ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យចាប់ខ្លួនមន្ត្រីអសកម្ម ដែលខិលខូចក្នុងការបម្រើសេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋមកផ្តន្ទាទោស ហើយសម្តេច ហ៊ុន សែន មានប្រសាសន៍ថា តាមការស្រាវជ្រាវមន្ត្រីទាំងនោះមាននិន្នាការបម្រើការងារឱ្យបក្សនយោបាយក្រៅពីបក្សកាន់អំណាច។ មន្ត្រីបក្សប្រឆាំង សាទរប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី តែទទូចឱ្យអ្នកបំរើការងាររដ្ឋត្រូវប្រកាន់ជំហរអព្យាក្រឹត្យ។

សម្តេច ហ៊ុន សែន បានលើកឡើងថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជារឿងសំខាន់ ដែលមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវដោះស្រាយជូនប្រជាពលរដ្ឋ។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធីមួយនៅរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ ។
ក្នុងពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅតាមរដ្ឋបាលថ្នាក់មូលដ្ឋានមួយចំនួនមានមន្ត្រីខិលខូច ដែលនាំឱ្យភាពអសកម្មក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយមន្ត្រីទាំងនោះ អាចជាអ្នកដែលមាននិន្នាការបម្រើការងារឱ្យបក្សនយោបាយក្រៅពីបក្សកាន់អំណាច។ ករណីនេះ សម្តេច ហ៊ុន សែន បានថ្លែងណែនាំឱ្យចាប់ខ្លួនមន្ត្រីអសកម្មទាំងនោះមកផ្តន្ទាទោស ចៀសវាងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះមន្ត្រីរាជរដ្ឋាភិបាលដែលល្អៗជាច្រើនរូបផ្សេងទៀត។
«មានបក្សនយោបាយខ្លះ បានប្រើប្រាស់នៅមនុស្សដែលខ្លួនចាត់តាំងបាននៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនៃមន្ត្រីរដ្ឋបាលសាធារណៈ ខ្ញុំសូមស្នើឱ្យមន្ត្រីដែលល្អៗចាប់ខ្លួនអាមនុស្សហ្នឹង ដើម្បីផ្តន្ទាទោសហើយលាងសងភាពស្អាតស្អំសម្រាប់យើងវិញ…»។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកគាំទ្រឱ្យមានការចាប់ខ្លួនមន្ត្រីដែលខិលខូចមកផ្តន្ទាទោស ដោយលោកបញ្ជាក់ផងដែរថា មន្ត្រីរាជការគឺជាមន្ត្រីអព្យាក្រឹតគឺមិនត្រូវគិតពីគណបក្សនយោបាយណាមួយនោះទេ បើពួកគេប្រព្រឹត្តឱ្យមានកំហុសនោះត្រូវតែផ្តន្ទាទោស។

«មន្ត្រីរាជការ គឺជាមន្ត្រីរាជការសាធារណៈតាមក្របខណ្ឌច្បាប់ ជាមន្ត្រីដែលអព្យាក្រឹត្យ មិនមែនកាន់គណបក្សនយោបាយណាមួយនោះទេ ឱ្យតែធ្វើខុស កុំថាទ្បើយគណបក្សកាន់អំណាច គណបក្សប្រឆាំង ... ឱ្យតែអ្នកដែលធ្វើខុស គឺយើងគួរតែមានវិន័យ ដើម្បីតម្រែតម្រង់កែលម្អគាត់អ្នកណាធ្វើខុសអាហ្នឹងយើងដាក់វិន័យ ចំណែកអ្នកណាដែលធ្វើត្រូវយើងលើកទឹកចិត្ត…» ។
តាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ការបំពេញមុខងាររដ្ឋរបស់អ្នករាជការត្រូវដាច់ដោយឡែកពីរឿងនយោបាយ គឺប្រយោជន៍ប្រកាន់ជំហរអព្យាក្រឹត្យ ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះដែរថា នាយករដ្ឋមន្ត្រីមិនអាចលូកដៃចូលទៅក្នុងកិច្ចការមន្ត្រីរាជការនោះទេ ពីព្រោះមន្ត្រីរាជការមានច្បាប់ដាច់ដោយទ្បែកផ្សេងទៀតដែលមានការគ្រប់គ្រងពីថ្នាក់លើរបស់ពួកគេ។ លោក គល់ បញ្ញា បន្តថា ប្រសិនបើនាយករដ្ឋមន្ត្រីលូកដៃចូលកិច្ចការរបស់មន្ត្រីសាធារណៈនោះវានឹងធ្វើឱ្យប៉ះពាល់ទៅដល់មុខខាររបស់មន្ត្រីសាធារណៈដែលកំពុងតែអនុវត្តការងាររបស់មន្ត្រីទាំងនោះ។
សូមជំរាបថា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានរិះគន់ទៅលើមន្ត្រីមួយចំនួនដែលមិនបានយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ដោយត្រូវតែពង្រឹងតួនាទីរបស់ខ្លួនទ្បើងវិញចៀសវាងធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕