នៅទីបំផុតបុរសខ្លាំងម្នាក់ដែលកាន់អំណាច ២២ឆ្នាំ នៅ Gambia សម្រេចជ្រើសរើសយកសមរភូមិតវ៉ាតាមផ្លូវច្បាប់ ដើម្បីអោយខ្លួនបានបន្ដកាន់អំណាច ដែលអ្នកណាក៏ដឹងដែរថា តុលាការរបស់ប្រទេសនេះ ស្ថិតក្រោមអំណាចរបស់ខ្លួន។

ការបោះឆ្នោតប្រធានាធិបតី ធ្វើឡើងកាលពីថ្ងៃទី ២ធ្នូ បានបិទបញ្ចប់ ដោយលទ្ធផលជាផ្លូវការប្រកាសថា មេដឹកនាំបក្សប្រឆាំង Adama Barrow បានជ័យជម្នះ លើគូប្រកួត គេហៅថា ជនផ្ដាច់ការ Yahya Jammeh។ តែជាអកុសល លោក Adama Barrow កំពុងតែប្រឈមមុខនិងការតស៊ូមតិមួយទៀតនៅតុលាការកំពូល តាមពាក្យបណ្ដឹងរបស់លោក Yahya Jammeh ដែលបានប្ដឹងករណីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយគោលបំណងនៃពាក្យបណ្ដឹង គឺ ស្នើទុកលទ្ធផលបោះឆ្នោតជាមោឃៈ។ ករណីនេះ នាំអោយអ្នកសង្កេតការណ៍ដាក់ការព្រួយបារម្ភថា លោក Adama Barrow ទំនងមិនអាចឡើងកាន់អំណាចបានទេ។
តាមរដ្ឋធម្មនុញ្ញប្រទេស Gambia អ្នកឈ្នះឆ្នោតនឹងចូលកាន់តំណែងនៅថ្ងៃទី១៨មករា ឆ្នាំ២០១៧ខាងមុខនេះ។ ប៉ុន្ដែពេលនេះសំណុំរឿងបានឡើងដល់តុលាការកំពូលទៅហើយ ដែលអ្នកសង្កេតការណ៍មើលឃើញថា លោក Yahya Jammeh ប្រើយុទ្ធវិធីនេះ ដើម្បីក្រាញអំណាច ព្រោះតុលាការរបស់ប្រទេសនេះ មិនទាន់មានឯករាជ្យត្រឹមត្រូវនោះទេ។
យ៉ាងណាក៏ដោយ គណៈកម្មាការរៀបចំការបោះឆ្នោតប្រទេសនេះ ក៏ជាដើមបណ្ដឹងផងដែរប្ដឹងលោក Jammeh ទៅតុលាការកំពូលពីបទ បង្កអសន្ដិសុខ និងបំពានអំណាចរដ្ឋ បន្ទាប់ពីបុរសខ្លាំងរូបនេះ បញ្ជាឱ្យកងអង្គរក្សរបស់ខ្លួនចូលទៅឡោមព័ន្ធស្នាក់ការរៀបចំការបោះឆ្នោត ហើយចាប់មន្ដ្រីបោះឆ្នោតធ្វើជាចំណាប់ខ្មាំង ដើម្បី អោយប្រកាសទុកលទ្ធផលបោះឆ្នោតជាមោឃៈ ប៉ុន្ដែលទ្ធភាពនេះត្រូវបានច្រានចោល។
នៅពេលដែលដឹងថា ខ្លួនចាញ់ឆ្នោតជាបណ្ដើរៗ ក្នុងការរាប់សន្លឹកឆ្នោត លោក Jammeh បានបញ្ជាឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផ្អាកការផ្សាយលទ្ធផលបោះឆ្នោត ក្រោមហេតុផល ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ តែយ៉ាងណា មន្ដ្រីគណៈកម្មាការរៀបចំការបោះឆ្នោត មិនស្ដាប់បង្គាប់ឡើយដោយបញ្ចេញលទ្ធផលនេះ តាមប្រព័ន្ធអ៊ីនធឺណែត និងធ្វើសន្និសីទសារព័ត៌មានជំនួសវិញ ដែលទីបំផុតលទ្ធផលផ្លូវការប្រាប់ថា មេដឹកនាំបក្សប្រឆាំង Adama Barrow ជាអ្នកឈ្នះឆ្នោត។ ដោយមិនទទួលយកលទ្ធផលបោះឆ្នោត លោក Jammeh ប្រាប់ថា បើតុលាការកាត់អោយលោកចាញ់ក្ដីលោកសុខចិត្តចុះចេញពីអំណាច។តែទន្ទឹមនឹងនេះ លោកAdama Barrow ក៏បានប្រកាសដែរថា នៅថ្ងៃទី ១៨មករា លោកនឹងស្បថចូលកាន់តំណែង ដោយប្រកាសជាឯកតោភាគីថា លោកគឺជាប្រធានាធិបតី ឈ្នះឆ្នោត តាមឆន្ទៈរបស់ប្រជាជន៕ ប្រភព: The Gaurdian and Chicago Tribune