ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជានិងប្រទេសចិនក្នុងពេលកន្លងទៅ។ នេះបើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ទៅកាន់លោក Song Tao ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណបក្សកុំម្មុយនីស្ដចិន ដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាព្រឹកថ្ងៃសុក្រនេះ។
បើតាមអ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជារីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជានិងចិន រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុំម្មុយនីស្ដចិន ហើយក្នុងពេលជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលបានគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ តំណាងបក្សកុំម្មុយនីស្ដចិន លោក Song Tao ក៏មានប្រសាសន៍ដែរថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជាមិត្តនឹងគ្នា ជាប្រទេសជិតខាង ជាបងប្អូននឹងគ្នា និងជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយគ្នា។
លោក Song Tao បាន បញ្ជាក់ថា ទស្សនកិច្ចរបស់លោកមកកម្ពុជាលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀតរវាងប្រទេសទាំងពីរ។
ប្រភព៖ ស៊ិនហួរ