ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅតែ ០២ ថ្ងៃទៀតប៉ុណ្ណោះ គ្រូកម្រិតមត្តេយ្យនិងកម្រិតបឋមសិក្សា នឹងត្រូវបានដំឡើងប្រាក់ខែ ២០០ ដុល្លារក្នុងមួយខែ ។ សម្តេចបានបន្តថា នៅឆ្នាំ ២០១៨ ប្រាក់ខែគ្រូកម្រិតមត្តេយ្យនិងកម្រិតបឋមសិក្សា នឹងត្រូវបានដំឡើងយ៉ាងទាបបំផុតប្រមាណ២៥០ ដុល្លារក្នុងមួយខែ។
សូមស្តាប់ប្រសាសន៍របស់ សម្តេច ហ៊ុន សែន ដូចតទៅ៖

«…ប្រាក់ខែទាបបំផុតរបស់គ្រូបង្រៀនថ្នាក់មតេ្តយ្យ និងថ្នាក់បឋមសិក្សាគឺ ២០០ ដុល្លារសហរដ្ឋអាមេរិក ហើយឆ្នាំ ២០១៨ ទាបបំផុតក៏ ២៥០ ដុល្លារដែរ ស្មើជាងមួយលានរៀល។ អញ្ចឹង! នៅតែ ០២ ថ្ងៃទៀត ប្រាក់ខែគ្រូនឹងឡើងជាងមួយលានហើយ អាហ្នឹង!ទាំងប្រាក់តំបន់ ប្រាក់ផ្សេងៗទៀតបូកទាំងអស់ឡើងបានជាងមួយលាន ។ នេះជាការឡើងពិតណា! មិនមែនឡើងខ្យល់ទេ ហើយបើកមុនចូលឆ្នាំ ហើយបូកនឹងថែមប្រាំម៉ឺនរៀលមុនចូលឆ្នាំទៀត ដូច្នេះវាគួរសមហើយ…!»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» និងស្ពានមួយខ្សែប្រវែង ១៨០ ម៉ែត្រ នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ៣០ ខែមីនានេះ៕