល់ភាពជាដៃគូតម្រង់ទិសនាថ្ងៃអនាគតប្រកបដោយគុណភាពខ្ពស់ បន្ទាប់ពីនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានទៅជួបប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំងក្នុងខែមីនា ឆ្នាំ២០២៣៕