(ភ្នំពេញ)៖ តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០៧ វិច្ឆិកា នេះ បានសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ដាក់ពន្ធនាគារ ចំនួន ៧ឆ្នាំ ។

លោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ចំនួន ៣ បទល្មើស ក្នុងនោះមាន៖« បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រម ព្រហ្ម ទណ្ឌ»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃុំខ្លួន កាលពីខែសីហាឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់ លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ។
តុលាការបានចាត់ទុកថា ការបន្តបង្ហោះឯកសារក្លែងក្លាយបែបនោះថា គឺជាការប្រព្រឹត្តបទល្មើសជាក់ស្តែង។
ទាក់ទិនករណីរបស់លោក ហុង សុខហួរ នេះដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានធ្វើ ការ បកស្រាយលើបទចោទ ដែលតុលាការកម្ពុជាបានសម្រេចចោទប្រកាន់លោក ហុង សុខហួរ។
លោកសមរង្ស៊ីបានបកស្រាយ ថា លោក ហុង សុខហួរ មិនមានកំហុសអ្វីទាក់ទិននឹងការបង្ហោះឯកសារពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាឆ្នាំ ១៩៧៩ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះទេ។
លោក សម រង្ស៊ី បកស្រាយលើគេហទំព័រហ្វេសប៊ុករបស់លោកថា ឯកសារដែលលោក ហុង សុខហួរបង្ហោះនោះ គឺគ្រាន់តែជាការវាយបញ្ចូលឡើងវិញក្នុងកុំព្យូរទ័រ នូវខ្លឹមសារនៃសន្ធិសញ្ញាដើមឆ្នាំ ១៩៧៩តែប៉ុណ្ណោះ តែការវាយបញ្ចូលឡើងវិញនេះមានលក្ខណៈខុសឆ្គងខ្លះ ដែលអាចបណ្តាលមកពីការបកប្រែ។ ខុសនៅត្រង់ថា លោក ហុង សុខហួរ បានបង្ហោះសន្ធិសញ្ញាព្រំដែនមានជាអាទិ៍ មាត្រាទី ៤ ដែលលើកឡើងពីការ "រំលាយ" ព្រំដែនរវាងប្រទេសទាំងពីរ។ ការប្រើពាក្យមួយម៉ាត់នេះ ក្នុងមាត្រាទី ៤ នេះ បានជម្រុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ ពីបទក្បត់ជាតិ ហើយបញ្ជាឲ្យគេចាប់ខ្លួន និងឃុំខ្លួនលោក ហុង សុខហួរ។ នេះបើយោងតាមហ្វេសប៊ុក លោក សម រង្ស៊ី ដដែល។

លោក សម រង្ស៊ី សរសេរក្នុងសម្តីដើមយ៉ាងដូច្នេះថា៖ «តែឥលូវនេះ មានភស្តុតាងជាក់ស្តែង ដែលបង្ហាញថាឯកសារ ដែលបង្ហោះដោយលោក ហុង សុខហួរ នោះ មិនមែនរៀបចំដោយលោក ហុង សុខហួរ ឡើយ។ តាមការពិត ឯកសារនេះ គឺជាសន្ធិសញ្ញាដែលមានការបកប្រែខុសឆ្គងនោះ ត្រូវបានអ្នកផ្សេងបង្ហោះ ហើយត្រូវបានអ្នកដទៃទៀតអាន និងចែកចាយ តាមប្រព័ន្ធអ៊ីនធើណេត តាំងពីយូរឆ្នាំមកហើយ មុនលោក ហុង សុខហួរ ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំឯកសារ នៅខែសីហា ២០១៥»។
ចុងក្រោយ លោកមេបក្សប្រឆាំងធំជាងគេរបស់កម្ពុជា ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងតុលាការនៅប្រទេសកម្ពុជា គួរតែទៅតវ៉ារករឿងអ្នកដែលរៀបចំគេហទំព័រនោះ នៅសហរដ្ឋអាមេរិក មុននឹងមករករឿងលោក ហុង សុខហួរ នៅប្រទេសកម្ពុជា។
ទាំងលោកហុងសុខ ហួរ និងមេធាវីរបស់លោកបានព្យាយាម សុំឱ្យកូនក្ដីនៅក្រៅឃុំ ប៉ុន្តែ តុលាការមិនអនុញ្ញតឡើយ ។
សវនាការជំនុំជម្រះក្ដី ករណី លោក ហុង សុខហួរ កាលពីថ្ងៃទី២៦ តុលា ដោយតុលាការរាជធានីភ្នំពេញ អ្នកសង្កេតការណ៍ ដែលបានចូលស្ដាប់សវនការ បានរិះគន់ ថាមិនមានត្រឹមត្រូវ ដោយសារតែភស្តុតាងដាក់បន្ទុក មិនមានភាពរឹងមាំ និងការទារមទាររបស់ ចុងចោទ ត្រូវការបំភ្លឺបន្ថែមពីសាក្សី ក៏មិន បានធ្វើឡើយ ។ យ៉ាងណាក៏ដោយករណីរបស់លោក ហុង សុខហួរ ត្រូវបានចាត់ទុកជារឿងនយោបាបាយ៕